ចាកាតា៖ ក្រសួងហិរញ្ញវត្ថុ របស់ឥណ្ឌូនេស៊ីព្យាករណ៍ពីអត្រាអតិផរណាដែលអាចឡើងខ្ពស់ខ្លាំងក្នុងខែកញ្ញា និងខែតុលាឆាប់ៗនេះ។ មូលហេតុនៃការស្ទុះឡើងនេះនៃអត្រាអតិផរណានេះ ដោយសារតែការប្រកាសតម្លើងថ្លៃប្រេងដើម្បីបំពេញការខាតបង់របស់រដ្ឋាភិបាល នេះបើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់។ ទោះជាយ៉ាងនេះក្តីលោក ស៊ូហាស៊ីល ណាហ្សារ៉ា អនុរដ្ឋលេខា ក្រសួងហិរញ្ញវត្ថុបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន CNBC ប្រចាំប្រទេសឥណ្ឌូនេស៊ីថា អត្រិផរណាប្រចាំខែនេះ នឹងអាចប្រក្រតីវិញនៅខែវិច្ឆិកាវិញ ហើយការឥណ្ឌូនេស៊ីនៅតែរំពឹងទុកថា ផលទុនសរុបក្នុងស្រុករបស់ខ្លួននៅតែមានការកើនឡើង ចន្លោះ ៥.១ ដល់ ៥.៤ភាគរយ ក្នុងឆ្នាំ ២០២២នេះ។
គួររំលឹកផងដែររថា នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍បានបង្កើនថ្លៃប្រេងឥន្ធនៈដល់ទៅ៣៥ភាគរយ ដើម្បីទប់កុំអោយរដ្ឋជួយចេញខាតច្រើនពេកដែលបានដាក់សម្ពាធលើថវិការដ្ឋ តែចំណាត់ការនេះមុខជាបង្កការលំបាកដល់អ្នកក្រ។ ដោយពណ៌នាការសំរេចចិត្តនេះថាជា«ជំរើសចុងក្រោយ»មួយសំរាប់រដ្ឋាភិបាល។ លោកប្រធានាធិបតីចូកូ វីដូដូ បានកត់សំគាល់ថាការឧបត្ថម្ភរបស់រដ្ឋ៧០ភាគរយលើតំលៃប្រេងឥន្ធនៈកន្លងមកបានធ្វើអោយម្ចាស់យានយន្តឯកជនសប្បាយចិត្ត តែពេលនេះ«រដ្ឋាភិបាលប្តេជ្ញាធានាថាការប្រើប្រាក់ការឧបត្ថម្ភរបស់រដ្ឋនិងមូលនិធិសាធារណៈត្រូវផ្តោតលើគោលដៅអោយល្អ។ការឧបត្ថម្ភត្រូវតែផ្តល់ផលប្រយោជន៍សំរាប់អ្នកក្រច្រើនឡើង។ការឧបត្ថម្ភប្រេងឥន្ធនៈនឹងត្រូវបញ្ជូនចូលក្នុងជំនួយសង្គមវិញ»។ សូមបញ្ជាក់ថា រដ្ឋឥណ្ឌូនេស៊ីបានបង្កើនថវិកាសំរាប់ការជួយចេញខាតលើថ្លៃប្រេងឥន្ធនៈមួយជាបីរហូតដល់៥០២ទ្រីលានរូពៀ(៣៤លានដុល្លារ) ដើម្បីរក្សាថ្លៃប្រេងឥន្ធនៈនិងអគ្គិសនីអោយនៅទាប ចំពេលថ្លៃប្រេងឥន្ធនៈលើពិភពលោកកើនឡើង។
ការសំរេចចិត្តដំឡើងថ្លៃប្រេងរបស់លោកវីដូដូ នេះ នឹងបង្កឲ្យមានភាពចម្រូងចម្រាសក្នុង នយោបាយ។ សូមបញ្ជាក់ផងដែរថា មុនការប្រកាសកាលពីថ្ងៃសៅរ៍ ពួកសហជីពនិងនិស្សិតនៅតំបន់ខ្លះក្នុងប្រទេស បាននាំគ្នាធ្វើការប្រឆាំងតវ៉ានឹងផែនការនេះរួចទៅហើយ។