ដោយសារតែបច្ចុប្បន្ន វិស័យអចលនទ្រព្យនៅប្រទេសចិនកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុជាខ្លាំង បណ្ដាលឲ្យក្រុមវិនិយោគិន និងអ្នកអភិវឌ្ឍជាច្រើនរូបទទួលការខាតបង់ស្ទើរគ្រប់គ្នា ហើយ Yang Huiyan ក៏បានរបូតតំណែងមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី ក៏ព្រោះតែហេតុផលនេះដូចគ្នា។
ជាមួយគ្នានោះ ស្ត្រីឥណ្ឌាមួយរូបដែលមានឈ្មោះថា Savitri Jindal បានក្លាយជាអ្នកស្នងតំណែងបន្តរបស់ស្ត្រីជនជាតិចិន ដោយបានក្លាយជាមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ីជាមួយទ្រព្យសម្បត្តិប្រមាណ ១១,៣ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Nairametrics។
លោកស្រី Savitri គឺមានដើមកំណើតនៅ Tinsukia, Assam ហើយបានរៀបការជាមួយស្ថាបនិកក្រុមហ៊ុន Jindal លោក Om Prakash Jindal នៅទសវត្សឆ្នាំ ១៩៧០ ហើយបន្ទាប់ពីស្វាមីបានចែកឋាននៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ ២០០៥ លោកស្រីត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន Jindal។
ក្រុមហ៊ុន Jindal គឺជាក្រុមហ៊ុនឈានមុខគេមួយលើវិស័យផលិតស៊ីម៉ងត៍ ថាមពល និងគ្រឿងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា ដែកថែបជាដើម។
សូមជម្រាបដែរថា លោកស្រី Jindal គឺជាបុគ្គលទី ១០ នៃបញ្ជីអ្នកមានបំផុតប្រចាំប្រទេសឥណ្ឌា និងជាស្ត្រីមានបំផុតប្រចាំឥណ្ឌា និងនៅអាស៊ីជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១១,៣ ពាន់លានដុល្លារ៕