គូឡាឡាំពួៈ ស្តុកប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីនៅដំណាច់ខែសីហាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣៣ ខែ ទិន្នផលបានកើនឡើងក្នុងរដូវកាលដែលអំណោយផលខ្ពស់ដល់ផលិតកម្ម នេះបើយោងតាមទិន្នន័យក្រុមប្រឹក្សាភិបាលប្រេងដូងបានបង្ហាញកាលពីថ្ងៃចន្ទ។
តាមទិន្នន័យពីក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ីបានបង្ហាញថា សារពើភ័ណ្ឌបានកើនឡើង ១៨.១៦ ភាគរយពីខែមុនដល់ ២.០៩ លានតោន ដែលឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩។ ផលិតកម្មប្រេងដូងឆៅ (CPO) បានកើនឡើងក្នុងរយៈពេលបីខែជាប់គ្នា ដោយកើនឡើង ៩.៦៧ ភាគរយពីខែកក្កដាដល់ ១.៧៣ លានតោន។ MPOB បានឲ្យដឹងថា ការនាំចេញបានធ្លាក់ចុះ ១,៩៤ ភាគរយមកនៅត្រឹម ១,៣ លានតោន។ លោក Paramalingam Supramaniam នាយកក្រុមហ៊ុនឈ្មួញជើងសាដែលមានមូលដ្ឋាននៅ Selangor ដែលក្រុមហ៊ុនឈ្មួញកណ្តាលឈ្មោះPelindung Bestari បាននិយាយថា ការនាំចេញទៅក្រៅប្រទេសនឹងនៅតែរឹងមាំលើសពី ១.៣ លានតោនទាំងនៅក្នុងខែកញ្ញា និងខែតុលា ដោយសារការធ្លាក់ចុះនៃតម្លៃដូងនឹងទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងពីប្រទេសឥណ្ឌា។
លោក Joseph Tek នាយកប្រតិបត្តិសមាគមប្រេងដូងម៉ាឡេស៊ី (MPOA) បាននិយាយថា "ក្តីបារម្ភនៅតែមាន ចំពោះទិន្នផលដែលមានលើសពីតម្រូវការសម្រាប់ CPO របស់ម៉ាឡេស៊ី ខណៈពេលដែលប្រទេសជិតខាងដូចជាឥណ្ឌូនេស៊ីបានកែសម្រួលពន្ធ និងបង្កើនបរិមាណនាំចេញដើម្បីជម្រះបញ្ជីសារពើភណ្ឌរបស់ខ្លួនដែរ។ ដែលការនេះគឺកាន់តែដាក់ទម្ងន់លើតម្លៃគោលរបស់ CPOបន្ថែមទៀត ហើយនឹងធ្វើឱ្យមានការប្រកួតប្រជែងដ៏លំបាកមួយ" ។ MPOA បានព្រមានថា ភាពមិនប្រាកដប្រជានៃអាកាសធាតុ និងបាតុភូតអាកាសធាតុ La Nina ដែលហេតុការណ៍អាកាសធាតុនេះទើបកើតឡើងជាដំបូងនៃសតវត្សនេះ នឹងប៉ះពាល់ដល់ផលិតកម្មនៅក្នុងប៉ុន្មានខែខាងមុខ។ លោក Tek បាននិយាយថា La Nina ដែលនឹងនាំមកនូវភ្លៀងដ៏ច្រើននោះ ត្រូវបានព្យាករណ៍ថានឹងមានរយៈពេលរហូតដល់ចុងឆ្នាំនេះ ហើយវានឹងធ្វើឲ្យបង្ខំឲ្យដំណាំចម្ការចេញផ្លែផ្កាយ៉ាងអស់លទ្ធភាព។
លើសពីនេះ ដោយសារកង្វះកម្លាំងពលកម្ម ផលិតកម្មឆ្នាំ២០២២រប្រេងដូងឆៅរបស់ប្រទេសនេះត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ឬ អាចរក្សាបាននូវទិន្នផលប្រហាក់ប្រហែលនឹងឆ្នាំទៅដែលកាលពីឆ្នាំមុនទិន្និផលសរុបទទួលបានប្រមាណ ១៨.៨ លានតោន ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ម៉ាឡេស៊ី គឺជា អ្នកផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីឥណ្ឌូនេស៊ី ហើយប្រទេសថៃគឺឈរនៅលំដាប់ថ្នាក់លេខ៣។
ប្រភព៖ ស៊ីអិនអេ ប្រែសម្រួល៖ សូរីយ៉ាភ័ណ្ឌ