ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិបានបន្ថែមថាមន្ត្រីប្រចាំការដែលចេះភាសាអង់គ្លេស ចិន និងវៀតណាម ដើម្បីទទួលការរាយការណ៍ពីជនបរទេស ជាពិសេសពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សខុសច្បាប់ ឬជួញដូរមនុស្ស។
លេខប្រចាំបញ្ជារបស់អគ្គស្នងការនគរបាលជាតិមានលេខ ១១៧។
ជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិក៏បានអំពាវនាវឲ្យប្រជាជនទូទាំងប្រទេស និងគ្រប់មជ្ឈដ្ឋានទាំងអស់ សូមចូលរួមសហការលុបបំបាត់អំពើជួញដូរមនុស្ស បង្ខាំងមនុស្សខុសច្បាប់គ្រប់ទម្រង់ ដោយទំនាក់ទំនងមកលេខ Hotline ១១៧ និងផ្តល់ទំនុកចិត្តឲ្យ ១១៧ ។
លេខទូរស័ព្ទ Hotline ១១៧ នេះ គឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗនៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម ។ ប្រជាពលរដ្ឋអាចទូរស័ព្ទចូលលេខ ១១៧ មិនអស់ថ្លៃសេវានោះទេ ទោះបីជាទឹកប្រាក់ក្នុងគណនេយ្យអស់ក៏អាចទូរស័ព្ទចូលបានផងដែរ៕