ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនសកម្មភាពបន្ថែមទៀតក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន នាព្រឹកថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា នៅក្នុងកិច្ចប្រនេះឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញឲ្យភាគីទាំងអស់ គប្បីយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចការទប់ស្កាត់បទល្មើសឆ្លងដែន ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបញ្ហាជាច្រើនទៀត៕