Alynana Media Cambodia
Icon Collap
clinic narit

ធនាគារពិភពលោក កោតសរសើរកម្ពុជា អនុវត្ដគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលបានយ៉ាងជោគជ័យ

Admin Alynana | Sep 12, 2022
ធនាគារពិភពលោក កោតសរសើរកម្ពុជា អនុវត្ដគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលបានយ៉ាងជោគជ័យ
Clinic narith

(ភ្នំពេញ)៖ លោកស្រី Aparnaa Somanathan ប្រធានផ្នែកសុខភាព អាហារូបត្ថម្ភ និងប្រជាជន ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និង ក្រុមការងារធនាគារពិភពលោក បានសម្ដែងការកោតសរសើរកម្ពុជា ក្នុងការអនុវត្ដគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី១ ដែលគម្រោងនេះ សំដៅលើការបង្កើនប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពក្នុងការផ្តល់សេវាជូនប្រជាជនកម្ពុជា។

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP), ការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ (COVID-19 ERP) និងអាហារូបត្ថម្ភនៅកម្ពុជា (CNP) ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកស្រី Aparnaa Somanathan បានថ្លែងការសប្បាយរីករាយ និងសម្តែងនូវការកោតសរសើរ ដល់ក្រុមការងារសុខាភិបាល និងក្រុមការងារបច្ចេកទេសទាំងអស់ ដែលសម្រេចបានយ៉ាងជោគជ័យនៃដំណាក់កាលទី១ អនុវត្ដគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។ ក្នុងនោះគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើមអនុវត្ត នឹងប្រកាសជាផ្លូវការនៅក្នុងតុលា ឆ្នាំ២០២២ខាងមុខនេះ ខណៈគម្រោងនេះកំពុងអនុវត្តបណ្តើរៗហើយ។

ជាការឆ្លើយតប លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ តំណាងឱ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍ ជាពិសេសធនាគារពិភពលោក ក្នុងនាមជាអ្នកសម្របសម្រួលជាមួយដៃគូ ក្នុងការអភិវឌ្ឍគម្រោងឱ្យមានការរីកចម្រើន និងវឌ្ឍភាព និងខិតខំបន្តសហការអនុវត្ដជាមួយគ្នាបន្តទៀត៕