Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាផ្តល់ជំនួយមនុស្សធម៌បន្ទាន់ទៅប្រទេសប៉ាគីស្ថាន

Media LNN | Sep 06, 2022
កម្ពុជាផ្តល់ជំនួយមនុស្សធម៌បន្ទាន់ទៅប្រទេសប៉ាគីស្ថាន
Clinic narith

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញកាលពីថ្ងៃទី ០៥ ខែកញ្ញាឆ្នាំ ២០២២ ដោយអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កម្ពុជាបានចូលរួមបរិច្ចាគវិភាគទានជាទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារអាមេរិកទៅដល់ប្រទេសប៉ាគីស្ថាន ដែលជំនួយនេះ ជាជំនួយមនុស្សធម៌បន្ទាន់ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដែលកំពុងជួបនឹងវិបត្តិគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ វិបត្តិគ្រោះទឹកជំនន់លើកនេះបានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើនបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាង ៣០​លាននាក់ និងបាត់បង់ជីវិតជាង១ពាន់នាក់ ដោយក្នុងនោះចំនួនអ្នកស្លាប់នោះជិត៥០ភាគរយជាកុមារ។

មកទល់ពេលនេះ ទឹកជំនន់នៅតែបន្តគ្រប់គ្រងតំបន់មួយភាគធំនៃប្រទេសប៉ាគីស្ថាន ទឹកជំនន់ដ៏ធំមួយនេះបានអូសបន្លាយពេលជិត៣ខែមកហើយ ដោយគិតចាប់ពីពាក់កណ្តាលខែមិថុនាមក។ រដ្ឋាភិបាលប៉ាគីសបានប្រកាសរកជំនួយមនុស្សធម៌ពីសហគមន៍អន្តរជាតិជាច្រើនសាររួចមកហើយ ហើយជំនួយមនុស្សធម៌ក៏បានផ្តល់ជូនរដ្ឋាភិបាល ជាបន្តបន្ទាប់ដែរ ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះ។ ហេតុនេះ ដើម្បីបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ក៏បានសម្រេចបរិច្ចាគជាទឹកប្រាក់មួយចំនួននេះដើម្បីជួយដល់រដ្ឋាភិបាលប៉ាគីស្ថាន និងក៏ដូចជាជួយដល់ប្រជាជនប៉ាគីស្ថានដែលកំពុងជួបទុក្ខលំបាកនៅគ្រានេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សក្នុងទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិកដូចគ្នាដល់ប៉ាគីស្ថាន ដែលពេលនោះប្រទេសប៉ាគីស្ថានបានជួបនឹងស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ។

303614877_441239434699010_5840402077381857581_n

 ដោយ៖ សូរីយ៉ាភ័ណ្ឌ