Alynana Media Cambodia
Icon Collap
clinic narit

អាស៊ានព្រួយបារម្ភពីការគម្រាមកំហែង ដល់បេតិកភណ្ឌ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

Admin Alynana | Sep 05, 2022
អាស៊ានព្រួយបារម្ភពីការគម្រាមកំហែង ដល់បេតិកភណ្ឌ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
Clinic narith

ខេត្តសៀមរាប ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២--ខណ:ដែលអាស៊ានសម្ដែងការព្រួយបារម្ភពីការគម្រាមកំហែង នៃការជួញដូរសម្បត្ដិបេតិកភណ្ឌ នៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះសន្នីសិទអន្ដរជាតិ ស្ដីពីការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់អាស៊ាន ដោយសហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋ អាមេរិក ។សន្នីសិទនេះធ្វើឡើងនៅខេត្ដសៀមរាបចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា សន្និសីទនេះផ្ដោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់៖ អាស៊ាន ដែលកំពុងគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែប ក្នុងតំបន់អាស៊ីអាគ្នេយ៍ សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ចំពោះប្រជាជននៅអាស៊ីអាគ្នេយ៍។

សេចក្ដីប្រកាសព័ត៌មានដដែល បានបន្ដថា ក្រុមអ្នកជំនាញចម្រុះ រួមគ្នារៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងបតំបន់សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញនូវរតនសម្បត្តិជាតិសម្រាប់អាស៊ាន។ អាស៊ាន បានដើរតួនាទីជាកាតាលីករដ៏សំខាន់ ដែលជំរុញឱ្យសារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ពិចារណាឡើងវិញនូវការប្រមូល និងការទិញ ឬការទទួលយកវត្ថុបុរាណត្រឡប់មកវិញ។ សេចក្ដីប្រកាសដដែល បានបន្ថែមថា បច្ចុប្បន្ន កម្ពុជាកំពុងធ្វើយុទ្ធនាការសកល ដើម្បីស្វែងរកមកវិញនូវរតនសម្បត្តិជាតិរបស់ខ្លួន។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាតិជាច្រើនត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់ក្នុងទីផ្សារសិល្ប:អន្តរជាតិ ប៉ុន្ដែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស បានផ្ដល់ឱកាសឱ្យកម្ពុជាអាចធ្វើការជាមួយបណ្តាប្រទេសនានា ក្នុងការកាត់បន្ថយអំពើចោរកម្មគួរឱ្យកត់សម្គាល់ ហើយបានប្រគល់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធ៌ម៌របស់កម្ពុជា។

សូមបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ កម្ពុជាទទួលបានមកវិញនូវស្នាដៃឯកចំនួន ៣០ តាមរយ:កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ សហរដ្ឋអាមេរិក ដែលជាជោគជ័យដ៏ធំធេង។ ការទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិកន្លងមកនេះ ជាការបង្ហាញឱ្យឃើញពីភាពជោគជ័យតាមរយ:កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិ វប្បធម៌ជាតិដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។ កម្ពុជានឹងអាចចែករំលែកនូវបទពិសោធន៍ទាំងនេះ សំដៅពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន ក្នុងការប្រឆាំងចំពោះជនទុច្ចរិតលួចប្លន់ និងទីផ្សារសិល្ប:ខុសច្បាប់ សម្រាប់ជាផលប្រយោជន៍សេដ្ឋកិច្ច ក្នុងវិស័យ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌៕