Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាបានរំដោះ ជនបរទេសជិត ៩០០នាក់ ពីការជួញដូរ

Media LNN | Aug 27, 2022
កម្ពុជាបានរំដោះ ជនបរទេសជិត ៩០០នាក់ ពីការជួញដូរ
Clinic narith

ភ្នំពេញ៖ យោងតាមការផ្សាយរបស់ ក្រសួងព័ត៌មានបាឲ្យដឹងថា ដោយគិតពីចន្លោះខែ មករា ដល់សប្តាហ៍ទី ៤នៃសីហានេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានសង្គ្រោះជនរងគ្រោះដោយការជួញដូរបានចំនួន ៨៩០នាក់ នេះបើតាមការថ្លែងក្នុងសេចក្តីអំពាវនាវមួយរបស់ក្រសួងមហាផ្ទៃដែលចេញកាលពីថ្ងៃទី ២៦ ខែសីហាម្សិលម៉ិញនេះ។

សេចក្តីអំពាវនាវនោះបានសម្រេចដោយផ្សព្វផ្សាយដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

នៅក្នុងសេចក្តីអំពាវនាវនោះបានរៀបរាប់ថា ក្នុងរយៈពេលប្រមាណជាងមួយឆ្នាំមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានទទួលសំណើ និងពាកក្យបណ្តឹងពីជនបរទេស និងស្ថានតំណាងប្រទេសប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំស្រាវជ្រាវស្វែងរកពលរដ្ឋ ដោយបានអះអាងថាជាជនរងគ្រោះនៃអំពើជួយញដូរ និងរត់ពន្ធមនុស្ស ដែលជាបទល្មើសដ៏ធ្ងនធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។

បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើសំណើ និងពាក្យបណ្តឹងទាំងនោះ ករណីភាគច្រើនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកឃើញ និងជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងបានលើកលែងការផាកពិន័យផ្សេងៗពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។ ជាក់ស្តែង គិតពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរបានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថាជាជនរងគ្រោះ ចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនូន ១៧ករណី ដោយមានជនសង្ស័យសរុបចំនួន ៦០​នាក់។

ដោយឡែកនាសប្តាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី​ ដោយបានសង្គ្រោះជនរងគ្រោះចំនួន ២៥នាក់ ដោយក្នុងនោះមានជាតិសាសន៍ផ្សេងៗ ៦ សញ្ជាតិ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ មាន ៤ សញ្ជាតិផ្សេងគ្នា ដោយករណីទាំងនោះមានស្ថិតនៅខេត្ត ព្រះសីហនុ, ខេត្តពោធិ៍សាត់,​ខេត្តស្វាយរៀង, និងខេត្តឧត្តរមានជ័យ។

ទន្ទឹមនឹងនេះ ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ បានរកឃើញថា ពលរដ្ឋបរទេសទាំងនោះមួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជាបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ក៏ប៉ុន្តែជាក់ស្តែងជនទាំងនោះ ត្រូវបានចាត់ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋធ្វើការជួញដូរ ឬ ផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬ ពីក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ។

នៅក្នុងសេចក្តីអំពាវនាវនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានបង្ហាញការសោកស្តាយ និងថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ។ ហើយសម្តេចក៏បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការផ្តល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេលកន្លងមកពាក់ព័ន្ធនឹងករណីខាងលើនេះ។ សម្តេចបានបញ្ជាក់ពីការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើ ឆបោក-ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា, បទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងធានាផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោតែងយកចិត្តដាក់លើករណីនេះ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស, ជួញដូរពលកម្ម, និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត “គណៈបញ្ជាការដឹកនាំប្រតិបត្តិការ” ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជាដោយផ្ទាល់នូវប្រតិបត្តិការបង្រ្កា និងជួញសង្គ្រោះជនរងគ្រោះ។

ក្នុងន័យនេះ សម្តេចក៏បានធ្វើការអំពាវនាវដល់សាធារណជនទាំងជាតិ និងអន្តរជាតិ, ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សូមឲ្យបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតដើម្បីបង្ការ, ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា​ប្រកបដោយប្រសិទ្ធភាព ហើយសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងនៅតែបន្តផ្តល់កិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ រួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

សម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ

299859962_434563758703242_1995286941413728246_n

299856279_434563742036577_2570186938933234433_n