សឹង្ហបុរី៖ តើការងារក្នុងវិស័យណាដែលសឹង្ហបុរីកំពុងព្យាយាមត្រួសត្រាយ និងរៀបចំដើម្បីបំពេញតម្រូវការទីផ្សារការងារនៅប្រទេសសេដ្ឋកិច្ចរីកចម្រើនរបស់អាស៊ានមួយនេះ? បើទោះបីជាប្រទេសដីកោះមួយនេះ មានទំហំផ្ទៃដីតូច មិនសម្បូរធនធានធម្មជាតិ តែទំហំសេដ្ឋកិច្ចរបស់ប្រទេសមួយនេះមិនតូចដូចទំហំដីខ្លួន ហើយក៏ស្តួចស្តើងដូចធនធានធម្មជាតិខ្លួនដែរ តើធនធាន និងយុទ្ធសាស្ត្រអ្វីខ្លះដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះបានឈរនៅលំដាប់ខ្ពស់មួយនៅក្នុងសកលលោកនោះ? តាមការសង្កេតធ្វើឲ្យឃើញថា ការរៀបចំធនធានមនុស្សត្រឹមត្រូវគឺជាគន្លឹះសំខាន់មួយដែលអាចឲ្យប្រទេសសឹង្ហបុរីអភិវឌ្ឍខ្លួនរហូតដល់បច្ចុប្បន្ន។
ការធ្វើកំណែទម្រង់ផែនទីចង្អុលបង្ហាញមួយដែលអាចកែប្រែឧស្សាហកម្មសេវាហិរញ្ញវត្ថុអាចទាមទារបានការងារថ្មី ពី ៣,០០០ ទៅ ៤,០០០ ក្នុងមួយឆ្នាំ រួមជាមួយការលូតលាស់ពីចន្លោះ ៤ ទៅ ៥ ភាគរយជាមធ្យមក្នុងមួយឆ្នាំ។
ផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម (ITM) ជាមួយនឹងគោលដៅ និងយុទ្ធសាស្ត្រថ្មីៗសម្រាប់ឧស្សាហកម្ម ពីឆ្នាំ២០២១ ដល់ ២០២៥ ត្រូវបានប្រកាសដោយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lawrence Wong នៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែកញ្ញានេះ។
ផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មសម្រាប់សេវាកម្មហិរញ្ញវត្ថុត្រូវបានចាប់ផ្តើមបង្ហាញ និងអនុវត្តដំបូងកាលពីឆ្នាំ ២០១៧។ នៅពេលនោះដែរ គោលដៅនៃកំណើនការលូតលាស់នៃសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងវិស័យហិរញ្ញវត្ថុគឺ ៤.៣ភាគរយជាមធ្យម ខណៈដែលវិស័យនោះបានបង្កើតការងារបានប្រមាណ ៣ពាន់កន្លែង។
ផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម (ITM) បានធ្វើឲ្យលទ្ធផលលើសពីការកំណត់ វិស័យហិរញ្ញវត្ថុបានលូតលាស់ជាមធ្យម ៥.៧ ភាគរយក្នុងអំឡុងពេលពីឆ្នាំ ២០១៦ និងឆ្នាំ២០២០ ដោយអាចបង្កើតការងារជាមធ្យម ៤,១០០ កន្លែងក្នុង១ឆ្នាំ។
លោក Wong ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាអនុប្រធានអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយថា ប៉ុន្តែខណៈពេលដែលវិស័យនេះដំណើរការបានល្អ បញ្ហាប្រឈមកាន់តែច្រើនបានកើតមានឡើងនៅក្នុងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ។
ពិភពលោកទើបបានធូរស្រាលពីជំងឺរាតត្បាត COVID-19បានខ្លះ តែឥឡូវនេះកំពុងឈានចូលដល់ដំណាក់កាលនៃការកើនឡើងនៃហានិភ័យម៉ាក្រូសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ វិស័យនេះនឹងត្រូវទប់ទល់នឹងការរអាក់រអួលនៃវិស័យមេ ដូចជាបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ហើយ "ក៏ត្រូវតែបង្កើន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់" ដើម្បីជំរុញការផ្លាស់ប្តូរ ។
លោក Wong បាននិយាយថា “ហើយជុំវិញបញ្ហាទាំងអស់នេះ អាស៊ីនៅតែជាតំបន់ដែលមានសក្តានុពលកំណើនខ្ពស់នៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយយើងគួរតែរួមចំណែកដល់កំណើនមួយនេះ”។
"ដូច្នេះយើងកំពុងធ្វើបច្ចុប្បន្នភាព ITM - រកមើលវិធីដើម្បីចាប់យកឱកាសថ្មីៗខណៈពេលដែលរក្សាភាពធន់នឹងហានិភ័យដែលកំពុងកើតឡើង ហើយយើងនឹងធ្វើបច្ចុប្បន្នភាពផែនការ យុទ្ធសាស្រ្ត និងគោលដៅរបស់យើងសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ"។
ប្រភព៖ ស៊ីអិនអេ / ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ