ធនាគារពិភពលោកបាននិយាយថា ពិភពលោកទំនងជាមិនអាចសម្រេចបាននូវគោលដៅយូរអង្វែងនៃការបញ្ចប់ភាពក្រីក្រខ្លាំងនៅត្រឹមឆ្នាំ ២០៣០ឡើយ ដោយធនាគារបានលើកឡើងពីផលប៉ះពាល់នៃ ភាពរង្គោះរង្គើមិនធ្លាប់មានចំពោះសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីត១៩ និងសង្គ្រាមនៅអ៊ុយក្រែន ដែលវាបាននិងកំពុងរុញច្រានឲ្យមនុស្សរាប់លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera។
នៅក្នុងរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី៥ តុលាបានបង្ហាញថា តម្លៃអាហារ និងការលើកថ្លៃថាមពលបានរារាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល បន្ទាប់ពីជំងឺកូវីដ១៩ ដែលបញ្ហនេះ គឺជាការបន្ទច់បង្អាក់ដ៏ធំបំផុតមួយ ចំពោះគោលដៅនៃការឈានទៅបញ្ចប់ភាពក្រីក្រពិភពលោក ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
របាយការណ៍បានបន្ថែមទៀតថា តាមការរំពឹងទុកល្បឿននៃការកាត់បន្ថយភាពក្រីក្រនឹងមានការជាប់គាំងបន្ថែមទៀតនៅឆ្នាំនេះ ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា នឹងថយចុះបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងការកើនឡើងអតិផរណាជាដើម។
តាមរបាយការណ៍របស់ធនាគារពិភពលោកដដែលនេះបានឲ្យដឹងទៀតថា «ដោយសារនិន្នាការបច្ចុប្បន្ន មានប្រជាជន ៥៧៤ លាននាក់ ឬជិត ៧ ភាគរយនៃចំនួនប្រជាជនពិភពលោក នឹងនៅតែបន្ដរស់នៅជាមួយចំណូលក្រោម ២,១៥ ដុល្លារក្នុងមួយថ្ងៃក្នុងឆ្នាំ ២០៣០ ដោយភាគច្រើនជាប្រជាជននៅតំបន់អាហ្វ្រិក»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានធនាគារពិភពលោកលោក David Malpass បានអំពាវនាវឱ្យមានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ដើម្បីជំរុញកំណើន និងផ្តើមកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ភាពក្រីក្រ។ ក្នុងនោះដែរ លោក Indermit Gill ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានគូសបញ្ជាក់ថា ការបរាជ័យក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចមិនសូវជឿនលឿន នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុផងដែរ។
ទន្ទឹមគ្នានេះ ដើម្បីផ្លាស់ប្តូរទិសដៅ ធនាគារពិភពលោកបានសង្កត់ធ្ងន់ថា «ប្រទេសនានាគួរតែជំរុញកិច្ចសហប្រតិបត្តិការ ជៀសវាងការឧបត្ថម្ភធនធំៗ ដោយផ្តោតលើកំណើនរយៈពេលវែង និងអនុម័តវិធានការដូចជា ពន្ធលើអចលនទ្រព្យ និងពន្ធការបញ្ចេញផ្សែងកាបូន ដែលអាចជួយបង្កើនប្រាក់ចំណូលដោយមិនប៉ះពាល់ដល់ប្រជាជនក្រីក្របំផុត»។
របាយការណ៍ដដែលបានកត់សម្គាល់ថា មានប្រជាជនជាងបីពាន់លាននាក់រស់នៅក្នុងជីវភាពដែលអាចរកប្រាក់ចំណូលបានក្រោម ៦,៨៥ ដុល្លារក្នុងមួយថ្ងៃ ដែលជាមធ្យមភាគនៃបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
យ៉ាងណាមិញ របាយការណ៍ក៏បានបង្ហាញថាការចំណាយរបស់រដ្ឋាភិបាល និងជំនួយសង្គ្រោះបន្ទាន់បានជួយទប់ស្កាត់ការកើនឡើងកាន់តែធំនៃអត្រាភាពក្រីក្រ ប៉ុន្តែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពមិនស្មើគ្នា ដោយប្រទេសកំពុងអភិវឌ្ឍដែលមានធនធានតិច គួបផ្សំនឹងការសម្រេចបានតិចជាងមុនផងដែរ៕