Alynana Media Cambodia
Icon Collap
clinic narit

មូលនិធិរូបិយបណ្ណអន្តរជាតិ បញ្ជាក់ពីផែនការពង្រីកបន្ថែម ក្នុងគ្រាអាសន្នដើម្បីសង្គ្រោះការខ្វះខាតស្បៀងអាហារ

Admin Alynana | Sep 14, 2022
មូលនិធិរូបិយបណ្ណអន្តរជាតិ បញ្ជាក់ពីផែនការពង្រីកបន្ថែម ក្នុងគ្រាអាសន្នដើម្បីសង្គ្រោះការខ្វះខាតស្បៀងអាហារ
Clinic narith

វ៉ាស៊ីនតោន៖ មូលនិធិរូបិយបណ្ណអន្តរជាតិ ដែលហៅកាត់ជាភាសាអង់គ្លេសថា IMF (The International Monetary Fund) នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថាខ្លួនបានវិវឌ្ឍទៅមុខមួយជំហានចំពោះការពង្រីកបន្ថែមនូវជំនួយហិរញ្ញវត្ថុសម្រាប់ប្រទេសមួយចំនួនដែលរងគ្រោះដោយសារការឡើងថ្លៃលើតម្លៃស្បៀងអាហារ និងបញ្ហាខ្វះខាតស្បៀងអាហារដែលបានបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន, ក្នុងនោះដែរប្រទេសប្រមាណ ២០ ទៅ ៣០ ប្រទេសត្រូវបានមើលឃើញថាកំពុងត្រូវការជំនួយនេះជាទីបំផុត។

នាយកគ្រប់គ្រងមូលនិធិរូបិយបណ្ណអន្តរជាតិលោកស្រី Kristalina Georgieva បានឲ្យដឹងថា សមាជិកគណៈកម្មាការប្រតិបត្តិមូលនិធិជាច្រើនរូបបានបង្ហាញពីគំនិតវិជ្ជមានចំពោះសំណើរ ជំនួយកង្វះស្បៀងអាហារ “Food Shock Window” នៅក្នុងកិច្ចប្រជុំផ្លូវការមួយនៅពីថ្ងៃច័ន្ទសប្តាហ៍នេះ លោកស្រីក៏បានបង្ហាញក្តីសង្ឃឹមថា សំណើរនេះនឹងឈានដល់ការអនុម័ត។

ការរាយការណ៍បឋមដោយរ៉យទើរកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ក្នុងផែនការនេះនឹងអនុញ្ញាតឲ្យ IMF ផ្តល់នូវជំនួយហិរញ្ញវត្ថុក្នុងគ្រាអាសន្នបន្ថែម និងឥតលក្ខខណ្ឌ ដល់ប្រទេសមួយចំនួនដែលជួបប្រទះនឹងវិបត្តិស្បៀអាហារដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែនដែលបង្កដោយរុស្សី និងវិបត្តិអតិផរណាសកលលោកដែលកើតឡើងបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកស្រី Georgieva បានលើកឡើងថា “វាជាសម្បជញ្ញញាណមួយដែលឲ្យយើងដឹងថា វាជាការចាំបាច់មួយ ហើយយើងត្រូវតែធ្វើសកម្មភាពជាបន្ទាន់”។ លោកស្រីបានបន្តថា អ្វីដែលយើងបានធ្វើការស្នើសុំនោះគឺការបន្ថែមនូវជំនួយហិរញ្ញវត្ថុបន្ទាន់សម្រាប់ពេលមួយឆ្នាំទៅដល់ប្រទេសជាច្រើនដែលពួកគេកំពុងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ជំនួយនេះនឹងអាចជួយជាប្រយោជន៍ដល់ប្រទេសនាំចូលស្បៀងអាហារដែលមានចំនូលទាប ដែលប្រជាជនក្នុងប្រទេសទាំងនេះកំពុងមើលឃើញថា តម្លៃម្ហូបអាហារបច្ចុប្បន្នគឺមានតម្លៃខ្ពស់ខ្លាំង ឬ ក៏ប្រទេសមួយចំនួនទៀតដូចប្រទេសអ៊ុយក្រែន ដែលការនាំចេញនៃប្រទេសនេះត្រូវបានរអាក់រអួលដោយសារសង្គ្រាម។

តាមរយៈការរៀបរាប់របស់លោកស្រី Georgieva បានឲ្យដឹងថា កម្មវិធីជំនួយនេះនឹងអាចអនុវត្តទៅលើបណ្តាប្រទេសដែលមិនទាន់មាន ឬ ទទូលបានជំនួយធំៗពីកម្មវិធីជំនួយរបស់ IMF ដោយការប៉ាន់ស្មានចំនួនប្រទេសទាំងនោះមានប្រមាណ ៥០ ប្រទេសដែលអាចមានសិទ្ធិទទួលយកជំនួយហិរញ្ញវត្ថុសង្គ្រោះបន្ទាន់នេះ ហើយនៅក្នុង៥០ប្រទេសនោះ ប្រហែល ២០ ទៅ ៣០ប្រទេសដែលស្ថិតក្នុងស្ថានការណ៍ដែលមានតម្រូវការចាំបាច់ខ្លាំង។

អ្នកនាំពាក្យរបស់ IMF លោក Gerry Rice បាននិយាយថា មូលនិធិនេះបានឲ្យកម្ចីជាង ២៦៨ ពាន់លានដុល្លារអាមេរិកទៅដល់ ៩៣ ប្រទេសរួចទៅហើយចាប់តាំងពីការផ្ទុះឡើងដំបូងនៃ​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយយើងក៏បាននិងកំពុងរិះរកវិធីផ្សេងៗដើម្បីរៀបចំកញ្ចប់ជំនួយដើម្បីជួយប្រទេសដែលកំពុងរងគ្រោះដោយវិបត្តិស្បៀងអាហារ។

គណៈកម្មាធិការប្រតិបត្តិបានដាក់ផែនការប្រជុំពិភាក្សាបន្តលើករណីនេះដើម្បីធានាឲ្យបានការសម្រេចជាផ្លូវការនូវសំណើកែប្រែកម្មវិធីជំនួយនេះ។

លោក Gerry Rice បានបន្តថា ថវិកាកម្ចីប្រមាណ ២៧ ពាន់លានដុល្លារ បានផ្តល់ឲ្យ ប្រទេសដែលមានចំណូលទាប ចំនួន ៥៧ ប្រទេស និងស្ថាប័ននេះកំពុងបន្តលើកទឹកចិត្តដល់ប្រទេសជាសមាជិកឲ្យមករកខ្លួនឲ្យបានលឿនប្រសិនបើត្រូវការជំនួយគាំទ្រខាងហិរញ្ញវត្ថុ។

ករណីសំណើដែលបានពិភាក្សានៅថ្ងៃច័ន្ទនេះ គឺបានបញ្ជាក់ពីការស្នើសុំបន្ថែមដើម្បីអាចអនុញ្ញាតឲ្យប្រទេសជាសមាជិកអាចស្នើសុំកម្ចីលើសពី៥០ភាគរយដែលជាការកំណត់នៃ​កូតារបស់IMF

លោកស្រី Georgieva បានបន្តដែរថា លោកស្រីសង្ឃឹមថាការអនុម័តនេះនឹងធ្វើឡើងទាន់ពេលប្រជុំប្រចាំឆ្នាំក្នុងខែតុលា។

គួរបញ្ជាក់ដែរថា តម្លៃម្ហូបអាហារកំពុងស្ថិតនៅស្ថានភាពអតិផរណា ស្ថានភាពនេះបានកើតឡើងជុំវិញពិភពលោកទាំងមូលចាប់តាំងពីពេលសង្គ្រាមនៅអ៊ុយក្រែនដែលបានបិទផ្លូវការផ្គត់ផ្គង់ផ្សេងៗ, ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការរឹតបណ្តឹងផ្នែកជំនួញពាណិជ្ជកម្មផ្សេងៗទៀត។ បញ្ហាអតិផរណា នៅតែមានបើទោះ មានកិច្ចព្រមព្រៀងដែលអាចអនុញ្ញាតឲ្យអ៊ុយក្រែនអាចត្រលប់មកធ្វើការនាំចេញគ្រាប់ធុញ្ញជាតិតាមផែផ្សេងៗរបស់ខ្លួន យ៉ាងហោចណាការណ៍នេះអាចឲ្យមានការស្រាកស្រាន្តខ្លះចំពោះលំហូរពាណិជ្ជកម្ម និងអាចឲ្យតម្លៃទំនិញបានចុះទាបបន្តិចក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ប្រភព៖ ស៊ីអិនអេ / ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ