(ថៃ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានអះអាងថា ប្រទេសថៃ សម្រេចបានការនាំចេញអង្ករដល់ទៅជាង ៤លាន៧សែនតោន នៅក្នុងរយៈពេល៧ខែដំបូងនៅឆ្នាំនេះ កើនឡើងដល់ទៅ ៥៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលនៅពេញមួយឆ្នាំ២០២២នេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះរំពឹងថា នឹងសម្រេចបានគោលដៅនាំចេញអង្ករដល់ចំនួន៧លាន៥សែនឯណោះ។
ទន្ទឹមនឹងគោលដៅ ពង្រីកការនាំចេញអង្ករកាន់តែច្រើននេះដែរ ប្រទេសថៃថ្មីៗនេះ ក៏បានចាប់ដៃគ្នាជាមួយវៀតណាម នឹងដំឡើងថ្លៃទីផ្សារអង្ករពិភពលោកផងដែរ នៅចំពេលដែល ប្រទេសឥណ្ឌាថ្មីៗនេះ ក៏បានដាក់ការរឹតត្បិតការនាំចេញអង្កររបស់ខ្លួន ដើម្បីទប់ទល់បញ្ហាអតិផរណាស្បៀងអាហារនៅក្នុងស្រុក។ ប្រការទាំងនេះ ត្រូវបានអ្នកជំនាញមើលឃើញថា វានឹងអាចធ្វើឲ្យតម្លៃអង្ករនៅលើទីផ្សារពិភពលោក ក៏ដូចជាអតិផរណាពិភពលោកនៅឆ្នាំនេះ នឹងហក់ឡើងខ្ពស់មួយកម្រិតទៀតផងដែរ។
លោក អនុឆា អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បាននិយាយថា គណៈកម្មការគ្រប់គ្រងគោលនយោបាយស្រូវអង្ករជាតិរបស់ថៃ បានរាយការណ៍អំពីការកើនឡើងនៃការនាំចេញអង្ករដល់ទៅជាង៤លាន៧សែនតោន នាំឲ្យប្រទេសថៃជាប់ចំណាត់ថ្នាក់ជាអ្នកនាំចេញអង្ករធំបំផុតទី២របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា ដែលបាននាំចេញអង្ករជាង១១លានតោន។
ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់ទី៣ ដែលបាននាំចេញអង្ករជាង៤លាន២សែនតោន និងតាមពីក្រោយដោយប្រទេសប៉ាគីស្ថានមានការនាំចេញជាង២លាន៤សែនតោន និងសហអាមេរិកមានប្រហែល១លាន៥សែនតោន។
ការនាំចេញអង្កររបស់ប្រទេសថៃ បានកើនឡើងពីចំនួនជាង៣លានតោននៅ៧ខែឆ្នាំ២០២១ មកដល់ជាង៤លាន៧សែនតោននៅ៧ខែឆ្នាំ២០២២ ពោលគឺមានកំណើន៥៣%។
តើមានហេតុអ្វីខ្លះនៅពីក្រោយកំណើននៃការនាំចេញអង្ករថៃ?
បើតាមការអះអាងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក អានុឆា បានអះអាងថា ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនផ្សេងទៀត ដែលជំរុញការនាំចេញអង្ករនៅរយៈពេល៧ខែដំបូងនៅឆ្នាំនេះ គឺដោយសារតែប្រាក់បាតរបស់ថៃមានការថយចុះថ្លៃ បានធ្វើឲ្យការនាំចេញមានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន។ បន្ថែមពីនេះ តម្រូវការអង្កររបស់ថៃក៏មានការកើនឡើងនៅក្នុងចំណោមទីផ្សារនៅប្រទេសក្នុងតំបន់អាស៊ីកណ្ដាល និងខាងលិច ពិសេសនៅប្រទេសអ៊ីរ៉ាក់តែម្ដង។
ប្រទេសថៃ បាននាំចេញអង្ករជាង១០ម៉ឺនតោនក្នុងមួយខែ ទៅកាន់ប្រទេសអ៊ីរ៉ាក់ នៅអំឡុងរយៈពេល៧ខែដំបូងនៅឆ្នាំនេះ បានធ្វើឲ្យអ៊ីរ៉ាក់បានក្លាយជាទីផ្សារនាំចូលអង្ករពីប្រទេសថៃធំជាងគេបំផុត។ បន្ទាប់ពីនេះ មានប្រទេសចិន ជប៉ុន និងហ្វីលីពីនជាដើម។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃដដែលនេះ បានគូសបញ្ជាក់ថា បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនត្រឹមតែមិនប៉ះពាល់ដល់ទីផ្សារនាំចេញអង្ករថៃប៉ុណ្ណោះទេ ប៉ុន្ដែ វាថែមទាំងបានជួយបង្កើនតម្រូវការអង្ករថៃផងដែរ ដោយសារតែប្រទេសជាច្រើនបានព្យាយាមជៀសវាងការកើនឡើងនៃតម្លៃខ្ពស់នៃស្រូវសាលី និងពោត ដោយងាកមកទិញអង្ករថៃកាន់តែច្រើនសម្រាប់ឧស្សាហកម្មផលិតចំណីសត្វ។
បន្ថែមពីនេះ បញ្ហារាតត្បាតកូវីដ១៩ហាក់ធូរស្រាលក៏បានជួយឲ្យឧស្សាហកម្មស្រូវអង្ករថៃ មានឱកាសកាន់តែប្រសើរឡើងដែរ។
កាលពីឆ្នាំ២០២១ ប្រទេសថៃសម្រេចបានការនាំចេញអង្ករជាង៦លានតោន កើនឡើងជាង៦% ធៀបនឹងឆ្នាំ២០២០ ហើយឆ្នាំ២០២២រំពឹងការនាំចេញកើនដល់ជាង៧លាន៥សែនតោន៕