Alynana Media Cambodia
Icon Collap
clinic narit

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនឹងអគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ

Admin Alynana | Sep 20, 2022
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនឹងអគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ
Clinic narith

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ (Chalermphon Srisawasdi) អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកករយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើមឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវ​ការស្វាគមន៍​ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក​ នៃកងយោធពលខេមរភូមិន្ទ មកកាន់ព្រះរាជាណាចក្រ​ថៃ ជាលើកទី២ ពិតជាបាន​ឆ្លុះបញ្ចាំង​អំពីកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធ​រវាងកងទ័ពជើងគោក​នៃប្រទេសទាំងពីរ ព្រមជាមួយនឹងការអរគុណចំពោះស្មារតីនៃការបន្តថែរក្សា និងលើកកម្ពស់​ការ​ផ្សារភ្ជាប់ទំនាក់ទំនងដ៏មានសារៈសំខាន់នេះ។

ជាការឆ្លើយតបឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ​កិច្ចស្វាគមន៍​ដ៏កក់ក្តៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជូនចំពោះ ឯកឧត្តម អគ្គមេបញ្ជាការ ព្រមទាំង​យោធិននៃកងភូមិន្ទថៃ​ ប្រកបដោយ​មនោសញ្ចេតនា​ស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ។

ក្នុងជំនួបនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា​ ក៏បានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សា​ការងារទ្វេភាគី​ជាមួយ​សមភាគីមិត្តថៃ ជាពិសេសអំពីសមិទ្ធផលជាក់ស្តែងជាច្រើននៃការអនុវត្ត “លក្ខខណ្ឌស្តីពីកិច្ច​សហប្រតិបត្តិការ-ToR” រវាងកងទ័ពជើងគោកទាំងពីរ ​និងបានស្នើសុំការគាំទ្ររបស់ ឯកឧត្តម នាយឧត្តម​សេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ លើទិសដៅសហប្រតិបត្តិការ​សម្រាប់ពេល​ខាងមុខ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាង​បណ្តា​កងឯកភាព​ជួរមុខឱ្យបានស្អិតរមួត​បន្ថែមទៀតលើការងារទប់ស្កាត់ ​និងបង្ក្រាបបទល្មើសឆ្លងដែននានា ក៏ដូចជាការសហការជួយគ្នា​ទៅវិញ​ទៅមកលើការងារសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវការគាំទ្រចំពោះ​ទិសដៅ​សហប្រតិបត្តិការបន្តរវាងកងទ័ពជើង​គោកទាំងពីរ និងបានបញ្ជាក់ផងដែរអំពី​ការគាំទ្រ​ចំពោះការ​បំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា​ រួមទាំងដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានទៅកាន់​ប្រទេសមីយ៉ាន់ម៉ា​ក្នុងពេល​កន្លងមក​ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ក៏ដូចជាការអបអរសាទរចំពោះជោគជ័យ​នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន​ លើកទី១៩ (ACDFM-19) ​កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ​ដែលអាចដំណើរការក្នុងទម្រង់ជួបប្រជុំផ្ទាល់ ដោយយោងទៅលើស្ថានភាពល្អប្រសើរ​នៃជំងឺកូវីដ-១៩ ​នៅកម្ពុជា ក្រោមការដឹកនាំគ្រប់គ្រងប្រកបដោយភាពម៉ឺងម៉ាត់ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន៕