នាយករដ្ឋមន្ត្រីប្រទេសន័រវែសបាននិយាយនៅថ្ងៃទី ២៨ ខែកញ្ញាថា ប្រទេសន័រវេសនឹងដាក់ពង្រាយយោធារបស់ខ្លួន ដើម្បីការពារប្រព័ន្ធបង្ហូរប្រេង និងឧស្ម័នរបស់ខ្លួនក្រែងលោកមានការបំផ្លិចបំផ្លាញដោយចេតនាដូចនៅបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី Nord Stream ទាំង ២ ខ្សែ ដែលបង្ហូរឧស្ម័នទៅអឺរ៉ុបនៅសមុទ្របាល់ទិក ដែលគេសង្ស័យថា ជាការវាយប្រហារដោយចេតនាកាលពីថ្ងៃទី ២៧ខែកញ្ញា។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ការវាយប្រហារលើបំពង់បង្ហូរប្រេងទាំងនេះ ក៏បានធ្វើឱ្យទីផ្សារថាមពលកើនឡើង និងបង្កើនការព្រួយបារម្ភអំពីសន្ដិសុខផងដែរ។ ប្រទេសន័រវែសឥឡូវនេះ គឺជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតនៅតំបន់អឺរ៉ុប ហើយក៏ជាអ្នកផ្គត់ផ្គង់ប្រេងឈានមុខគេមួយនៅលើពិភពលោកផងដែរ ដោយប្រទេសនេះមានស្ថានីយប្រេង និងឧស្ម័ននៅឈូងសមុទ្រចំនួនជាង ៩០ កន្លែង ដែលភាគច្រើនទីតាំងទាំងនោះ ត្រូវបានតភ្ជាប់ទៅបំពង់បង្ហូរឧស្ម័នដែលលាតសន្ធឹងប្រហែល ៩ ពាន់គីឡូម៉ែត្រ។
ក្រោយពីប្រទេសន័រវែសបានដឹងដំណឹងពីការវាយប្រហារទៅលើបំពង់បង្ហូរឧស្ម័ន Nord Stream ទី១ និងទី២របស់រុស្ស៊ីទៅកាន់អឺរ៉ុប ភ្លាមនោះប្រទេសនេះបានសម្រេចចិត្តថា នឹងដាក់ពង្រាយកម្លាំងយោធារបស់ខ្លួនដើម្បីទប់ស្កាត់ការវាយប្រហារទៅលើទីតាំងប្រេង និងឧស្ម័នរបស់ខ្លួនទុកជាមុនក្រែងលោមានការបំផ្លិចបំផ្លាញណាមួយកើតឡើងជាយថាហេតុ។
នាយករដ្ឋមន្ត្រីន័រវែសលោក ចូណាស ហ្កា ស្ដូអឺ (Jonas Gahr Stoere) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសន័រវែសនឹងដាក់ពង្រាយកម្លាំងយោធាបន្ថែមទៀតនៅតាមទីតាំងបូមប្រេង និងឧស្ម័នរបស់ប្រទេសនេះ ហើយថា ប្រសិនបើមានការវាយប្រហារមែននោះ ប្រទេសន័រវែសនឹងដោះស្រាយរួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូ ព្រោះប្រទេសន័រវេស គឺជាសមាជិកណាតូមួយដែរ។
នាយករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា កងទ័ពជើងទឹករបស់ន័រវែសនឹងត្រូវដាក់ពង្រាយនៅតាមឆ្នេរសមុទ្រដើម្បីការពារអណ្ដូងប្រេង ខណៈដែលនៅលើដីគោក គឺកម្លាំងប៉ូលិសជាអ្នកទទួលខុសត្រូវដោយបានបង្កើនវត្តមានប៉ូលិសជាច្រើននៅកន្លែងស្ថានីយប្រេងនិងឧស្ម័ន។
សូមរំលឹកថា ថ្មីៗនេះប្រទេសអឺរ៉ុបមួយចំនួនមានអាល្លឺម៉ង់ជាអាទិ៍បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតរកមូលហេតុ ឬក៏អ្នកដែលអាចស្ថិតនៅពីក្រោយការវាយប្រហារទៅលើបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបព្រោះប្រទេសអឺរ៉ុបមួយចំនួនជឿថា ការបែកលេចធ្លាយឧស្ម័នពីក្រោមបាតសមុទ្រនេះ គឺជាការបំផ្លិចបំផ្លាញដោយចេតនាតែម្ដង គឺមិនមែនដោយការសឹករិចរឹលនៃសម្ភារៈបំពង់ឧស្ម័ននេះឡើយ។
អគ្គលេខាធិការអង្គការណាតូលោក ចេន ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃទី ២៨ ខែកញ្ញាបានសន្និដ្ឋានថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream ជាសកម្មភាពនៃការបំផ្លិចបំផ្លាញដោយចេតនា ហើយលោកបានពិភាក្សាអំពីការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសសមាជិកណាតូជាមួយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកផងដែរ។
ប្រទេសអឺរ៉ុបភាគច្រើនបានសង្ស័យរុស្ស៊ីថា ជាអ្នកប្រព្រឹត្តរឿងនេះដោយសាររុស្ស៊ីបានរងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនពីអឺរ៉ុប ប៉ុន្តែវិមានក្រឹមឡាំងបានអះអាងនៅថ្ងៃទី ២៨ ខែកញ្ញាថា ការសង្ស័យថា រុស្ស៊ីស្ថិតនៅពីក្រោយការវាយប្រហារទៅលើបំពង់បង្ហូរឧស្ម័ននេះ គឺជារឿងឆ្កួតលីលាតែម្ដង។
ប្រទេសរុស្ស៊ីហាក់ចង់បង្វែរការចោទប្រកាន់នេះ ទៅលើសហរដ្ឋអាមេរិកថា ជាអ្នកប្រព្រឹត្តទៅវិញព្រោះអាមេរិកគឺជាអ្នកជំទាស់នឹងបំពង់បង្ហូរឧស្ម័ននេះ និងច្រណែនក្រុមហ៊ុនជាច្រើនរបស់រុស្ស៊ី ដែលទទួលបានប្រាក់ចំណេញច្រើនពីការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបតាមរយៈបំពង់បង្ហូរនេះ។
ពេលនេះអង្គការណាតូ និងសហភាពអឺរ៉ុបបានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបានព្រមានពី«ការឆ្លើយតបខ្លាំងក្លា និងរួបរួមគ្នា»ប្រសិនបើមានការវាយប្រហារបន្ថែមទៀតមែននោះ៕