Alynana Media Cambodia
Icon Collap
clinic narit

គ.ជ.ប អំពាវនាវឲ្យពលរដ្ឋគ្រប់រូបទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតពីថ្ងៃ ២០តុលា ដល់ ៨ធ្នូខាងមុខ

Admin Alynana | Oct 11, 2022
គ.ជ.ប អំពាវនាវឲ្យពលរដ្ឋគ្រប់រូបទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតពីថ្ងៃ ២០តុលា ដល់ ៨ធ្នូខាងមុខ
Clinic narith

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូបទៅពិនិត្យបញ្ជីរឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមបណ្តាសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ ទូទាំងប្រទេស ឬ​​តាមរយៈគេហទំព័រ និង កម្មវិធីទូរស័ព្ទដៃរបស់ គ.ជ.ប ដើម្បីប្រាកដថាខ្លួនមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលាដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

តាម​រយៈ​វីដេអូ​ពន្យល់​នៅ​លើ​បណ្ដាញ​យូធូប​ផ្លូវ​ការ​របស់ គ.ជ.ប ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់​ថា សម្រាប់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ អាចទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមបណ្តាសាលាឃុំ សង្កាត់ និងនៅតាមទីប្រជុំប្រជុំជនមួយចំនូនក្នុងឃុំ សង្កាត់ ឬអាចចូលពិនិត្យមើលឈ្មោះតាមរយៈរបស់ខ្លួនតាមរយៈគេហទំព័ររបស់ គ.ជ.ប. voterlist.nec.gov.kh ឬតាមយៈកម្មវិធីទូរស័ព្ទដៃ(APP) “NEC KH” ដើម្បីប្រាកដថាខ្លូនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត។

ក្នុងករណីដែលពលរដ្ឋពិនិត្យឃើញថា ឈ្មោះ និងទិន្នន័យខ្លួនមិនមានភាពត្រឹមត្រួវ ដូចទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលធ្លាប់បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមកទេ ពលរដ្ឋអាចស្នើសុំធ្វើការកែតម្រូវតាមរយៈក្រុមចុះឈ្មោះបោះឆ្នោត ដោយភ្ជាប់ជាមួយនូវឯកសារសម្អាងច្បាស់លាស់ទៅជាមួយ ក្នុងអំឡុងពេលប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ខ្លួនរស់នៅបាន។ នេះ​បើ​តាម​ឯកឧត្តម​ប្រធាន គ.ជ.បបញ្ជាក់។

ចំណែកគ.ជ.ប នៅថ្ងៃទី១០ខែតុលាឆ្នាំ២០២២ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា បញ្ជីឈ្មោះផ្លូវការ ឆ្នាំ២០២១ (បញ្ជីបោះឆ្នោតចុងក្រោយ) និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត​ និងការិយាល័យបោះឆ្នោត សម្រាប់បម្រើដល់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវបានបិទផ្សាយជាសាធារណៈ នៅតាមបណ្តាឃុំ សង្កាត់ ចំនួន ១.៦៥២ ទូទាំងប្រទេសហើយ ចាប់ពីថ្ងៃទី១០ ខែតុលាឆ្នាំ២០២២ តទៅ ព្រមទាំងបានបង្ហោះព័ត៌មាននិងទិន្នន័យទាំងនេះ ចូលក្នុង គេហទំព័រ និងកម្មវិធីទូរស័ព្ទដៃផ្លូវការរបស់ គ.ជ.ប ផងដែរ។

គ.ជ.ប  ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតដែលមិនទាន់មានឈ្មោះបោះឆ្នោត រួមមាន អ្នកទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន​ ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ឬពលរដ្ឋខ្មែរដែឡបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី ទៅចុះឈ្មោះតាមបប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមបណ្តាឃុំ សង្កាត់ដែលខ្លួនត្រួវបោះឆ្នោត។

ឯកឧត្តមប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតបន្ថែមថា លោកមានជំនឿយ៉ាងមុតមាំថា ពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងឡាយ នឹងរួមគ្នាសហការតាមការអំពាវនេះ ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតសម្រាប់ពលរដ្ឋគ្រប់ៗគ្នា ខណៈ​រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​។

បើ​តាម​ស្ថិតិ​​ប៉ាន់​ស្មាន នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន១០,៨៧៧,០១៧នាក់ ក្នុងនោះស្រីមានចំនួន៥,៥៦៨,៣៩៨នាក់។ ប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ មានចំនួន៩,២០៥,៦៨១នាក់។ ចំណែក​ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២ មានចំនួន៤០៩,០៥៦នាក់ ខណៈចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន១០៤,៩៥៦នាក់៕