Alynana Media Cambodia
Icon Collap
clinic narit

៦ ចំណុច ជាសុជីវធម៌ក្នុងការិយាល័យ

Media LNN | Aug 28, 2022
៦ ចំណុច ជាសុជីវធម៌ក្នុងការិយាល័យ
Clinic narith

ពេលខ្លះពាក្យថាសុជីវធម៌ វាពិបាកពន្យល់ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវណាស់ ហើយរឹតតែពិបាកបើវាពាក់ព័ន្ធនឹងទម្លាប់ ដែលគិតថា “វាមិនអីទេ!” “គេធ្វើអ៊ីចឹង ឬ​ និយាយគ្រប់គ្នាហ្នឹង” តែពេលខ្លះវាអាស្រ័យថា “អ្នកចង់ដូចគេ ឬ ចង់ប្លែកពីគេ?” បើឃើញគេឆ្គង យើងត្រូវឆ្គងដែរ ដើម្បីឲ្យសមនឹងពាក្យថា “ចូលស្ទឹងតាមបត់” ឬក៏ “ចង់ធ្វើខ្លួនជាមនុស្សចេះបត់បែន Flexibility” តែសូមកុំចូលចិត្តកែប្រែអត្ថន័យនៃពាក្យតាមចិត្តដែលចង់  បើទោះជាអ្នកបានដឹងហើយថា “អ្វីគួរ អ្វីមិនគួរ”។ ប៉ុន្តែមនុស្សយើងភាគច្រើនគឺមានទម្លាប់ “កាន់ជើងខ្លួនឯង” ទម្លាប់នេះអាចត្រូវ ឬ​ អាចខុស វាអាស្រ័យថា យើងកាន់ជើងខ្លួនឯងជ្រុលពេករហូតលែងដឹងខុសត្រូវ លែងចង់កែប្រែបើដឹងថាខ្លួនខុសហើយនោះ។

ចង់ក្លាយជាបុគ្គលបែបណា វាអាស្រ័យលើខ្លួនយើងជាកំណត់។ នៅក្នុងកន្លែងធ្វើការក៏ដូចគ្នា តើយើងចង់ក្លាយជាបុគ្គលិកបែបណា? ជាថ្នាក់លើបែបណា? ជាមិត្តរួមការងារបែបណា? ជាថ្នាក់ក្រោមបែបណា? 

"យកខ្លួនឯងជាឧបមា"​

ឧទាហរណ៍៖ បើចង់ដឹងថា ធ្វើបែបម៉េចទើបក្លាយបុគ្គលិកល្អ? សាកឧបមាថា ប្រសិនបើខ្លួនជាថ្នាក់លើខ្លួនចង់បានបុគ្គលិកបែបណា?

អ្នកណាក៏ចង់ល្អដែរ អ្នកណាក៏ចង់ធ្វើជាមនុស្សដែលអ្នកគ្រប់គ្នាចូលចិត្ត តែបើធ្វើការជាមនុស្ស យើងពិបាកចៀសផុតពីបញ្ហាណាស់ តែយើងអាចកាត់បន្ថយបញ្ហាបាន។

តោះ! មកមើលតិចនិកដើម្បីក្លាយជាមនុស្សមានសុជីវធម៌ក្នុងកន្លែងធ្វើការម្នាក់ មើលរួចចាំឆ្លើយនូវសំនួរខាងលើ។ មើលរួចយើងនឹងអាចដឹងថាហេតុអីក៏មានសំនួរ និងឃ្លាជាច្រើនៅខាងលើ។

ជាដំបូងសូមបកស្រាយងាយៗនូវពាក្យថា សុជីវធម៌។ “សុជីវធម៌” បើតាមវចនានុក្រមរបស់សម្តេចសង្ឈជួន ណាត បានន័យថា ការរស់នៅដោយល្អ គឺចំណេះ, សណ្តាប់ធ្នាក់, ការដឹងប្រមាណ គួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។

ខាងក្រោមគឺជាចំណុចឥរិយាបថដែលមានសុជីវធម៌នៅក្នុងការិយាល័យ៖

១. មិនពាក់ព័ន្ធក្នុងការនិយាយដើមគេ

មនុស្សយើងតែងចៀសមិនផុតពីការនិយាយដើមគ្នា យើងអាចឮគ្រប់កន្លែង និងគ្រប់ពេល។ មនុស្សភាគច្រើនចូលចិត្តនិយាយលេងជាមួយមិត្តភក្តិនូវរឿងដែលពួកគេចាប់អារម្មណ៍ នេះជាធម្មជាតិដែលមិនអាចប្រកែកបាន។ ប៉ុន្តែនេះអាចជាទម្លាប់មិនល្អមួយដែលយើងគួរចៀសវាងឲ្យបាននៅក្នុងការិយាល័យ។ អ្នកណាទៅដឹងថា ថ្ងៃណាមួយយើងក៏អាចក្លាយជាប្រធានបទដែលគេនឹងយកមកនិយាយដើមដែរ។ វិធីសាស្រ្តល្អក្នុងស្ថានភាពនេះ គឺធ្វើមិនដឹងមិនឮ។ កុំពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាម បើទោះជាអ្នកត្រូវបានគេទាក់ទាញយ៉ាងណាក៏ដោយ។ បើសិនជាយើងអាចនៅឆ្ងាយពីការនិយាយដើមគ្នា ការចែកចាយពាក្យខ្សឹបខ្សៀវចចាមអារ៉ាមបានយើងនឹងមានអារម្មណ៍ថាខ្លួនយើង ជាអ្នកធ្វើការប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ម្នាក់។

២. យកបញ្ហា ឬ ការងារ ពិភាក្សាជាមួយអ្នកដែលពាក់ព័ន្ធ

យើងនឹងពិបាកក្នុងការដែលអាចស៊ីចង្វាក់នឹងមនុស្សគ្រប់គ្នាណាស់ ហើយក៏មិនមែនគ្រប់គ្នាដែលយើងជួបសុទ្ធតែមានទស្សនៈដូចយើងនោះទេ។ ក្នុងករណីខ្លះ បុគ្គលិកលក្ខណៈរបស់យើងនឹងអ្នកដទៃអាចមិនត្រូវគ្នាខ្លាំង។ ប៉ុន្តែវារឹតតែសំខាន់ដែលត្រូវតែរក្សាភាពជាអ្នកជំនាញនៅកន្លែងការងារ បានន័យថារឿង និងអារម្មណ៍ផ្ទាល់ខ្លួនត្រូវទុកដោយឡែក។ ត្រូវតែគ្រប់គ្រងនូវអារម្មណ៍អវិជ្ជមានឲ្យបាន យើងត្រូវតាំងខ្លួយើងឲ្យខ្ពស់ជាងអារម្មណ៍អវិជ្ជមានទាំងនោះ។ ហើយកុំព្យាយាមសងសឹកចំពោះរឿងណាមួយ។ ប្រសិនបើមានបញ្ហាណាមិនស្រួលគួរផ្តល់ព័ត៌មានជូនអ្នកដែលមានឋានៈខ្ពស់ជាង ដើម្បីឲ្យគាត់បានដឹងជាមុន។ វាមិនមែនជាការរាយការណ៍ចាក់ចុចនោះទេ បើសិនជាងយើងប្រាប់អំពីផលលំបាកដែលយើងជួប ឬ បញ្ហាដែលអាចកើតមានឡើង ឬក៏បញ្ហាការយល់ច្រលំណាមួយ។ គួរចងចាំដែរថា យើងនឹងមិនអាចចូលចិត្ត និងចុះសម្រុងបានគ្រប់មនុស្សនោះទេ។ វាអាស្រ័យលើឧបនិស្ស័យដែរ តែកុំតែយើងបូករឿងផ្ទាល់ខ្លួន ចូលជាមួយរឿងការងារគឺបានហើយ។

៣.ជួយនៅពេលណាដែលអ្នកអាចជួយបាន

ការធ្វើការងារជាក្រុមគឺជារឿងដ៏ល្អមួយបើការងារត្រូវបានបែងចែកច្បាស់លាស់។ កុំប្រមូលការងារមកគរធ្វើតែឯងបើសិនជាយើងមិនអាចធ្វើអស់ទេនោះ ប៉ុន្តែគួរតែផ្តល់ជំនួយបើសិនជាយើងអាចធ្វើបាន។យើងអាចនឹងត្រូវបានគេបដិសេធ ប៉ុន្តែយើងអាចនឹងត្រូវបានគេមើលឃើញ។ ពេលខ្លះយើងអាចចាប់ផ្តើមដោយសារថា “មិនអីទេមែនទេ?” “មានអីឲ្យខ្ញុំជួយទេ?” ឃ្លាទាំងនេះមិនមែនប្រើបានតែក្នុងរឿង ឬ ក្នុងភាសាអង់គ្លេសទេ ប្រើជាភាសាខ្មែរក៏ពិរោះដែរ ហើយមានប្រយោជន៍ទៀតផង។ បើយើងឃើញមិត្តរួមការងារកាន់របស់ធ្ងន់ យើងអាចជួយបានភ្លាម ឬ ក៏ជួយបើកទ្វារ និងទប់ទ្វារឲ្យបើសិនជាដៃរបស់គាត់កំពុងរវល់។ទង្វើរតិចតួច តែធ្វើជាប្រចាំ នឹងក្លាយជាទម្លាប់ល្អ។

៤. ផ្តល់ការយកចិត្តទុកដាក់

នៅពេលដែលមានអ្នកណាម្នាក់ដើរមកជិតតុរបស់យើង ឬក៏ និយាយជាមួយយើង ហើយបើទោះជាយើងមានការងារគរដូចភ្នំក៏ដោយ ក៏យើងគួរតែអាចមើលគេបន្តិច ហើយងក់ក្បាលដើម្បីទទួលដឹងនូវវត្តមានរបស់គេដែរ។ ព្យាយាមផ្តល់ការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ដល់អ្នកដែលមករកយើង បើសិនជាយើងមិនមានពេលផ្តល់ឲ្យគាត់ទេនោះ យើងអាចសុំឲ្យគាត់មកម្តងទៀតនៅពេលដែលយើងទំនេរ។

៥. បង្កើតបរិយាកាសវិជ្ជមាន

គ្រប់គ្នាសុទ្ធតែមានថ្ងៃស៊យ ឬ ថ្ងៃដែលមានអារម្មណ៍មិនល្អ! បើសិនជាយើងសង្កេតឃើញថា អ្នករួមការងាររបស់យើងអារម្មណ៍មិនល្អទេនោះ យើងគួរតែធ្វើខ្លួនយើងឲ្យអារម្មណ៍ល្អ។ អាចប្រាប់គាត់ថា “បើមានអីឲ្យយើងជួយ អាចប្រាប់យើងបាន” ព្រោះពេលដែលយើងស៊យ ឬ​មានអារម្មណ៍មិនល្អ ពួកគេក៏អាចជួយយើងបានវិញដូចគ្នា។ បង្កើតភាពរីករាយ និងស្រស់ស្រាយក្នុងក្រុមការងារ។

៦. ស្វាគមន៍សិស្សប្អូន

ជាទូទៅ អាចនឹងមានអ្នកចំណូលថ្មី ឬ សិស្សប្អូន ក្នុងការិយាល័យ។ បើទោះយើងនឹងមិនធ្វើការជិតស្និទ្ធនឹងគាត់ក៏ដោយ បើសិនជាអាចគួរតែស្វាគមន៍គាត់ឲ្យគាត់មានអារម្មណ៍កក់ក្តៅ ឲ្យគាត់មានអារម្មណ៍ថាគ្នាឯង។ ចាប់ផ្តើមដោយសួរនាំពីគាត់ខ្លះ បបួលគាត់ញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា ឬ ក៏ឆុងកាហ្វេឲ្យដើម្បីស្វាគមន៍ យ៉ាងហោចណាស់ក៏សម្រាប់ពេលពីរបីថ្ងៃដំបូងដែរ។ ស្រម៉ៃមើលទៅ បើយើងចូលទៅកន្លែងថ្មី ហើយមិនសូវមានគេខ្វល់នឹងយើង តើយើងនឹងមានអារម្មណ៍បែបណា? ហើយបើមានអ្នកណាផ្តើមនិយាយជាមួយយើងដោយរាក់ទាក់ និងកក់ក្តៅនោះ យើងអាចនឹងគ្មានថ្ងៃភ្លេចម្នាក់នោះទេ។

ដោយ៖ សូរីយ៉ាភ័ណ្ឌ