ស្ថាប័នសេដ្ឋកិច្ចឈានមុខគេចំនួន៤របស់អាល្លឺម៉ង់ បានបន្ថយព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំជាងគេបំផុតនៅទ្វីបអឺរ៉ុប ពោលគឺនៅឆ្នាំ២០២២នេះ ស្ថាប័នទាំងនេះ ព្យាករថា សេដ្ឋកិច្ចអាល្លឺម៉ង់ នឹងមានកំណើនត្រឹមតែ១,៤% ប៉ុណ្ណោះ ខណៈការព្យាករពីមុនថានឹងមានដល់ ២,៧%។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០២៣ ស្ថាប័នសេដ្ឋកិច្ចទាំង៤នេះ ក៏បានព្យាករថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងដាំក្បាលចុះដល់ទៅ -០,៤% ដោយសារតែមើលឃើញពីផលប៉ះពាល់កាន់តែធំ ដែលបង្កឡើងពីវិបត្តិថាមពល។
ស្ថាប័នសេដ្ឋកិច្ចធំៗចំនួន៤ របស់អាល្លឺម៉ង់ រួមមាន Munich-based Ifo, Keil Institute For the World Economy, Halle Institute for Economic Research និង ស្ថាប័ន Leibniz Institute for Economic Research បានអះអាងថា វិបត្តិដែលបង្កឡើងក្នុងទីផ្សារឧស្ម័ន កំពុងមានស្ថានភាពប៉ះពាល់ធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចអាល្លឺម៉ង់។ ក្នុងនោះ ការកើនឡើងតម្លៃឧស្ម័នខ្លាំងនៃតម្លៃឧស្ម័ន កំពុងធ្វើឲ្យតម្លៃថាមពលមានការកើនឡើងជាបន្ដបន្ទាប់ ហើយវាបាននាំឲ្យមានការកាត់បន្ថយការបញ្ជាទិញថាមពលយ៉ាងច្រើន។
នៅក្រោមសេណារីយ៉ូហានិភ័យ នៃអាកាសធាតុត្រជាក់ខ្លាំងនៅរដូររងា, ការខ្វះខាតឧស្ម័នប្រើប្រាស់ និងការខ្វះខាតការរក្សាទុកថាមពលប្រើប្រាស់ផងនោះ នឹងធ្វើឲ្យផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំជាងគេបំផុតនៅអឺរ៉ុប នឹងធ្លាក់ចុះជិត ៨% ហើយនៅឆ្នាំ២០២៤ នឹងធ្លាក់ចុះ ៤,២%។ នេះបើតាមការព្យាករដោយស្ថាប័នសេដ្ឋកិច្ចធំៗទាំង៤ របស់អាល្លឺម៉ង់។
មែនទែនទៅ មិនមែនមានតែអាល្លឺម៉ង់មួយទេ ដែលប្រឈមមុខនឹងការដាំក្បាលចុះនៃសេដ្ឋកិច្ច ទ្វីបអឺរ៉ុបទាំងមូលក៏កំពុងប្រឈមមុខដូចគ្នាដែរ។ បើតាមប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស បានព្រមាននាពេលថ្មីៗនេះថា ទ្វីបអឺរ៉ុបទាំងមូល ទំនងជាអាចនឹងប្រឈមនឹងការធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចនាពេលដ៏ខ្លីខាងមុខនេះ ហើយពិភពលោកជារួម ក៏អាចប្រឈមនឹងការជាប់គាំងសេដ្ឋកិច្ចនៅក្នុងរយៈពេលយូរផងដែរ។ បញ្ហាទាំងនេះ ត្រូវបានលោក ម៉ាល់ផាស អះអាងថា វាបណ្ដាលមកពីបញ្ហាវិបត្តិថាមពល និងអតិផរណាកើនឡើង ដែលជំរុញឲ្យធនាគារកណ្ដាលប្រទេសជឿនលឿនជាច្រើនបង្កើនអត្រាការប្រាក់ខ្ពស់ទៅៗ ដើម្បីទប់នឹងអតិផរណា៕