(បាងកក)៖ រូបិយប័ណ្ណរបស់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួននៅតំបន់អាស៊ី បានធ្លាក់ចុះថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិកដែលកាន់តែឡើងថ្លៃកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រាក់បាតរបស់ប្រទេសថៃបានធ្លាក់ថ្លៃជាង ១% បន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសនេះបានដំឡើងអត្រាការប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ប្រាក់បាតបានបាត់បង់តម្លៃប្រហែល ១២,៧% ធៀបនឹងប្រាក់ដុល្លារ។ នៅក្នុងតំបន់ ប្រាក់បាតបាននាំមុខគេក្នុងការធ្លាក់ចុះតម្លៃក្នុងចំណោមរូបិយប័ណ្ណផ្សេងទៀតដែលកំពុងធ្លាក់ថ្លៃ ដោយកាលពីថ្ងៃពុធសប្តាហ៍នេះត្រូវបានជួញដូរក្នុងតម្លៃ ៣៨,៤៥បាតក្នុងមួយដុល្លារដែលជាកម្រិតមិនធ្លាប់មានក្នុងរយៈពេលជាង ១៦ឆ្នាំ។
លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ (BoT) បានឱ្យដឹងថា ធនាគារកណ្តាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីកែសម្រួលគោលនយោបាយរូបិយវត្ថុប្រសិនបើចាំបាច់។ ការអត្ថាធិប្បាយរបស់លោក Sethaput បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីធនាគារកណ្តាលថៃបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនចំនួន ០,២៥ភាគរយ។
ធនាគារកណ្តាលថៃស្ថិតក្នុងចំណោមធនាគារដែលមិនសូវជាតក់ក្រហល់ឡើយក្នុងចំណោមធនាគារកណ្តាលនៅតំបន់អាស៊ី បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនតែពីរលើកប៉ុណ្ណោះគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ដើម្បីទប់ស្កាត់កំណើនអតិផរណាដែលកើនឡើងខ្ពស់ជាងទិសដៅរបស់ខ្លួនដែលមានកម្រិតពី ១% ទៅ ៣%៕