ជំនឿតគ្នាដោយអត់យល់ការពិត បានធ្វើឲ្យផ្កាដ៏ស្រស់ស្អាត និងងាយស្រួលលូតលាស់នេះ ក្លាយជាផ្កាដែលគួរឲ្យខ្លាចទៅវិញ ដោយផ្កានេះត្រូវបានគេជឿថា ជាផ្កាខ្មោច ផ្កាអពមង្គលទៅវិញ។ ជាផ្កា ជារុក្ខជាតិកើតដោយធម្មជាតិគ្នាមិនមានចេតនា ឬ កើតមកដើម្បីផ្តល់អន្តរាយដល់មនុស្សនោះទេ ហើយមនុស្សអាចធ្វើជាប្រយោជន៍បាន ជាពិសេសប្រទេសដែលកាន់ពុទ្ធសាសនា ដែលពុទ្ធសាសនិកចូលចិត្តក្រងភួងមាល័យដើម្បីធ្វើជាសក្ការៈបូជាព្រះ និងក្នុងពិធីប្រពៃណីផ្សេងៗបាន។ ផ្ការ័ក ឬ ផ្កាស្នេហ៍ ក្នុងភាសាអង់គ្លេសសាមញ្ញអាចហៅថា Crown Flower ឬ ផ្កាម្កុដនេះ បើនៅប្រទេសខ្មែរយើង អាចរកផ្កាទាំងនេះបានដោយស្រួលតាមផ្លូវ និងដីចម្ការសូម្បីតែដីទុកចោលឥតអ្នកដាំក៏មានផ្កានេះដែរ។ បច្ចុប្បន្នសូម្បីតែនៅរាជធានីភ្នំពេញ នៅម្តុំដីទំនេរនៅបឹងកក់ក៏មានច្រើន នៅតំបន់ដីទំនេរនៅជ្រោយចង្វារក៏មានច្រើន នៅតាមដងផ្លូវក៏មាន។ ដោយសារតែបច្ចុប្បន្ន មនុស្សយល់ច្រលំច្រើន មិនសូវមានអ្នកប្រើ និងអ្នកដាំធ្វើឲ្យផ្ការាក់ មិនទាន់មានទីផ្សារនោះទេ ដូចនេះបើចង់សន្សំសំចៃ អាចបេះផ្កានេះជំនួសផ្កាម្លិះក្រងជាភួងមាល័យដើម្បីប្រើក្នុងពិធីផ្សេងៗបាន។
បើយោងទៅតាមវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត និង វចនានុក្រមខ្មែរជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥១១ គ.ស.១៩៦៧ បានសរសេរថា ៖ រាក់ ន. ឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ ស ប្រផេះដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស, មាន ២ប្រភេទគឺ រាក់ស ផ្កាសម្បុរស, រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ, ផ្ការាក់ទាំង២យ៉ាងនេះ មានក្លិនក្រអូបលាយក្រពុលបន្តិចៗ ជនានុជនរាប់អាន ច្រើនដោតក្រងជាភួងមាលា ឬ ប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ(ថ្វាយបង្គំងារ)។
ដូចនេះតាមរយៈការបកស្រាយនៃវចនានុក្រមខ្មែរ យើងឃើញថា ផ្ការាក់ ត្រូវបានគេប្រើធ្វើជាភួង ដែលក្នុងជំនឿខ្មែរថាការថ្វាយភួងមាលាចំពោះព្រះ និងជូនភួងមាលា ជាតំណាងឲ្យការប្រសិទ្ធិពរជ័យ មង្គលសិរីសួស្តី ហើយវាក៏ត្រូវបានគេប្រើក្នុងពេលទទួលឋានន្តរ ដែលជាពិធីមង្គល ជាពិធីកិត្តិយសខ្ពង់ខ្ពស់មួយក្នុងសង្គមខ្មែរ ពុំមែនប្រើសម្រាប់តែតុបតែងមឈូសសព ដូចដែរគេយល់ច្រឡំនោះឡើយ
បើយោងតាមមួយទៀតគឺ ប្រភពអត្ថបទ : ភួងម៉ាល័យ បាយសីខ្មែរ បានឲ្យដឹងថា ផ្ការាក់ ឬ ផ្កាស្នេហ៍ (ចាស់ៗនិយមហៅផ្កាស្នេហ៍ ជាពិសេសក្មេងជំនាន់ហ្លួងស៊ីសុវត្ថិ) ជាប្រភេទផ្កាដែលប្រជាជនខ្មែរយើងជំនាន់មុននិយមប្រើ ក្នុងការតុបតែងគ្រឿងសក្ការៈបូជាមានបាយសីជាដើម ក្រងជាគំរបត្រៃចីវរ ចាក់ជារំយោលជរសំយុងសម្រាប់អ្នករបាំ ក្រងជាភួងមាលា ចាក់ជាគោមរយ៉ា(ក្រោយមកគេនិយមប្រើគោមរយ៉ាកម្រងកែវ) ឬរយ៉ាមាល័យសំរាប់លំអតាមមាត់បង្អួច ទ្វា និង ក្នុងប្រាសាទ និងតុបតែងជាក្បាច់ផ្សេងៗ ព្រោះជំនាន់នោះមិនទាន់មានការលក់និងនិយមប្រើផ្កាម្លិះច្រើនដូចសម័យនេះឡើយ។
ដោយសារផ្ការាក់ងាយស្រួលរក និង មិនបាច់ចំណាយប្រាក់ទិញ ទើបពេលបុណ្យសពដែលជាពេលអាសន្ន ប្រជាជនខ្មែរបានយកផ្ការាក់មកតុបតែងលើមឈូសសព ហេតុនេះទើបអ្នកដែលមកចូលរួម ពិសេសក្មេងៗគិតថាផ្កានេះជាផ្កាខ្មោចសម្រាប់តែងក្នុងបុណ្យសព ធ្វើឲ្យមានការយល់ខុសលើផ្ការាក់ដូចផ្កាចន្ធូដែរ រួមជាមួយការបន្លាចពីមនុស្សចាស់ ដោយគាត់មិនចង់ឲ្យក្មេងដើរលេងពេលយប់ ព្រោះបារម្ភពីសុវត្ថិភាព ហើយដោយសារផ្ការាក់មានដុះច្រើនតាមកន្លែងដែលក្មេងចូលចិត្តលេង ទើបពួកគាត់យកដើមផ្កានេះជាហេតុបន្លាចក្មេងតែម្តង លុះក្មេងធំឡើងក៏ចេះតែនិយាយតគ្នាថា ផ្កាខ្មោចៗ៕
សម្រួលអត្ថបទដោយ៖ សូរីយ៉ាភ័ណ្ឌ