ដើម្បីសម្រេចគោលដៅក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍ប៉ុន្មានឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលបានបង្កើតគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវថ្នល់ ផ្លូវដែក ស្ពាន អាកាសយានដ្ឋាន និងកំពងផែជាដើម ទាក់ទាញអ្នកវិនិយោគ ឲ្យចូលមកមករកស៊ីនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន។
យ៉ាងណាថ្មីៗនេះមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហើបពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗដែល ដែលមានដូចជា គម្រោងរថភ្លើងក្រោមដី គម្រោងផ្លូវទឹក និងផ្លូវល្បឿនលឿនបន្ថែមទៀតផងដែរ។ ហើយនៅពេលគម្រោងទាំងនេះលេចចេញជារូបរាង នឹងអាចជួយកែប្រែមុខមាត់កម្ពុជាឲ្យទំនើបជាងមុន ពិសេសលើវិស័យដឹកជញ្ជូន។
តាមការចុះផ្សារដោយក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ ក្នុងបទសម្ភាសន៍ ស្ដីពីការត្រៀមដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្ដម ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងសិក្សាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនជាច្រើនរួមមាន៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ, គម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងដែលមានស្រាប់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ព្រមទាំងគម្រោងពង្រីកការដឹកជញ្ជូនផ្លូវទឹកតាមទន្លបាសាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើ ផែនការមេដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ក្នុងការទាក់ទាញទេសចរណ៍ និងវិនិយោគិនបង្កើតរោងចក្រឧស្សាហកម្ម និងដើម្បីបម្រើដល់វិស័យទេសចរណ៍ ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែជាដើម ធ្វើយ៉ាងណាឱ្យការដឹកទំនិញ អាចប្រកួតប្រជែង និងទាក់ទាញវិនិយោគបាន៕