ថ្នាក់ដឹកនាំសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា ក្រោយជជែកពិភាក្សាគ្នាអស់រយៈជាច្រើនម៉ោងកម្ពុជានិងវៀតណាមបានឯកភាពគ្នាលើចំណុចចំនួនពីរ ដែលជាកត្តារាំងស្ទះដល់ការដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវទឹករវាងប្រទេសទាំងពីរ។ កត្តាទាំងពីរនេះ គឺពាក់ព័ន្ធនឹងការយកថ្លៃលើកប៉ាល់ដឹកទំនិញចេញចូលកំពង់ផែមួយរបស់វៀតណាម ដែលភាគីកម្ពុជាយល់ថា ចំណុចខ្លះគួរត្រូវបានលើកលែង។
ក្រោយជំនួបនេះ ទាំងសមាគមភស្តុភារកម្មកម្ពុជា និងខាងភាគីវៀតណាម នឹងធ្វើរបាយការណ៍ជុំវិញបញ្ហានេះដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីជជែក និងដោះស្រាយបន្តលើបញ្ហានេះ។ ក្រៅពីពិភាក្សាជាមួយភាគីវៀតណាម ក្រុមអ្នកជំនួយក្នុងវិស័យដឹកជញ្ជូនជិត៥០ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជា ក៏បានជួបជជែកជាមួយគយកម្ពុជា នៅតាមព្រំដែនលើបញ្ហាមួយចំនួនផងដែរ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានបង្ហាញពីសកម្មភាព និងសមិទ្ធផលនានាដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃនៅប្រទេសវៀតណាម ដែលទើបបញ្ចប់កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២២។ ក្រៅពីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយពាណិជ្ជករវៀតណាមនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក គណៈប្រតិភូកម្ពុជាប្រមាណជិត៥០ក្រុមហ៊ុន ក៏បានទៅទស្សនកិច្ច និងជួបពិភាក្សាជាមួយអាជ្ញាធរវៀតណាមនៅកំពង់ផែ Cat Lai ផងដែរ ដោយកិច្ចពិភាក្សានោះ ផ្ដោតលើបញ្ហាចំនួនពីរ រួមមាន ការយកកំរៃបន្ថែមលើកប៉ាល់ដឹកទំនិញចេញចូលកំពង់ផែ និងការត្រួតពិនិត្យទំនិញលើកប៉ាល់ឆ្លងកាត់។
បើតាមការគូសបញ្ជាក់របស់លោក ឧកញ៉ា ស៊ិន ចន្ធី មូលហេតុដែលកម្ពុជាលើកយកបញ្ហានេះទៅពិភាក្សាជាមួយអាជ្ញាធរកំពង់ផែនវៀតណាម គឺដោយសារចំណុចទាំងពីរនេះជាបញ្ហាប្រឈម និងជាកត្តារាំងស្ទះដល់ដំណើរការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ។ ម្យ៉ាងទៀតកម្ពុជាយល់ថា មានចំណុចខ្លះភាគីវៀតណាមមិនគួរត្រូវបានអនុវត្តនោះទេ។ ជាលទ្ធផលក្រោយពិភាក្សាគ្នាអស់រយៈពេលជាច្រើនម៉ោង ភាគីកម្ពុជា និងវៀតណាមបានឯកភាពគ្នាលើចំណុចខ្វះខាតមួយចំនួន ហើយភាគីទាំងពីរក៏គ្រោងធ្វើរបាយការណ៍ជុំវិញបញ្ហានេះដាក់ជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំការអន្តរាគមន៍ដោះស្រាយលើបញ្ហានេះផងដែរ។
ក្រៅពីជួបពិភាក្សាជាមួយក្រុមពាណិជ្ជករក្នុងវិស័យដឹកជញ្ជូនវៀតណាមប្រមាណ៥០ក្រុមហ៊ុន និងអាជ្ញាធរកំពង់ផែវៀតណាម គណៈប្រតិភូកម្ពុជាជិត ៥០ក្រុមហ៊ុន ដែលដឹកនាំដោយលោកឧកញ៉ា ស៊ិន ចន្ធី ក៏បានជួបពិភាក្សាជាមួយគយកម្ពុជានៅព្រំដែនលើបញ្ហាស្មុគស្មាញមួយចំនួន ពិសេសពាក់ព័ន្ធនីតិវិធីនិងឯកសារ។ ការជួបពិភាក្សាជាមួយគយកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកវិធីសាស្ត្រ ក៏ដូចជាដំណោះស្រាយរួមមួយក្នុងន័យធ្វើឲ្យការដឹកជញ្ជូនទំនិញចេញចូលរវាងកម្ពុជានិងវៀតណាមឲ្យកាន់តែមានភាពល្អប្រសើរចំចេញទាំងពេលវេលា និងថវិកា។
បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី មូលហេតុដែលសមាជិកសមាគមភស្តុភារកម្មកម្ពុជាទៅបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់ពីវិស័យដឹកជញ្ចូននៅវៀតណាម គឺដោយសារប្រទេសនេះមានខេត្តចំនួន១០មានព្រំប្រទល់ជាប់កម្ពុជាដែលមានប្រវែងជាង១ពាន់គីឡូម៉ែត្រ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ក៏ដូចជាជាទីផ្សារនាំចេញផលិតផលកសិកម្មដ៏ធំរបស់កម្ពុជាផងដែរ។ បន្ថែមលើនេះប្រទេសកម្ពុជានិងវៀតណាមមានច្រករបៀង និងច្រកអន្តរជាតិរួមគ្នាជិត៤០ច្រក ដែលបម្រើឲ្យការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ៕