ភ្នំពេញៈ ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយសមាគមអ្នកជំនួញម៉ាឡេស៊ី Malaysia Retail Chain Association (MRCA) បានបង្កើតខ្សែទស្សនកិច្ច “បេសកកម្មធុរកិច្ចម៉ាឡេស៊ី” លើកទី២ មកកាន់កម្ពុជា។ ទស្សនកិច្ចលើកទី២ បានដឹកនាំក្រុមអ្នកវិនិយោគមកពីក្រុមហ៊ុន ចំនួន ៤៣ ក្រុមហ៊ុន ដោយមានចំនួនមនុស្សសរុប ៦០ នាក់។ “បេសកម្មធុរកិច្ចម៉ាឡេស៊ី” នេះបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យវិនិយោគិនម៉ាឡេស៊ី មកសិក្សាស្វែងយល់បន្ថែមពីស្ថានភាពទីផ្សារ និងមើលឃើញការអភិវឌ្ឍន៍ជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា។
ឯ.ឧ ចឺយ វិចិត្ត ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ក៏បានចូលរួមដោយផ្ទាល់ក្នុងដំណើរទស្សនកិច្ចនេះ ដោយឯ.ឧចូលរួមក្នុងដំណើរទស្សនកិច្ចអមដំណើរជាមួយភ្ញៀវតាំងពីប្រទេសម៉ាឡេស៊ីរហូតមកដល់ព្រះរាជាកម្ពុជាតែម្តង។ លើសពីនេះទៀត ឯ.ឧ បានបំពេញតួនាទីជាម្ចាស់ផ្ទះ និងជាមគ្គុទេសក៍ដ៏ចំណានដោយផ្តល់នូវដំណើរទស្សនកិច្ចដែលប្រកបដោយភាពរីករាយ កក់ក្តៅ សុវត្ថិភាព ដល់ភ្ញៀវគ្រប់រូប។ មិនតែប៉ុណ្ណោះ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃនេះ សមាគមអ្នកជំនួញម៉ាឡេស៊ី ជាមួយនឹង សមាគមសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SME Association of Malaysia) បានសហការរៀបចំកម្មវិធីជាច្រើនដែលផ្តល់ផលផ្លែផ្កាដល់ក្រុមភ្ញៀវទេសចរធុរកិច្ច និងក្រុមហ៊ុនឯកជនដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជាស្រាប់ដើម្បីស្វែងយល់បន្ថែមពីបទពិសោធន៍របស់ក្រុមហ៊ុនឯកជនបរទេសដែលបាននិងកំពុងធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។
តួយ៉ាង នៅរសៀលថ្ងៃទី ០១ ខែកញ្ញា នេះ សមាគមសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SME Association of Malaysia) សហការជាមួយនឹង សមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រចាំកម្ពុជា បានរៀបចំឲ្យមានពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាង Malaysia Retail Chain Association (MRCA) និង Urban Village (អឺរបឺន វិឡិច) ដែលជាក្រុមហ៊ុនគម្រោង លំនៅដ្ឋានខុនដូធំមួយនៅរាជធានីភ្នំពេញ។ អនុស្សារណៈយោគយល់នេះ សំដៅលើកិច្ចព្រមព្រៀងភាពជាដៃគូរសយុទ្ធសាស្ត្រអាជីវកម្ម ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ទ្វេរភាគី ជាការផ្តល់ឱកាសទាក់ទាឲ្យកម្ពុជាអាចទាក់ទាញគម្រោងវិនិយោគបន្ថែម និងផ្តល់ឱកាសអាជីវកម្មដល់វិនិយោគិនម៉ាឡេស៊ីបានមានឱកាសពង្រីកអាជីវកម្មរបស់ខ្លួនមកកាន់កម្ពុជា។
នៅក្នុងពិធីចុះអនុស្សារណៈយោគយល់នោះដែរ លោក បេន លី ស្ថាបនិក អឺរបឺន វិឡិច បានធ្វើការបង្ហាញពីសក្តានុពលដែលកម្ពុជាមាន និងមូលហេតុដែលកម្ពុជាសាកសមជាប្រទេសដែលអ្នកវិនិយោគបរទេសគួរចាប់អារម្មណ៍។ លោកបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានលូតលាស់យ៉ាងឆាបរហ័ស ហើយកម្ពុជាជាប្រទេសដំបូងក្នុងតំបន់ដែលបើកទ្វារទទួលទេសចរ និងវិនិយោគិនបរទេសមុនគេបន្ទាប់ពីការបិទខ្ទប់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នេះដោយសារកម្ពុជាមានគោលនយោបាយយ៉ាងមានប្រសិទ្ធភាព និងច្បាស់លាស់ក្នុងការគ្រប់គ្រងការរីករាលដាលនេះ។
លោក បេន លី បានលើកទៀតថា សម្រាប់លក្ខខណ្ឌនៃការជួលអចលនទ្រព្យនៅកម្ពុជាក៏ជាគុណប្រយោជន៍មួយដែរសម្រាប់វិនិយោគិន ដោយកម្ពុជាទទួលបានចំណាត់ថ្នាក់ដែលមានអត្រាជួលត្រលប់បានច្រើនជាងគេក្នុងអាស៊ី។ លោក បេន លី បានបន្តថា កាន់តែពិសេស និងងាយស្រួលសម្រាប់អ្នកវិនិយោគបរទេសទៀតនោះ គឺគោលនយោបាយរូបិយបណ្ឌ ដោយកម្ពុជាមានគោលនយោបាយ ដុល្លារូបនីយកម្ម ហេតុនេះ វិនិយោគិនអាចកាត់បន្ថយហានិភ័យការខាតបង់លើអត្រារូបិយបណ្ណ, ចរន្តសាច់ប្រាក់ ព្រមទាំងផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ផងដែរ។ លោក បេន លី បានបង្ហាញពីជោគជ័យរបស់គម្រោង អឺរបឺន វីឡិច នៅក្នុងទីក្រុងភ្នំពេញទៅកាន់ភ្ញៀវដែលមានវត្តមានក្នុងពិធី ដែលនេះរឹតតែបានផ្តល់នូវជំនឿចិត្តបន្ថែមដល់ភ្ញៀវទេសចរធុរកិច្ចម៉ាឡេស៊ីដែលចូលរួមក្នុងទស្សនកិច្ចលើកនេះឲ្យមានទស្សនវិស័យវិជ្ជមានលើទីផ្សារកម្ពុជា។ លោក បេន លី បានបញ្ជាក់ថា “នៅក្នុងព្រះរាជាណាចក្រនេះ គឺមានសក្តានុពល និងកាលានុវត្តភាពជាច្រើន សម្រាប់លោកអ្នក” ។
ជាមួយគ្នានេះដែរ លោក បណ្ឌិត Ricky Yaw អនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ីបានផ្តល់បទសម្ភាសន៍ឲ្យ LNN ថា “គាត់រស់នៅប្រទេសកម្ពុជាអស់រយៈពេល ជាង ២ ឆ្នាំកន្លះហើយ គាត់មើលឃើញឱកាសជាច្រើនដែលកម្ពុជា និងម៉ាឡេស៊ីអាចសហការណ៍គ្នាបាន...ហើយប្រជាជនកម្ពុជាគឺជាជនជាតិល្អគួរឲ្យរាប់អាន”។
លោក Dato’s Vincent Choo អនុប្រធាន(MRCA)ដែលជាប្រតិភូដឹកនាំប្រតិភូទេសចរធុរកិច្ចលើកនេះបានបញ្ជាក់ថា “ទស្សនកិច្ចលើកនេះ គឺជាបើកភ្នែកបើកច្រមុះដល់ក្រុមម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្មម៉ាឡេស៊ី ដែលពួកគេតែងមានការបារម្ភចំពោះស្ថានភាពរបស់កម្ពុជា ទាំងស្ថានភាពសន្តិសុខ និងស្ថានភាពទីផ្សារពាណិជ្ជកម្ម ប៉ុន្តែលោកជឿថា បន្ទាប់ពីទស្សនកិច្ចលើកនេះ អ្នកទាំងនោះនឹងផ្លាស់ប្តូរការគិតរបស់ពួកគេយ៉ាងពិតប្រាកដព្រោះពួកគេបានឃើញនូវស្ថានភាពរីកចម្រើនជាក់ស្តែងក្នុងប្រទេសកម្ពុជាដោយផ្ទាល់”។ លោក Vincent Choo បានបន្តថា មិនត្រឹមតែបានធ្វើដំណើរទស្សនា ប៉ុន្តែពួកគាត់បានធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនដែលធ្វើឲ្យពួកគាត់យល់កាន់តែច្បាស់ពីកម្ពុជា និងជាពិសេសពីឱកាសនៅពង្រីកអាជីវកម្មរបស់ពួកគាត់មកកាន់ទីផ្សារកម្ពុជា។ លោក Vincent Choo ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដល់ ឯ.ឧ ចឺយ វិចិត្ត ដែលឯ.ឧបានបំពេញតួនាទីទំនាក់ទំនងការទូតយ៉ាងល្អ ដោយបានបង្កើតឱកាសឲ្យប្រទេសទាំងពីរមានឱកាសសិក្សាពីគ្នា។
ឆ្លើយតបនឹងការថ្លែងអំណរគុណ និងកោតសរសើររបស់ លោក Vincent Choo ឯ.ឧ ចឺយ វិចិត្ត ក៏បានមានប្រសាសន៍ថា “នេះដោយសារការដឹកនាំឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលដែលអាចគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ អាចឲ្យកម្ពុជាបើកទ្វារទទួលទេសចរ និងវិនិយោគិនបានមុនគេក្នុងតំបន់” ឯ.ឧ បានបន្តទៀតថា កម្ពុជាមានគោលនយោបាយពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងគ្រប់ភាគីទាំងអស់ ហើយវិស័យឯកជនដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ ឯកឧត្តមបានបញ្ជាក់ថា ទស្សនកិច្ចលើកនេះក៏ដូចជាសារមួយដល់ប្រជាជនកម្ពុជា ក៏ដូចជាអន្តរជាតិដែរថា “កម្ពុជាគឺសុវត្ថិភាព ព្រមទាំងរីករាយស្វាគមន៍ ទេសចរ និងវិនិយោគិនទាំងអស់”។
ឆ្លៀតក្នុងឱកាសលោក បេន លី ក៏បានបញ្ជាក់បន្ថែមថា “ភ្ញៀវទេសចរដែលកំពុងវត្តមាននៅទីនេះ ពួកគេបានឃើញភាពរីកចម្រើនស្ថេរភាព និងសុខសុវត្ថិភាពនៃព្រះរាជាណាចក្រនេះ។ ខ្ញុំសូមស្វាគមន៍អ្នកគ្រប់គ្នាមកកាន់កម្ពុជា”៕
ដោយ: សូរីយ៉ាភ័ណ្ឌ