ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកជាយោបល់នៅក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលធ្វើនៅសណ្ឋាគារសុខា ភ្នំពេញនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ថា ប្រទេសក្នុងអាស៊ីអាគ្នេយ៍គួរតែនាំគ្នាពិនិត្យមើលថាតើហេតុអ្វីបានជាកីឡាក្នុងអាស៊ីនៅមានភាពទន់ខ្សោយ?
សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ប្រទេសក្នុងតំបន់អាស៊ីហាក់បីមានប្រទេសតិចតួចបានចូលរួមប្រកួតកីឡាបាល់ទាត់ពិភពលោកនៅវគ្គជម្រុះ។ សម្ដេចសង្ឃឹមថា ការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅប្រទេសកាតា ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះក្នុងចំណោមប្រទេសអាស៊ីនឹងទទួលបានជ័យជម្នះក្នុងការប្រកួត។
ក្នុងនោះដែរសម្ដេចតេជោ បានលើកពីចម្ងល់ដែលថា ហេតុអ្វីប្រទេសដែលមានប្រជាជនច្រើន តែបែរជាមានកីឡាករទន់ខ្សោយជាងកីឡាករក្នុងទ្វីបអឺរ៉ុប ទ្វីអាម៉េរិកឡាទីន?
សម្តេចមានប្រសាសន៍ដូច្នេះថា៖ «នេះជាចំណុចដែលយើងគួរតែសិក្សានៅកិច្ចប្រជុំនេះ។ ប្រជាជនច្រើនមិនប្រាកដថាកីឡាករខ្លាំងនោះទេ ហើយកីឡាករតិច មិនប្រាកដថាកីឡាករខ្សោយនោះដែរ»។
សម្តេចតេជោ ទទួលស្គាល់ថា កីឡាករក្នុងតំបន់អាស៊ីអាគ្នេយ៍ពិតជាទន់ខ្សោយ ប៉ុន្តែមិនត្រូវទន់ខ្សោយខាងផ្នែកក្រមសីលធម៌ក្នុងការប្រកួតឡើយ។ ក្នុងន័យនេះសម្តេចមិនចង់ឲ្យកើតមាននូវអំពើហិង្សា និងការរត់ជាន់គ្នាបណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតដូចនឹងហេតុការណ៍កើតឡើងក្នុងការប្រកួតកីឡានៅប្រទេសឥណ្ឌណេស៊ីកាលពីប៉ុន្មានថ្ងៃមុនឡើយ។
សម្ដេចតេជោថា៖ «វាការចាំបាច់ណាស់ក្នុងការពង្រឹងក្រមសីលធម៌ក្នុងការប្រកួតដែលវាមិនមែនគ្រាន់តែការឈ្នះ ក៏ប៉ុន្តែរំលោភបំពានលើលក្ខខណ្ឌលើការប្រកួត ឬប្រើអំពើហិង្សានោះទេ»។
នេះជាការថ្លែងរបស់សម្តេចដោយស្នើឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវរួមគ្នាបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋាន Kanjuruhan ស្ថិតក្នុងខេត្ត EAS Java ប្រទេសឥណ្ឌូនេស៊ី មានហេតុការរត់ជាន់គ្នាបន្ទាប់ពីមានការប៉ះទង្គិចរវាងក្រុមអ្នកគាំទ្រកីឡាបាល់ទាត់នឹងប៉ូលិសបណ្ដាលឱ្យមនុស្ស ១២៥ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះត្រូវបានបង្កភាពភ្ញាក់ផ្អើលទូទាំងពិភពលោក ហើយប្រធានសហព័ន្ធកីឡាបាល់ទាត់ FIFA លោក Gianni Infantino បានចាត់ទុកថា «វាជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់អ្នកពាក់ព័ន្ធនឹងកីឡាបាល់ទាត់និងជាសោកនាដកម្មដែលហួសពីការយល់ដឹង»៕