Alynana Media Cambodia
Icon Collap
clinic narit

អភិបាលខេត្តកែបស្នើក្រុមហ៊ុន ចាប់ផ្តើមអភិវឌ្ឍកោះចំនួន៣ តាមអ្វីដែលខ្លួនបានសន្យា

Admin Alynana | Sep 12, 2022
អភិបាលខេត្តកែបស្នើក្រុមហ៊ុន ចាប់ផ្តើមអភិវឌ្ឍកោះចំនួន៣ តាមអ្វីដែលខ្លួនបានសន្យា
Clinic narith

(កែប)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីពេលថ្មីៗបានអនុម័តឲ្យក្រុមហ៊ុន SAMANEA អភិវឌ្ឍន៍កោះចំនួន៣រួមមានកោះស្វាយ កោះម្ទេស និងកោះកុកដែលមានទីតាំងស្ថិតនៅខេត្តកែប ក្រោមទុនវិនិយោគជាង១៨លានដុល្លារ និងផ្តល់ការងារចំនួន៦០កន្លែង។ អភិបាលខេត្តបានស្នើឲ្យក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ត្រូវអនុវត្តគម្រោងអភិវឌ្ឍន៍តាមអ្វីដែលខ្លួនបានសន្យា។
278270994_1608538812861740_7199062.2e16d0ba.fill-960x540

ទន្ទឹមនឹងនេះ អភិបាលខេត្តកែបស្នើឲ្យអ្នកវិនិយោគមកសិក្សា និងស្វែងរកឱកាសវិនិយោគនៅខេត្តជាប់មាត់សមុទ្រមួយនេះបន្ថែមទៀត ព្រោះនៅមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ជាពិសេសនៅតាមកោះ និងតាមឆ្នេរសមុទ្រ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបស្នើឲ្យក្រុមហ៊ុនទាំងអស់ ដែលទទួលបាន ស.ជ.ណ ពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍គម្រោងនានាត្រូវអនុវត្តការអភិវឌ្ឍន៍របស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងស្របតាមផែនការដែលបានកំណត់រវាងភាគីក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាល។ ការស្នើបែបនេះ ធ្វើឡើងក្នុងគោលបំណងជួយជំរុញការអភិវឌ្ឍន៍ ស្របពេលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តឲ្យក្រុមហ៊ុន SAMANEA អភិវឌ្ឍន៍កោះចំនួន៣រួមកោះស្វាយ កោះម្ទេស និងកោះកុកជាមួយទុនវិនិយោគជាង១៨លានដុល្លារ កាលពីពេលថ្មីៗ។

បើតាមការគូសបញ្ជាក់របស់អភិបាលខេត្តកែប កោះទាំងបីដែលស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែបនេះមានទំហំចន្លោះពីក្រោម១ហិកតាទៅដល់៤ហិកតា។ ឯកឧត្តមបន្ថែមថា ក្រៅពីកោះទាំងបី រាជរដ្ឋាភិបាលក៏កំពុងអនុញ្ញាតឲ្យក្រុមហ៊ុនអភិវឌ្ឍន៍កោះទន្សាយរបស់លោកឧកញ៉ា ទ្រី ភាព សិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍន៍កោះត្បាល់បន្ថែមទៀត។ ជាមួយគ្នានេះឯកឧត្តមសោម ពិសិដ្ឋ បន្តស្នើឲ្យក្រុមហ៊ុនផ្សេងៗមកសិក្សានិងស្វែងរកឱកាសវិនិយោគនៅខេត្តកែបឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះខេត្តនៅជាប់មាត់សមុទ្រមួយនេះនៅមានទីតាំងសក្តានុពលសម្រាប់ការវិនិយោគជាច្រើនទៀត ជាពិសេសធានធានកោះ និងឆ្នេរសមុទ្រតែម្តង។

ឯកឧត្តម សោម ពិសិដ្ឋ បានគូសបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តបាន និងកំពុងរៀបចំផែនការអភិវឌ្ឍន៍ខេត្តកែបឲ្យជាក្លាយជាតំបន់ឧទ្យានជាតិបាទសមុទ្រនិងជំរុញការអភិវឌ្ឍន៍នៅតាមកោះនិងឆ្នេរសមុទ្រនានា។ ជាក់ស្តែង កន្លងមក រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន ទ្រី ភាព គ្រុប អភិវឌ្ឍន៍កោះទន្សាយ បន្តពីក្រុមហ៊ុនចាស់ក្រោយមើលឃើញការអភិវឌ្ឍន៍មានភាពយឺតយ៉ាវ។ គួររំឭកថា គម្រោងអភិវឌ្ឍន៍កោះទន្សាយ ដែលមានទុនវិនិយោគជាង១៤០លានដុល្លារនេះបានបើកការសាងសង់កាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០២១ ដែលគិតមកទល់ពេលនេះមានរយៈពេលជិត១ឆ្នាំហើយ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប កោះទន្សាយមានទំហំជាង១៤០ហិកតា តែការអភិវឌ្ឍន៍ធ្វើឡើងជាដំណាក់កាលៗ និងចោះៗតែប៉ុណ្ណោះ ពោលគឺគម្រោងត្រូវរក្សាធម្មជាតិដូចជាដើមឈើជាដើមចន្លោះពី៦០%ទៅ៧០%។ គម្រោងអភិវឌ្ឍន៍នៅលើកោះទន្សាយរួមមានសណ្ឋាគារលំដាប់ផ្កាយ២, រីសត, អាហារដ្ឋាន, ឆ្នេរខ្សាច់, អគារពាណិជ្ជកម្ម និងអគារផ្សេងៗទៀត។ តាមរយៈគម្រោងនេះវានឹងជួយធ្វើឲ្យខេត្តកែបកាន់តែមានភាពទាក់ទាញមួយកម្រិតទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕