Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
KW
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
PPK

កម្ពុជាត្រៀមស្នើអង្គការយូណេស្កូ ដាក់បញ្ចូលនំ និងក្បាច់គុនចូលក្នុងបញ្ជីសម្បត្ដិអរូបីយ៍

Admin Alynana | Sep 23, 2022
កម្ពុជាត្រៀមស្នើអង្គការយូណេស្កូ ដាក់បញ្ចូលនំ និងក្បាច់គុនចូលក្នុងបញ្ជីសម្បត្ដិអរូបីយ៍

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំនិងនាំមរតកវប្បធម៌អរូបីចំនួនពីរគឺ នំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីចូលក្នុងបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ។ នេះបើយោងតាមលើកឡើងពីមន្ដ្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យបានថ្លែងថា ក្រសួងកំពុងរៀបចំដើម្បីស្នើចុះបញ្ជី នំបញ្ចុក និងគុនល្បុក្កតោ ក្នុងសម្បត្តិអរូបីរបស់អង្គការយូណេស្កូ និងព្រះរាជពិធីបុណ្យអុំទូក ដាក់ក្នុងបញ្ជីត្រៀមដើម្បីស្នើសុំចុះបញ្ជីក្នុងពេលខាងមុខ។ ឯកឧត្តមបានលើកឡើងថា ក្រៅពីមរតកវប្បធម៌អរូបី ក្រសួងវប្បធម៌ក៏បានត្រៀមស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏កំពុងពិនិត្យសម្បត្តិវប្បធម៌រូបីមួយចំនួនទៀត ដូចជាក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរី និងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានឧត្តុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង “ម-១៣” ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំចុះបញ្ជីផងដែរ៕

Photo 2022 09 22 15 17 48