Alynana Media Cambodia
Icon Collap
clinic narit

ទីផ្សារផ្លែមៀនកម្ពុជា កំពុងមានសក្តានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន

Admin Alynana | Sep 08, 2022
ទីផ្សារផ្លែមៀនកម្ពុជា កំពុងមានសក្តានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន
Clinic narith

 អ្នកមានចម្ការមៀន គួរតែអាន និងស្វែងយល់អត្ថបទមួយនេះ ព្រោះបើតាមព័ត៌មានដែលចុះក្នុងគេហទំព័ររបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ដំណាំមៀនគឺជាដំណាំកសិ-ឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម។ 

យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន១២,៤៤៧តោន/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ១៣១៤៩៨តោន។

ក្នុងគោលបំណងដើម្បីជំរុញការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ទើបទទួលបានការឯកភាព និងចុះហត្ថលេខាលើពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា មៀនដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការមៀនដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងមែកជាប់នឹងផ្លែមៀនត្រូវមានប្រវែងមិនលើសពី១៥សង់ទីម៉ែត្រ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់សមាសភាពចង្រៃដើម្បីធានាថា ផ្លែមៀនស្រស់ទាំងនោះពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាម អនាម័យដូចមានចែងក្នុងពិធីសារ។

ជាមួយគ្នានោះអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួន៧៤ក្រុមហ៊ុនឬ ម្ចាស់ចម្ការ ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានកសិកម្ម ក៏បាននិងកំពុងបន្តទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀនជាបន្តបន្ទាប់ថែមទៀតផងដែរ។

កន្លងមកនេះ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន ព្រមទាំងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់សមាសភាពចង្រៃ ហើយបានផ្ញើជូន GACC កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បីស្នើសុំធ្វើការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

កាលពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២២ មន្ត្រីជំនាញនៃ GACC ប្រចាំខេត្ត Guangzho បានដំណើរការត្រួតពិនិត្យចម្ការមៀន និងរោងចក្រប្រព្រឹត្តកម្មកម្ចាត់សមាសភាពចង្រៃលើផ្លែមៀនតាមរយៈប្រព័ន្ធវីឌីអូ។

ជាលទ្ធផល បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

រោងចក្រវេចខ្ចប់ទាំង ៨ នោះ រួមមាន៖

១-ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD;

២-ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO., LTD;

៣-ក្រុមហ៊ុន TCMC CO., LTD;

៤-ក្រុមហ៊ុន CAMBODIAN BANANA AGRICULTURAL CO., LTD;

៥-ក្រុមហ៊ុន GAO YUAN (CAMBODIA) DEVELOPMENT CO., LTD;

៦-ក្រុមហ៊ុន AL JAZEELAN FOOD PTE. LTD; ៧-ក្រុមហ៊ុន JIA DUO BAO BEVERAGE CO., LTD

៨-ក្រុមហ៊ុន JINDIYUAN AGRICULTURAL DEVELOPMENT CO., LTD 

សូមបញ្ជាក់ថា ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។