Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីបានត្រូវការជំនួយការរដ្ឋបាល? តើនិយោជកចង់បានអ្វី?

Media LNN | Aug 31, 2022
ហេតុអ្វីបានត្រូវការជំនួយការរដ្ឋបាល? តើនិយោជកចង់បានអ្វី?
Clinic narith

ជំនួយការរដ្ឋបាល មិនមែនបានន័យថាតែជំនួយការក្នុងការិយាល័យរដ្ឋបាលនោះទេ។ ជាជំនួយការពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាល ឬ​ រដ្ឋបាលកិច្ច គឺជាការគ្រប់គ្រងការងារទូទៅតាមស្ថាប័ន ឬ និយោជក។ អ្នកត្រូវបានតម្រូវឲ្យជួយសម្រាល ការងារផ្សេងៗរបស់និយោជករបស់អ្នក ទាំងការងារក្នុងការិយាល័យ ក៏ដូចជាការងារផ្សេងៗដែលមិនចាំបាច់ឲ្យថ្នាក់លើរបស់អ្នកធ្វើដោយផ្ទាល់។ បើគាត់មានពេលវេលាគ្រប់គ្រាន់ មានសមាធិគ្រប់គ្រាន់ មិនចាំបាច់ឈឺក្បាលនឹងរឿងផ្សេងៗនោះគាត់អាចប្រើសមត្ថភាពរបស់ក្នុងការដោះស្រាយការងារយ៉ាងមានប្រសិទ្ធភាព។

អ្នកធុរកិច្ចទាំងអស់តែងចង់បានជំនួយការដ៏ល្អឥតខ្ចោះម្នាក់ ហើយជំនួយការទាំងអស់ក៏តែងចង់បានចៅហ្វាយដែលល្អដែរ។ យើងសង្ឃឹមថាទាំងថ្នាក់លើ និងជំនួយការអាចធ្វើការរួមគ្នាជាក្រុមមួយដែលអាចទុកចិត្តគ្នា និងចុះសម្រុងគ្នា នោះការងារទាំងអស់នឹងរលូន។ 

តើនិយោជកចង់បានអ្វី?

 

ប្រសិនបើអ្នកកំពុងចង់ក្លាយខ្លួនជា “ជំនួយការដ៏ល្អម្នាក់” អ្នកត្រូវដឹងថាតើថ្នាក់លើរបស់អ្នកត្រូវការជំនួយការបែបណា?​ នោះអ្នកនឹងអាចរៀបខ្លួនត្រូវ។ ខាងក្រោមនេះជាចំណុចខ្លះដែលបង្ហាញពីលក្ខណៈសម្បត្តិនៃជំនួយការដ៏ល្អម្នាក់៖

  • ភាពទៀងទាត់ពេលវេលា៖ និយោជកតែចង់បានជំនួយការម្នាក់ដែលមានទម្លាប់ទៀងទាត់ពេលវេលាដោយជាប់លាប់ និងតែងតែនៅការិយាល័យ ឬ តែងតែមានវត្តមានក្នុងម៉ោងការងារ។ ជំនួយការម្នាក់ដែលតែងតែមកយឺត ឬ ក៏តែងតែឈឺ នឹងអាចបង្ករជាការខូចខាតដល់ការិយាល័យ ឬ ការងារ។ ថ្នាក់លើអាចយល់ថា ជំនួយការបែបនេះមិនបានចាប់អារម្មណ៍ និងមិនបានឲ្យតម្លៃលើការងារនេះទេ។ មនុស្សបែបនេះនឹងត្រូវបានផ្លាស់ប្តូរតួនាទី ឬ ក៏ត្រូវបានជំនួសដោយអ្នកដែលចេះគោរព និងឲ្យតម្លៃការងារ គឺអ្នកដែលមានភាពទៀងទាត់ និងតែងតែមានវត្តមានពេលត្រូវការ។
  • ភាពទុកចិត្តបាន៖ ថ្នាក់លើតែងតែពិចារណាលើ ចរិត និងបុគ្គលិកលក្ខណៈរបស់និយោជិក ព្រមទាំងវាយតម្លៃថា​បុគ្គលិកម្នាក់នេះអាចទុកចិត្តបានឬអត់?

ឧទាហរណ៍៖ តើបុគ្គលិកម្នាក់នេះនឹងប្រញាប់ទៅផ្ទះនៅពេលម៉ោង៥ត្រឹមតែម្តង​ ដោយមិនខ្វល់ពីបញ្ហាក្នុងការិយាល័យដែរមែនទេ? ឬ តើជំនួយការម្នាក់នេះមានទំនួលខុសត្រូវគ្រប់គ្រាន់ទេ ដោយអាចស្ម័គ្រចិត្តនៅបន្តប៉ុន្មានម៉ោងទៀតដើម្បីបំពេញការងារដែលចាំបាច់?

  • សមត្ថភាពក្នុងការរៀនសូត្រ៖ និយោជកចង់ដឹងពីសមត្ថភាពទទួលការអប់រំបន្ថែមរបស់បុគ្គលិក មិនមែនតែចំពោះការសិក្សាតាមប្រព័ន្ធអប់រំនៅសាលា ឬ​ កម្រិតសញ្ញាបត្រនោះទេ ប៉ុន្តែគឺការសិក្សាវគ្គ ក៏ដូចជាជំនាញផ្សេងៗ និងការហ្វឹកហាត់អភិវឌ្ឍន៍ខ្លួនឯង។ ទាំងនោះរួមបញ្ចូលទាំងសមត្ថភាព និង ឆន្ទៈក្នុងការៀនសូត្រ។ ឧទាហរណ៍ថា៖ បុគ្គលិកម្នាក់នោះអាចរៀនពីប្រព័ន្ធកម្មវិធីកុំព្យូទ័ររបស់ក្រុមហ៊ុនបាន ដោយនេះមិនចាំបាច់ខ្វល់ថាខ្លួនមិនចេះពីមុនមកនោះទេ តែអាចរៀនបានក្នុងរយៈពេលខ្លី។
  • ឆន្ទៈក្នុងការអនុវត្តន៍តាមការណែនាំ៖ ថ្នាក់លើតែងចង់បានបុគ្គលិកម្នាក់ដែលតែងស្តាប់តាមការណែនាំដោយប្រយ័ត្ន និងដោយស្ម័គ្រចិត្ត។ ជាការពិតណាស់ ក្នុងនាមជាជំនួយការរដ្ឋបាលម្នាក់នឹងអាចមានសមត្ថភាពក្នុងការអនុវត្តន៍ការងារ និងបំពេញតួនាទីដោយខ្លួនឯងដើម្បីសន្សំពេលវេលា ក៏ដូចជាធ្វើឲ្យលទ្ធផលការងារកាន់តែប្រសើរឡើង។ ប៉ុន្តែពេលខ្លះសម្រាប់ជំនួយការដែលតែងតែចង់បានការចាត់ចែងការងារដោយខ្លួនឯងតែងមិនចង់ធ្វើតាមការណែនាំ ហើយតែងតែមានសំនួរ និងមតិជំទាស់ នឹងការបញ្ជារបស់ថ្នាក់លើ។ បើទោះជា ថ្នាក់លើពិតជាត្រូវការជំនួយការដ៏ឆ្លាតម្នាក់ ប៉ុន្តែជាទូទៅគាត់មិនចង់មកប្រកែកគ្នាជាមួយនឹងរឿងដែលគាត់បានសម្រេចចិត្តហើយនោះទេ។ ជាក់ស្តែងតាមបទពិសោធន៍ ក្នុងនាមជំនួយការបើសិនជាអ្នកមានការបារម្ភចំពោះការសម្រេចចិត្តណាមួយរបស់ថ្នាក់លើនោះអ្នកអាចស្នើរសុំជូនជាយោបល់បាន ដោយសម្តី និងកាយវិការសមរម្យ ជាពិសេសត្រូវមើលលើកាលៈទេសៈ ឧទាហរណ៍៖ មើលថាការងារនោះបន្ទាន់ទេ? អាចជះឥទ្ធិពលរយៈពេលវែងទេ? តើមានមនុស្សច្រើនដែរឬទេ? មានបុគ្គលិកផ្នែកផ្សេងដែរឬទេ? កត្តានេះគឺចាំបាច់ បើសិនជាយើងបង្ហាញពីការខ្វែងយោបល់គ្នានៅចំពោះមុខមនុស្សច្រើនធ្វើឲ្យ៖
    • គេគិតថាយើងខ្វះការគោរពចំពោះថ្នាក់លើ
    • គេយល់ថាថ្នាក់លើយើងខ្វះសមត្ថភាព
    • គេគិតថាការងារមិនចុះសម្រុងគ្នា
  • ភាពស្មោះត្រង់ និងការរក្សាការណ៍សម្ងាត់៖ បើទោះជាគុណសម្បត្តិនេះពិបាកមើលដឹងនៅពេលសម្ភាសន៍ក៏ដោយ ប៉ុន្តែគ្រប់ថ្នាក់លើទាំងអស់តែចង់បានជំនួយការដែលមានគុណសម្បត្តិនេះ។ អ្វីដែលពិបាកទទួលយកជាងគេនៅក្នុងការិយាល័យគឺការនិយាយខ្សឹបខ្សៀវគ្នាពីអ្វីមួយដែលគេបានឮ។ ពាក្យចចាមអារ៉ាមគឺអាចឆាបឆេះលឿនដូចភ្លើងឆេះព្រៃអ៊ីចឹង។ មិនថាជំនួយការម្នាក់នោះជាមនុស្សដែលមានសមត្ថភាព មានការសិក្សា និងមានបទពិសោធន៍ខ្ពស់ប៉ុណ្ណាក៏ដោយ ក៏អាចធ្វើឲ្យជីវិតការងាររបស់គេមិនយូរអង្វែងដែរ។
  • កត្តាផ្សេងៗ៖ និយោជកជាច្រើនតែងប្រាថ្នាគុណសម្បត្តិផ្សេងៗទៀតពីជំនួយការរបស់ខ្លួនដូចជា៖ ភាពបត់បែន ការប្តេជ្ញាចំពោះការងារ សមត្ថភាពក្នុងការទំនាក់ទំនង និងសុជីវធម៌។ លក្ខណៈសម្បត្តិចុងក្រោយទាំងនេះគឺមានសារៈសំខាន់ក្នុងការកសាងទំនាក់ទំនងល្អជាមួយអតិថិជន និងអ្នករួមការងារដទៃទៀតដែរ។

អត្ថបទដោយ៖ សូរីយ៉ាភ័ណ្ឌ