ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃ កំពុងសម្លឹងមើលឱកាសនៃការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងឥណ្ឌា ក្នុងវិស័យចម្រាញ់ប្រេង ប្រេងរំអិល និងផលិតផលគីមីឥន្ធនៈដែលមានគុណតម្លៃខ្ពស់។
ក្រុមហ៊ុន TOP បានរំពឹងថាខ្លួនអាចនឹងមានអនាគត្រចះត្រចង់ក្នុងការពង្រីកអាជីវកម្មទៅកាន់ប្រទេសទាំងនោះ។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា ក្រុមហ៊ុនថៃមួយនេះ មានគ្រឿងបរិក្ខារដូចជាឃ្លាំងនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាម។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TOP បាននិយាយថា អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងចំនួនមនុស្សវ័យក្មេងដ៏ច្រើនក្នុងចំណោមប្រជាជននៃប្រទេសទាំងបីនោះ មានន័យថាប្រទេសទាំងនោះផ្តល់នូវសក្តានុពលល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងតំបន់អាស៊ី។
ក្រុមហ៊ុន TOP កំពុងពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ដើម្បីបំពេញតម្រូវការដែលកំពុងមានការកើនឡើងសម្រាប់ផលិតផលថាមពល និងគីមីឥន្ធនៈ៕