Alynana Media Cambodia
Icon Collap
clinic narit

រយៈពេល ៨ខែដំបូងក្នុងឆ្នាំនេះទំហំពាណិជ្ជកម្ម អន្តរជាតិ-កម្ពុជា នៅតែបន្តសម្រេចបានកំណើន ២ខ្ទង់

Admin Alynana | Sep 14, 2022
រយៈពេល ៨ខែដំបូងក្នុងឆ្នាំនេះទំហំពាណិជ្ជកម្ម អន្តរជាតិ-កម្ពុជា នៅតែបន្តសម្រេចបានកំណើន ២ខ្ទង់
Clinic narith

(កម្ពុជា)៖ នៅរយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង១៥ពាន់លានដុល្លារ កើនឡើងជាង២៦% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជិត ២២ពាន់លានដុល្លារ កើនឡើង១៨% ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
port-217999

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិ នៅរយៈពេល៨ខែនេះ នៅតែរក្សាបាននូវកំណើនខ្ពស់ ដែលបានបង្ហាញឲ្យឃើញពីកំណើនវិជ្ជមាននៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងរំពឹងថាកម្ពុជានៅតែអាចរក្សាបាននូវកំណើននាំចេញជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។

ទំហំពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជា និងអន្តរជាតិនៅតែសម្រេចបានកំណើនពីរខ្ទង់ ពោលគឺកើនជាង២១% នៅរយៈពេល៨ខែឆ្នាំ២០២២នេះ ជាមួយនឹងទំហំទឹកប្រាក់សរុបជាង៣៧ពាន់លានដុល្លារ។ ក្នុងនោះ ប្រទេសចិននៅតែជាប់កំពូលតារាងជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជាង៨ពាន់លានដុល្លារ កើនឡើងជាង១៥%។ រីឯអាមេរិក ដែលឈរនៅពីក្រោយប្រទេសចិននោះមានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជាង៦ពាន់៦រយលានដុល្លារកើនឡើងជាង៣៥% បន្ទាប់ពីនេះ គឺវៀតណាម ប្រទេសថៃ និងសិង្ហបុរី។

10-container_4-1

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនៅរយៈពេល៨ខែនេះ គឺរក្សាបាននូវកំណើនខ្ពស់ ដោយមានការរួមចំណែកពីកំណើននៃការនាំចេញ កសិផល រួមទាំងទំនិញឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ធ្វើដំណើរ គ្រឿងបង្គុំអគ្គីសនី និងកង់ជាដើម ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ ដ្បិតកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយប្រទេសជាដៃគូសំខាន់ៗ។

ទាក់ទងនឹងកំណើននៃទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលចិននៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែពេលបច្ចុប្បន្ន មានការធូស្បើយនៃវិបត្តិកូវីដ១៩ និងតាមរយៈការធ្វើពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងការឈានទៅចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងផងនោះ បានបង្កើនសក្ដានុពលសម្រាប់ក្រុមហ៊ុនរបស់កម្ពុជាអាចនាំចេញទៅកាន់ប្រទេសទាំងនេះកាន់តែប្រសើរឡើង។

cont-fee

សូមបញ្ជាក់ថា នៅ៨ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានជាង ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើង ២១%។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាងជាង១៥ពាន់លានដុល្លារ កើនឡើងជាង២៦% ខណៈការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជិត ២២ពាន់លានដុល្លារ កើនឡើង១៨% ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕