(ចិន)៖ មន្ត្រីអាជ្ញាធរចិនបានព្រមានថា ការប្រមូលផលដំណាំនៅរដូវស្លឹកឈើជ្រុះនៅប្រទេសចិនក្នុងពេលខាងមុខកំពុងស្ថិតនៅក្រោម«ការគំរាមកំហែងធ្ងន់ធ្ងរ»បណ្ដាលមកពីសីតុណ្ហភាពឡើងខ្ពស់ និងគ្រោះរាំងស្ងួតគួរឱ្យកត់សម្គាល់ ដោយពួកគេបានជំរុញឱ្យចាត់វិធានការដើម្បីការពារផលដំណាំ ពីការការប្រឈមមុខនឹងរដូវក្តៅដ៏ក្តៅបំផុតមិនធ្លាប់មាននៅប្រទេសនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក គឺប្រទេសចិន បានរងការវាយប្រហារដោយសីតុណ្ហភាពក្ដៅខ្លាំង ទឹកជំនន់ភ្លាមៗ និងគ្រោះរាំងស្ងួតក្នុងរដូវក្តៅនេះ ជាបាតុភូតមួយ ដែលអ្នកវិទ្យាសាស្ត្របានព្រមានថា វាបានកើតឡើងកាន់តែញឹកញាប់ និងខ្លាំងឡើងៗដោយសារតែការប្រែប្រួលអាកាសធាតុ។
ក្រសួងកសិកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់នៅភាគខាងត្បូងប្រទេសចិនត្រូវបានកត់ត្រាពីសីតុណ្ហភាពឡើងខ្ពស់ជាយូរឆ្នាំមកហើយ និងមានការភ្លៀងធ្លាក់រាយប៉ាយដោយកន្លែង ចាប់តាំងពីការកត់ត្រានេះបានចាប់ផ្តើមធ្វើឡើងកាលពីជាង ៦០ ឆ្នាំមុនមកម្ល៉េះ។
នាយកដ្ឋានរបស់រដ្ឋាភិបាលចំនួន ៤ បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃអង្គារដោយជំរុញឱ្យចាត់វិធានការ ដើម្បីការពារដំណាំ និងអំពាវនាវឱ្យ«គ្រប់ស្ថានីយទឹកត្រូវបានប្រើប្រាស់ដោយប្រុងប្រយ័ត្ន» តាមរយៈវិធីសាស្រ្តមួយចំនួនរួមទាំងប្រព័ន្ធទឹកស្រោចដំណាំ និងការបង្កើតពពកសុប្បនិមិត្តក្នុងគោលបំណងបង្កឲ្យមានទឹកភ្លៀងផងដែរ។
ស្របពេលកំដៅកើនខ្លាំង ខេត្តមួយចំនួននៅប្រទេសចិនបានប្រកាសពីការកាត់ផ្តាច់ចរន្តអគ្គិសនី ដើម្បីដោះស្រាយតម្រូវការដែលចេះតែកើនឡើង ដែលមួយផ្នែកដោយសារប្រជាជនដំឡើងម៉ាស៊ីនត្រជាក់ប្រើប្រាស់ច្រើនតាមផ្ទះ ដើម្បីទប់ទល់នឹងសីតុណ្ហភាពឡើងដល់ ៤៥ អង្សាសេ។
ទីក្រុងធំៗគឺទីក្រុងសៀងហៃ និងទីក្រុងឆុងឈីង (Chongqing) បានផ្តាច់ភ្លើងតុបតែងលម្អខាងក្រៅអគារ ខណៈដែលអាជ្ញាធរនៅក្នុងខេត្តស៊ីឈួននៅភាគនិរតីប្រទេសចិនបានកាត់ផ្តាច់ចរន្តអគ្គិសនីក្នុងឧស្សាហកម្ម ខណៈដែលកម្រិតទឹកបានធ្លាក់ចុះនៅតាមរោងចក្រវារីអគ្គិសនីសំខាន់ៗផងដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា មនុស្សជាង ១៥០០ នាក់នៅក្នុងតំបន់ជុំវិញទីក្រុងឆុងឈីងត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពកាលពីថ្ងៃចន្ទបន្ទាប់ពីស្ថានភាពអាកាសធាតុក្តៅហួតហែងបានបង្កឱ្យមានភ្លើងឆេះព្រៃជាច្រើនកន្លែង។
សេវាឧតុនិយមជាតិបានបន្តការព្រមានរបស់ខ្លួនចំពោះគ្រោះរាំងស្ងួត និងសីតុណ្ហភាពឡើងខ្ពស់កាលពីថ្ងៃអង្គារដោយអំពាវនាវឱ្យរដ្ឋាភិបាលនៅខេត្តចំនួន ១១ នៅប្រទេសចិន «ធ្វើសកម្មភាព» ដើម្បីឆ្លើយតបគ្រាអាសន្ននេះ៕