Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ពលរដ្ឋរុស្ស៊ីនាំគ្នាភៀសខ្លួនចេញពីប្រទេស ដើម្បីគេចចេញពីកាតព្វកិច្ចយោធា ខណៈទីក្រុង​មូស្គូបានចាប់ផ្ដើមកេណ្ឌទ័ព

Admin Alynana | Sep 23, 2022
ពលរដ្ឋរុស្ស៊ីនាំគ្នាភៀសខ្លួនចេញពីប្រទេស ដើម្បីគេចចេញពីកាតព្វកិច្ចយោធា ខណៈទីក្រុង​មូស្គូបានចាប់ផ្ដើមកេណ្ឌទ័ព
Clinic narith

ពលរដ្ឋរុស្ស៊ីនាំគ្នាភៀសខ្លួនចេញពីប្រទេសនេះ ដើម្បីគេចចេញពីកាតព្វកិច្ចយោធា ខណៈទីក្រុង​មូស្គូបានចាប់ផ្ដើមកេណ្ឌទ័ព កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សម្រាប់សង្រ្គាមនៅអ៊ុយ​ក្រែន បើទោះបីជាអាជ្ញាធរបាននិយាយថា មនុស្សរាប់ពាន់នាក់បានស្ម័គ្រចិត្តចូលធ្វើទាហាន​ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

វីដេអូមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា ពលរដ្ឋរុស្ស៊ីរាប់រយនាក់​នៅទូទាំងប្រទេស តវ៉ាចំពោះការកេណ្ឌទ័ព ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បាន​បញ្ជាឱ្យកេណ្ឌទ័ពបម្រុងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​​២០២២។22ukraine-briefing-istanbul-image-videoSixteenByNine3000

ការកេណ្ឌទ័ពនេះធ្វើឡើងស្របពេលដែល​តំបន់​ចំនួន៤ [ដូណេតស្ក៍ (Donetsk), លូហាន់ស៍ (Luhansk), ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) និង ខឺសុន (Kherson)] ដែលកាន់កាប់ដោយរុស្ស៊ី នឹងត្រូវធ្វើប្រជាមតិនៅប៉ុន្មានថ្ងៃខាងមុខនេះ ថាតើត្រូវចូលជាផ្នែកមួយនៃរុស្ស៊ីឬយ៉ាងណា ខណៈដែលទីក្រុងកៀវ (Kyiv) និងសម្ពន្ធមិត្តរបស់ខ្លួនហៅថាជាការរំលោភយកទឹកដីដោយ​ខុស​​​ច្បាប់។

ទីក្រុងមូស្គូប្រកាសកេណ្ឌទ័ព បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានដណ្តើមយកមកវិញនូវផ្នែកជាច្រើននៃទីក្រុងខាកៀវ (Kharkiv) ភាគឦសាន។

យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា មនុស្សយ៉ាងហោចណាស់១០ ០០០​នាក់បានស្ម័គ្រចិត្តចូលបម្រើកងទ័ពក្នុងរយៈពេល២៤ម៉ោង ចាប់តាំងពីការបញ្ជាឱ្យ​កេណ្ឌ​ទ័ព។ ទោះយ៉ាងណា មានពលរដ្ឋជាច្រើនប្រញាប់ប្រញាល់ចាកចេញពីប្រទេសនេះ មុនពេល​ពួកគេត្រូវបានបង្ខំឱ្យចូលបម្រើកងទ័ព។

ជើងហោះហើរចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសជិតខាង ដែលភាគច្រើនជាអតីតសាធារណ​រដ្ឋ​សូវៀត ដែល​អនុញ្ញាត​ឱ្យពលរដ្ឋរុស្ស៊ីចូលដោយមិនចាំបាច់មានទិដ្ឋាការ ត្រូវបាន​កក់​ជិត​ពេញ​អស់ ហើយតម្លៃសំបុត្រយន្តហោះឡើងខ្ពស់កប់ពពក។

បុរស​ម្នាក់​ឈ្មោះ ឌីមីទ្រី (Dmitri) ដែល​បាន​ជិះ​យន្តហោះ​ទៅ​ប្រទេស​អាមេនី​ (Armenia) ដោយ​មាន​កាបូប​តូច​មួយជាប់នឹងខ្លួន​​ បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ខ្ញុំ​មិន​ចង់​ទៅ​ធ្វើ​សង្រ្គាម​ទេ។ ខ្ញុំ​មិន​ចង់​ស្លាប់​ក្នុង​សង្រ្គាមនេះ​ឡើយ។ ​នេះគឺជាសង្រ្គាម​​បងប្អូនឯង»។

ប្រទេសអាមេនី បានក្លាយជាគោលដៅសំខាន់សម្រាប់ពលរដ្ឋរុស្ស៊ី ដែលភៀសខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បុរសម្នាក់ឈ្មោះ ស៊ែហ្គេ (Sergei) អាយុ៤៤ឆ្នាំ ដែលមើលទៅអស់កម្លាំងនិងនឿយហត់ កំពុងនៅអាកាសយានដ្ឋានយ៉េរ៉េវ៉ាន (Yerevan) បាននិយាយថា គាត់ភៀសខ្លួនចេញពីប្រទេសរុស្ស៊ី ដើម្បីគេចពីការកេណ្ឌទ័ព។

លោកបានប្រាប់ AFP ថា៖ «ស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ធ្វើឱ្យពលរដ្ឋត្រូវបង្ខំចិត្តចាកចេញ»។

ក្នុងអំឡុងពេលសុន្ទរកថាប្រចាំថ្ងៃ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានអំពាវនាវឱ្យពលរដ្ឋរុស្ស៊ីប្រឆាំងចំពោះការអំពាវនាវឱ្យកេណ្ឌទ័ពរបស់លោក ពូទីន។

លោក Zelenskyy បានថ្លែងថា៖ «តវ៉ា វាយបកវិញ រត់ចេញ ឬចុះចាញ់ អ្នកបានចូលរួមក្នុងឧក្រិដ្ឋកម្មទាំងនេះរួចទៅហើយ​ គឺការប្រព្រឹត្តអំពើឃាតកម្ម និងការធ្វើទារុណកម្មពលរដ្ឋអ៊ុយក្រែន ពីព្រោះអ្នកនៅស្ងៀម»។

ក្រុមឃ្លាំមើលមួយបានរាយការណ៍ថា មនុស្សជាង១ ៣០០នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេល​បាតុកម្មប្រឆាំងនឹងការកេណ្ឌទ័ពនៅទូទាំងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​​ តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានធ្វើឱ្យបណ្ដាប្រទេសមួយចំនួន​នៅលើពិភពលោកសម្រេចដាក់​ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ី៕