ភ្នំពេញ៖ បន្ទាប់ពីការរង់ចាំអស់រយៈពេលជិត ១ ឆ្នាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង (CKFTA) ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នរួចរាល់ ដែលនេះជាការបើកផ្លូវសម្រាប់ប្រទេសទាំង ២ ចាប់ផ្តើមអនុវត្តការដោះដូរទំនិញទៅវិញទៅមកដោយសេរី។
ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជា កាលពីខែតុលា ឆ្នាំ ២០២១ កន្លងទៅ។
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ ទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ រដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទី២ របស់កម្ពុជា អាចចូលជាធរមាននៅ ៦០ ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉េ ជូនដំណឹងផ្លូវការមកកម្ពុជា។
សារព័ត៌មាន The Korea Times បានឱ្យដឹងថា សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»។
បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា នៅរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។
ក្រសួងពាណិជ្ជកម្មរំពឹងថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជាផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២ របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ ២០២២ ដំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន ១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន ៥ ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់៕