សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដែលត្រូវបានវាស់ស្ទង់តាមរយៈផលិតផលក្នុងស្រុកសរុបបានកើនឡើងដល់ទៅតួលេខ២ខ្ទង់ ពោលគឺមានកំណើនជាង១៣% បើគិតក្នុងអំឡុងខែកក្កដាដល់ខែកញ្ញាឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដល់ទៅពីរខ្ទង់ដូចនេះ កើតឡើងខណៈដែលការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់។ នេះបើតាមការប្រកាសដោយរដ្ឋាភិបាលក្រុងហាណូយ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
នេះជាកំណើនសេដ្ឋកិច្ចមានអត្រាដល់ទៅពីរខ្ទង់ប្រចាំត្រីមាសជាលើកដំបូងរបស់វៀតណាម ក្នុងឆ្នាំ២០២២នេះ ខណៈដែលត្រីមាសមុនៗមានកំណើនក្រោម១០%ប៉ុណ្ណោះ។ កំណើនប្រចាំត្រីមាសទី៣ដែលមានជិត ១៣,៧% នេះត្រូវបានរុញច្រានដោយកំណើនការចំណាយប្រើប្រាស់ក្នុងស្រុកដ៏ខ្លាំងក្លាមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៩។ បើយោងតាមការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម។
ជាក់ស្តែងកាលពីខែសីហា ការលក់រាយ និងសេវាកម្មបានកើនឡើង៥០% ធៀបនឹងខែសីហាកាលពីឆ្នាំ២០២១។ លើសពីនេះ ប្រទេសវៀតណាមបានបន្ធូរបន្ថយការរឹតបន្តឹងការចូលមកដល់ទឹកដីខ្លួន សម្រាប់ជនបរទេស មុនប្រទេសជិតខាងឯទៀត ដែលធ្វើឱ្យបច្ចុប្បន្ន វៀតណាមរំពឹងចំនួនភ្ញៀវមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុននឹងកើនឡើងច្រើនជាងគេ។ វិស័យទេសចរណ៍តំណាងឱ្យប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។
គួរកត់សម្គាល់ថា សេដ្ឋកិច្ចវៀតណាមបន្តមានកំណើនវិជ្ជមានរហូត ទោះបីជាប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះទើបអាចងើបចេញពីដំណើរជាប់ផុងក្នុងវិបត្តិកូវីដ១៩កាលពីឆ្នាំ២០២១ក៏ដោយ ហើយបើទោះបីជាពិភពលោកកំពុងប្រទះនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចបង្កដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែនយ៉ាងណាក្ដី។
ជាក់ស្តែងនៅក្នុងត្រីមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមកំណើន៥% ត្រីមាសទី២កើនឡើងដល់ ៧,៨% ហើយបន្ដឡើងរហូតដល់ជាង១៣%ក្នុងត្រីមាសទី៣នេះ។
ក្រៅតែពីកំណើននៃការចំណាយប្រើប្រាស់ក្នុងស្រុក សេដ្ឋកិច្ចរីកចម្រើនរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏បានរួមចំណែកយ៉ាងធំដោយការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផងដែរ។ ជាក់ស្ដែងការនាំចេញរបស់វៀតណាមទៅទីផ្សារអាមេរិក ចាប់ពីខែមករា ដល់ខែកញ្ញា មានកំណើនជាង២៥%ឯណោះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
សូមជម្រាបថា ការកើនឡើងតម្លៃទំនិញដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមខ្លាំងណាស់ណាទេ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងជិត ៣%ប៉ុណ្ណោះនៅក្នុងខែសីហាធៀបនឹងឆ្នាំមុន។ កាលពីដើមខែកញ្ញា មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្កើនការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ ដល់៧% ពោលគឺមានខ្ពស់ជាង ១% បើធៀបនឹងការព្យាករណ៍កាលពីបីខែមុន។ IMF កោតសសើរការទប់ស្កាត់អតិផរណាបានល្អរបស់វៀតណាម ហើយបានកត់សម្គាល់ពីការស្ទុះងើបឡើងវិញជាបន្តបន្ទាប់ក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម ការលក់រាយ និងទេសចរណ៍របស់ប្រទេសនេះផងដែរ៕