Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសជប៉ុនបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយបណ្ណបរទេសដែលកំពុងដាំក្បាលចុះខ្លាំង

Admin Alynana | Oct 04, 2022
ប្រទេសជប៉ុនបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយបណ្ណបរទេសដែលកំពុងដាំក្បាលចុះខ្លាំង
Clinic narith

ប្រទេសជប៉ុនបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ជិត២០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយបណ្ណបរទេសកាលពីសប្តាហ៍មុនដើម្បីជំរុញតម្លៃប្រាក់យ៉េនដែលកំពុងដាំក្បាលចុះខ្លាំងមិនធ្លាប់មាននៅមួយរយៈចុងក្រោយនេះ។ ការចំណាយជិត២០ពាន់លានដុល្លារនេះ គឺស្មើនឹងប្រមាណ ១៥% ក្នុងចំណោមថវិកា ដែលប្រទេសជប៉ុនបានត្រៀមទុកសម្រាប់ទប់ស្កាត់កុំឱ្យប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃកាន់តែខ្លាំង។ នេះបើតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន។

ទោះយ៉ាងណា តួលេខដែលរាជរដ្ឋាភិបាលជប៉ុនបានចំណាយនេះ គឺនៅមានតិចជាងអ្វីដែលក្រុមហ៊ុនឈ្មួញកណ្ដាលទីផ្សាររូបិយបណ្ណក្រុងតូក្យូបានប៉ាន់ប្រមាណទុកនៅឡើយ ខណៈដែលប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
QPYEKDYC3VPLNGLTQG3WQFJVXE

តួលេខនៃការចំណាយសរុបជិត២០ពាន់លានដុល្លារនោះ គឺត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៣០ខែសីហា ដល់ថ្ងៃទី ២៨ខែកញ្ញា ហើយថវិកាទាំងនោះត្រូវបានគេគេជឿថា បានចំណាយទាំងស្រុងសម្រាប់អន្តរាគមន៍នៅថ្ងៃទី ២២ ខែកញ្ញា។ ការចំណាយនេះ អាចនឹងច្រើនជាងការចំណាយសម្រាប់អន្តរាគមន៍លើការលក់ប្រាក់ដុល្លារ និងទិញប្រាក់យ៉េនកាលពីឆ្នាំ១៩៩៨ទៅទៀត ដែលកាលនោះ ក្រសួងហិរញ្ញវត្ថុជប៉ុនបានចំណាយប្រហែលជាង ១៨ ពាន់លានដុល្លារ។

លោក ដៃសាគូ អ៊ូណូ (Daisaku Ueno) ប្រធានអ្នកយុទ្ធសាស្រ្តរូបិយបណ្ណបរទេសនៅក្រុមហ៊ុន Mitsubishi UFJ Morgan Stanley Securities បាននិយាយថា នេះគឺជាការផ្ទុះអន្តរាគមន៍ដ៏ធំមួយប្រសិនបើវាបានធ្វើឡើងត្រឹមតែ១ថ្ងៃមែននោះ ហើយជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរជប៉ុនក្នុងការការពារប្រាក់យ៉េនជប៉ុន។

អន្តរាគមន៍សម្រាប់ទប់ស្កាត់ការធ្លាក់ថ្លៃប្រាក់យ៉េននេះបានធ្វើឡើងបន្ទាប់ពីប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ដោយជិត ១៤៦ យ៉េនប្ដូរបានមួយដុល្លារអាមេរិក ហើយអន្តរាគមន៍នេះបានជួយឱ្យប្រាក់យ៉េនឡើងថ្លៃជាង ៥ យ៉េនក្នុងមួយដុល្លារទោះបីជារូបិយប័ណ្ណបានធ្លាក់ចុះម្តងទៀតដល់ប្រហែល ១៤៤.២៥យ៉េន ក្នុងមួយដុល្លារក៏ដោយ។

លោក ហារូហ៊ីកូ គូរ៉ូដា (Haruhiko Kuroda) ទេសាភិបាលធនាគារកណ្តាលជប៉ុនបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីកាលពីសប្ដាហ៍មុនថា ការធ្លាក់ចុះប្រាក់យ៉េនយ៉ាងខ្លាំងថ្មីៗនេះបានបង្កើនភាពមិនច្បាស់លាស់ដោយធ្វើឱ្យក្រុមហ៊ុនពិបាកកំណត់ផែនការអាជីវកម្ម។ ដូច្នេះហើយវាអាចបង្កបញ្ហាដ៏អាក្រក់សម្រាប់សេដ្ឋកិច្ច។

ប្រទេសជប៉ុនកាន់កាប់ទុនបម្រុងអន្តរជាតិប្រហែល ១,៣ទ្រីលានដុល្លារ ដែលជាទុនបម្រុងដ៏ធំបំផុតទី២បន្ទាប់ពីប្រទេសចិន។ ទុនបម្រុងរបស់ជប៉ុននោះ មានជាង ១៣៥ ពាន់លានដុល្លារត្រូវបានទុកជាប្រាក់បញ្ញើជាមួយធនាគារកណ្តាលបរទេស និងធនាគារសម្រាប់ការទូទាត់បំណុលអន្តរជាតិ (BIS)។ ប្រាក់បញ្ញើទាំងនោះអាចដកយកវិញយ៉ាងងាយស្រួល ដើម្បីផ្តល់ហិរញ្ញវត្ថុដល់អន្តរាគមន៍នៃការលក់ប្រាក់ដុល្លារ និងទិញប្រាក់យ៉េន។ នេះបើតាមទិន្នន័យទុនបម្រុងបរទេសដែលចេញផ្សាយកាលពីថ្ងៃទី០៧ ខែកញ្ញា៕