សហគមន៍ជនជាតិដើមភាគ តិចនៅកម្ពុជា បានធ្វើការជួបជុំគ្នា ដើម្បីបង្ហាញក្តីកង្វល់របស់ពួកគេចំពោះការធ្វើវិសោធនកម្មច្បាប់តំបន់ ការពារធម្មជាតិ និងច្បាប់ព្រៃឈើ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងប្រពៃណីទំនៀមទម្លាប់របស់ពួកគេ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា ក្នុងរាជ ធានីភ្នំពេញ នៅរសៀលថ្ងៃទីថ្ងៃទី៨ ខែកញ្ញា តំណាងសហគមន៍ជនជាតិដើមភាគ តិចចំនួន១៦រូប មកពី១៦ អម្បូរជនជាតិ និងតំណាងឱ្យសហគមន៍ជនជាតិដើមភាគ តិច១២ខេត្ត បានធ្វើការបង្ហាញនូវគោលជំហរ និងសេចក្តីព្រួយបារម្ភទៅលើការធ្វើវិសោធកម្មច្បាប់ព្រៃឈើ ២០០២ និងច្បាប់តំបន់ការ ពារធម្មជាតិ២០០៨ តាមរយៈសេចក្តីថ្លែងការណ៍រួម។ តំណាងសហគមន៍ជនជាតិដើមភាគតិចទាំងនេះ ចង់ឱ្យរាជរដ្ឋាភិបាលយកបញ្ហាព្រួយ បារម្ភរបស់ពួកគេ ដាក់បញ្ចូលក្នុងខ្លឹមសារនៃវិសោធនកម្មច្បាប់ទាំងពីរ ដែលរាជរដ្ឋាភិ បាលកំពុងរៀបចំចងក្រងឡើងវិញលើមាត្រាមួយចំនួន ។ លោកស្រី យុន ម៉ាណេ នាយិកាអង្គការជនជាតិដើមភាគតិចកម្ពុជា ថ្លែងថា ការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ ត្រូវតែធានាចំពោះផលប៉ះ ពាល់ដល់ផលប្រយោជន៍សមូហភាពជនជាតិដើមភាគ តិច និងសិទ្ធិប្រពៃណីក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ការការពារ ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រតិបត្តិជំនឿប្រពៃណីប្រកបដោយចីរភាព ។ លោកស្រី សង្ឃឹមថា សំឡេងរបស់ពួកគេ នឹងលឺដល់រាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ខណៈនាពេលកន្លងទៅមានជនជាតិដើមភាគតិចមួយចំនួន ត្រូវរងគ្រោះដោយការរឹបអូសដីធ្លី ក្រោមការរំលោភបំពានក្រោមការឃុបឃិតរវាងអាជ្ញាធរមូលដ្ឋាន និងអ្នកមានទ្រព្យ មានអំណាច។ សូមបញ្ជាក់ថា គណៈកម្មាធិ ការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកមិញនេះដែរ ក៏បានជួបប្រជុំពិភាក្សាជាមួយតំណាងសហគមន៍ជនជាតិដើមភាគតិច អំពីសេចក្តីព្រាង ច្បាប់ស្តីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិផងដែរ។ ក្នុងកិច្ចប្រជុំនេះ ភាគីតំណាងរាជរដ្ឋាភិ បាល បានទទួលយកបញ្ហាកង្វល់ដែលបានលើកឡើងរបស់សហគមន៍ជនជាតិដើមភាគតិច។
ប្រភព៖ ក្រសួងព័ត៌មាន