Alynana Media Cambodia
Icon Collap
clinic narit

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យជំរុញឱ្យវិស័យឯកជនពង្រឹងការផលិតក្នុងស្រុកឱ្យបានច្រើន ចៀសវាងការនាំចូល

Admin Alynana | Sep 05, 2022
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យជំរុញឱ្យវិស័យឯកជនពង្រឹងការផលិតក្នុងស្រុកឱ្យបានច្រើន ចៀសវាងការនាំចូល
Clinic narith

ភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យមានការផលិតក្នុងស្រុកឱ្យបានច្រើន និងកាត់បន្ថយការនាំផលិតផលបរទេស ទើបអាចទប់ស្កាត់នូវផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិ កូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនព្រមទាំងបញ្ហាផ្សេងៗដែលយើងមិនអាចមើលដឹងនាពេលខាងមុខ។

ថ្លែងក្នុងពិធីបើកវេទិកាម្ចាស់អាជីវកម្មកម្ពុជា ស្តីពីការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ច សកលថ្មី នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២ នៅសណ្ឋាគារភ្នំពេញដែលរៀបចំឡើងដោយ ហូមឌូខេសិន លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុនសហគ្រាស និងម្ចាស់ អាជីវកម្មលើ គ្រប់ វិស័យ  ត្រូវតែងាកមក ពង្រឹង ការផលិតដោយខ្លួនឯងវិញ ដូចជា ម្ហូបអាហារវេចខ្ចប់រួចជាដើម ខណៈបច្ចុប្បន្ននេះ កម្ពុជាយើងនាំចូល ស្ទើរតែ ៨០ទៅ៩០ភាគរយទៅហើយ។

លោកបណ្ឌិតបន្តថា ការពង្រឹងការផលិតខ្លួនឯងនេះ មានអត្ថប្រយោជន៍ចំនួន៣ ទី១ រាជរដ្ឋាភិបាលបន្ធូរ បន្ថយ ឬមិនយកពន្ធ ទី២ មានការផ្ដល់ហិរញ្ញប្បទានដែលមានការប្រាក់ថោក និងទី៣ មានការលើកទឹកចិត្ត និងមានការជួយរកទីផ្សារ។

ជាមួយគ្នានេះ លោកបណ្ឌិតបានបញ្ជាក់ថា ដើម្បីពង្រឹងលើការងារផលិតក្នុងស្រុកឱ្យបានច្រើន និងមានតម្លៃ ថោក គឺទាមទារឱ្យម្ចាស់ក្រុមហ៊ុនសហគ្រាស និងអ្នកពាក់ព័ន្ធត្រូវចេះ សហការ ចងក្រង ជាប្រព័ន្ធអេកូស៊ីស្ទឹម ចេះផ្គុំធនធានមនុស្ស និងផ្នែកហិរញ្ញប្បទាន ពោលគឺយើងត្រូវចងក្រងជាបណ្តាញ តាមវិស័យ ព្រោះថា អាជីវកម្ម ឬចង្វាក់ផលិតកម្មមួយ មិនអាចរ៉ាប់រងខ្លួន ឯងស្ទើរតែគ្រប់ មុខ នោះទេ ត្រូវចេះចែកគ្នាវិនិយោគ ទៅតាមផ្នែកនីមួយៗ។

សំឡេង៖ «ដើម្បីរុញអេកូស៊ីស្ទឹមបានគឺសហគមន៍ ស្រុកគេមានច្រើន ដូចជាសហគមន៍ចេក ម្នាស់ សមាគមគោជាដើម ហើយខ្លាំងទៀត ដូច្នេះយើងត្រូវរៀនពីអេកូស៊ីស្ទឹមនេះ ហើយរួមបញ្ចូលជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចរួមគ្នានេះបានដើរទៅមុខលឿន។ បើមិនដូច្នេះទេ គឺមុខរបរដូចគ្នានេះឯងនឹងមកតែប្រកូតតែគ្នាឯងហើយ ចុងក្រោយគឺដួលទាំងពីរនាក់ »។

លោកកឹម អឿន ស្ថាបនិក និងជាអគ្គនាយកសហគ្រាសហូមឌូខេសិនបានមានប្រសាសន៍ថា ដោយមើល ឃើញពីបញ្ហាលំបាក និងប្រឈមក្នុងវិស័យវិនិយោគនេះ ទើបជំរុញឱ្យមានការបើកវេទិកា ម្ចាស់ អាជីវកម្ម កម្ពុជានេះឡើង ក្នុងគោលបំណងទី១ ជូនដំណឹងដល់ម្ចាស់អាជីវកម្មអំពីការអភិវឌ្ឍសេដ្ឋកិច្ចសកល និង ក្នុងស្រុកនាពេលថ្មីៗនេះ។ ទី២ ដើម្បីដាក់ចេញនូវគម្រោងគាំទ្រផ្សេងៗ និងគោល នយោបាយថ្មី ដោយទី ភ្នាក់ងារអន្តរជាតិ និងស្ថាប័នរដ្ឋាភិបាលក្នុងស្រុក។ ទី៣. ដើម្បីជួយម្ចាស់អាជីវកម្មក្នុងការរៀបចំខ្លួន សម្រាប់ បញ្ហាប្រឈមនាពេលខាងមុខ ក៏ដូចជាឱកាសបន្ទាប់ពី COVID-19 និងរលកនៃការធ្លាក់ចុះសេដ្ឋកិច្ច នាពេលខាងមុខ។ ទី៤. ដើម្បីក្លាយជាមូលដ្ឋានសម្រាប់បណ្តាញអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ ។ ទី៥. ដើម្បីជាកន្លែងសម្រាប់ករណីបង្ហាញអាជីវកម្ម និងទី៦ .ផ្ដល់ឱកាសឱ្យវាគ្មិនកិត្តិយស រួមជាមួយម្ចាស់ អាជីវកម្ម មានការជជែកវែកញែកអំពីអាជីវកម្មរបស់ខ្លួនដែលស្របទៅនឹងបរិបទបច្ចុប្បន្ន។

សូមបញ្ជាក់ថា វេទិកាម្ចាស់អាជីវកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ឱកាសដ៏កម្រមាន សម្រាប់បងប្អូនដែលជា ម្ចាស់អាជីវកម្មទាំងអស់ ក្នុងការជួបជុំគ្នាដើម្បីទទួលបាននូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងគោលន យោបាយ អភិវឌ្ឍថ្មីៗ របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់នឹងវិបត្តិនាពេលខាងមុខនេះ។ បន្ថែមពីនេះ បងប្អូនអាចធ្វើការ ទំនងទំនងជាមួយគ្នា ដើម្បីរៀនសូត្រអំពីធនធានសំខាន់ៗ និងចាំបាច់ ក្នុងការដឹក នាំ ការរកស៊ីក្នុងបរិបទថ្មីនេះ និងជាពិសេសម្ចាស់អាជីវកម្មបានជួបជាមួយវាគ្មិនកិត្តិយសល្បីៗជាច្រើនរូបដែលពួកគាត់បានមក ចែក រំលែក បទពិសោធន៍ចំណេះដឹង ជំនាញក្នុងការជំរុញ ឱ្យអាជីវកម្មខ្នាត តូច និងមធ្យមមានដំណើរការ កាន់តែរីកចម្រើនទៅមុខទៀត៕