ភ្នំពេញៈ ការងើបឡើងផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យកម្ពុជាបញ្ចេញប្រាក់ប្រមាណជាង ២១៥ លានដុល្លារ នៅក្នុងរយៈពេល ៧ ខែដើម ឆ្នាំ ២០២២ ទៅលើការនាំ ចូលដែក និងដែកថែប ដែលចំនួននេះកើនជាង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែប ពីក្រៅប្រទេសនៅក្នុងទឹកប្រាក់សរុប ២១៥,២៦ លានដុល្លារ កើន ២០,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ១៧៩,១៨ លានដុល្លារ។ ទឹកប្រាក់ការនាំចូលនេះ គឺស្មើនឹង ១,១ ភាគរយនៃចំនួនទឹកប្រាក់នាំចូលទំនិញសរុបរបស់កម្ពុជា ចំនួន ១៩ ០៥១,៣៣ លានដុល្លារ។ ទោះយ៉ាងណាអគ្គនាយកដ្ឋានគយ មិនបានបង្ហាញពីបរិមាណនៃការនាំចូលដែក និងដែកថែប ឡើយ។
ដោយឡែកក្នុងខែកក្កដា ឆ្នាំ២០២២ ទឹកប្រាក់នាំចូលដែក និងដែកថែប មាន ២៩,៤៩ លានដុល្លារកើន២០,៦ ភាគរយធៀបខែកក្កដា ឆ្នាំ ២០២១ ដែលមាន ២៤,៤៦ លានដុល្លារ។
អ្នកជំនាញបានឲ្យដឹងថា កំណើនការនាំចូលដែក និងដែកថែប ក៏ដូចជាគ្រឿងសំណង់ផ្សេងៗនៅពេលនេះគឺបណ្តាលមកពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺកូវីដ ១៩ នៅកម្ពុជា និងការចាប់ផ្តើមបង្កើនល្បឿនសាងសង់គម្រោងមួយ-ចំនួនដែលផ្អាក ឬកាត់បន្ថយល្បឿនសាងសង់នាពេលកន្លងមក៕