Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ផ្តួចផ្តើម​ឱ្យ​បង្កើន​ទំនាក់ទំនង​កងទ័ពជើង​គោក​​​កម្ពុជា-អូស្ត្រាលី

Admin Alynana | Oct 06, 2022
ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ផ្តួចផ្តើម​ឱ្យ​បង្កើន​ទំនាក់ទំនង​កងទ័ពជើង​គោក​​​កម្ពុជា-អូស្ត្រាលី
Clinic narith

ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ធ្វើ​ដំណើរ​​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​ និង​ចូលរួម​ពិព័រណ៍​ការពារ​ដែន​គោក​អន្តរជាតិ (Land Forces International Land Defence Exposition) រយៈពេល​ ៣​ ថ្ងៃ ចាប់ពីថ្ងៃ​ទី ៤-៦ តុលា នៅ​ទីក្រុង​ប្រ៊ីសបិន នៃ​រដ្ឋ​ឃ្វីន​លែន ដើម្បី​ពង្រឹង​ និង​បង្កើន​ទំនាក់ទំនង​រវាង​​កងទ័ព​ជើង​គោក​នៃ​ប្រទេស ទាំង ២ ​ថែម​មួយ​កម្រិត​ទៀត​។

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​កាល​ពីថ្ងៃទី​ ៤ ​តុលា ឯកឧត្តម ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា ជាមួយ​លោក Simon Stuart មេបញ្ជាការ​កងទ័ព​ជើង​គោក​អូស្ត្រាលី​ ដោយ​ក្នុង​ជំនួប​នោះ លោក ហ៊ុន ម៉ាណែត បាន​ផ្តួចផ្តើម​គំនិត​ឱ្យ​បង្កើន​ទំនាក់ទំនង​រវាង​កងទ័ព​ជើង​គោក​នៃ​ប្រទេស​​ទាំង ២ ​ថែម​មួយ​កម្រិត​ទៀត​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​អូស្រ្តាលី ដែល​តែង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​។

ជា​ការ​ឆ្លើយតប លោក Simon Stuart បាន​ឯកភាព​ចំពោះ​គោល​គំនិត និង​សំណើ​របស់​កងទ័ព​ជើង​គោក​កម្ពុជា ដោយ​បាន​បញ្ជាក់​ថា ភាគី​ទាំង​ ២ ​អាច​ពិនិត្យ​លទ្ធភាព​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ការងារ​ជំនួយ​មនុស្ស​ធម៌ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ (HADR) បន្ថែម​ទៀត​នៅពេល​អនាគត។

លោក​ Simon Stuart ក៏​បាន​​វាយតម្លៃ​ខ្ពស់ ចំពោះ​ជោគជ័យ​របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ និង​បាន​ស្នើសុំ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចែករំលែក​អំពី​បទពិសោធ​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់ និង​ការ​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បាន​ធ្វើការ​ចែករំលែក​អំពី​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ទាំង​នៅ​ក្នុង​យន្តការ​ថ្នាក់​ជាតិ ក៏​ដូចជា​ការ​ចូលរួម​របស់​កងទ័ព​នៅ​ក្នុង​បេសកកម្ម​ដ៏​សំខាន់​បំផុត​នេះ ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់ និង​ដ៏​ឈ្លាសវៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ដដែល​នោះ​ដែ​រ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​​នឹង​លោក ROMEO S BRA​-​WNER JUNIOR មេបញ្ជាការ​កងទ័ព​ជើងគោក​ហ្វីលីពីន។ ឯកឧត្តម​ ហ៊ុន ម៉ាណែត បាន​វាយ​​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ ដែល​មាន​កន្លង​​មក​រវាង​កងទ័ព​ជើងគោក​ នៃ​ប្រទេស​ទាំង ​២ ​ជាពិសេស​ការ​សម្រេច​បាន​នូវ​លទ្ធផល​​​ជាក់ស្តែង នៃ​កិច្ច​សហការ​រវាង​អង្គភាព ចំណុះ​កងទ័ព​ទាំង​ ២ និង​ការ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​លើកឡើង​អំពី​គោល​គំនិត​ក្នុងការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នា​ពេល​អនាគត​។

ជា​ការ​ឆ្លើយតប ​លោក​ ROM-EO S BRAWNER JUNIOR បាន​ឯកភាព​ចំពោះ​ការ​វាយតម្លៃ​របស់​លោក ហ៊ុន ម៉ាណែត លើ​កិច្ច​សហប្រតិបត្តិការ​កន្លង​មក ព្រមទាំង​បាន​បញ្ជាក់​ការ​គាំទ្រ​ចំពោះ​គោលគំនិត​ក្នុងការ​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​កងទ័ព​​ទាំង​ ២ បន្ថែម​ទៀត​នៅពេល​អនាគត​។ ក្រៅពីនេះ ភាគី​ទាំង ២ ក៏​បាន​ចែករំលែក​អំពី​បទពិសោធ ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​ជា​អាទិ៍​ការ​ដាក់​ចេញ​នូវ​វិធានការ​​ផ្សេង​ៗ និង​ការ​ចូលរួម​របស់​កងទ័ព​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង៕