តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា បានព្រមានពីព្យុះទីហ្វុង "គ្រោះថ្នាក់ខ្លាំង" ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Kyushu ភាគខាងត្បូងរបស់ប្រទេស ដោយជំរុញឲ្យប្រជាជនជម្លៀសខ្លួន មុនពេលខ្យល់បក់បោកខ្លាំងមកលើតំបន់នោះ។
ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ព្យុះទីហ្វុង Nanmadol បានបក់បោកក្នុងរយៈចម្ងាយរហូតដល់ ២៧០ គីឡូម៉ែត្រនៅព្រឹកថ្ងៃសៅរ៍ នៅជិតកោះដាច់ស្រយាល Minami Daito មានចម្ងាយ ៤០០ គីឡូម៉ែត្រភាគខាងកើតកោះ Okinawa ។
ព្យុះមួយនេះត្រូវបានគេរំពឹងថានឹងខិតមកជិត ឬ បោកបក់នៅថ្ងៃអាទិត្យស្អែកនេះនៅក្នុងខេត្ត Kagoshima ភាគខាងត្បូងនៃទីក្រុង Kyushu បន្ទាប់មកផ្លាស់ទីទៅភាគខាងជើងនៅថ្ងៃបន្ទាប់ មុនពេលឆ្ពោះទៅកាន់កោះសំខាន់ៗផ្សេងទៀតរបស់ប្រទេសជប៉ុន។
លោក Ryuta Kurora ប្រធានអង្គភាពព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រាប់អ្នកយកព័ត៌មានថា "មានហានិភ័យនៃព្យុះដែលមិនធ្លាប់មានពីមុនមកដោយនឹងមានបាតុភូត៖ រលកខ្ពស់, រលកព្យុះ, និងភ្លៀងធ្លាក់ខ្លាំង" ។
លោកបានថ្លែងថា៖ «តម្រូវឲ្យមានការប្រុងប្រយ័ត្នជាអតិបរមា» ដោយជំរុញឲ្យអ្នកស្រុកជម្លៀសចេញឲ្យបានឆាប់ ព្រោះ «វាជាព្យុះទីហ្វុងដ៏គ្រោះថ្នាក់»។
Kurora បាននិយាយថាទីភ្នាក់ងារអាកាសធាតុទំនងជានឹងចេញការជូនដំណឹងសម្រាប់ កោះ Kagoshima នៅពេលល្ងាចនេះ។
លោកបានថ្លែងថា៖ «ខ្យល់នឹងមានឥទ្ធិពលខ្លាំងរហូតដល់ផ្ទះមួយចំនួនអាចដួលរលំ»។
បច្ចុប្បន្ននេះប្រទេសជប៉ុនកំពុងស្ថិតក្នុងរដូវព្យុះទីហ្វុង ហើយត្រូវបានវាយប្រហារដោយព្យុះបែបនេះប្រហែល ២០ ក្នុងមួយឆ្នាំ ដែលតែងតែមានភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានការបាក់ដី ឬទឹកជំនន់ភ្លាមៗ។
អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពធ្ងន់ធ្ងរនៃព្យុះ និងបណ្តាលឲ្យមានស្ថានភាពអាកាសធាតុធ្ងន់ធ្ងរដូចជា រលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ភ្លាមៗ កាន់តែញឹកញាប់ និងខ្លាំង។
កាលពីដើមខែនេះ ប្រទេសជប៉ុនបានរងការវាយប្រហារដោយព្យុះទីហ្វុង Hinnamnor ម្តងរួចហើយ ដោយពេលនោះជើងហោះហើរជាច្រើនត្រូវបានលុបចោល។ រោងចក្រមួយចំនួនបានផ្អាកដំណើរការផងដែរ៕
ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ