Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរប្រទេសម៉ាឡេស៊ីនឹងលុបចោលការហាមឃាត់លើការនាំចេញសត្វមាន់រស់ចាប់ពីសប្តាហ៍នេះតទៅហើយ ក្រោយរឹតត្បិតអស់៤ខែ

Admin Alynana | Oct 11, 2022
អាជ្ញាធរប្រទេសម៉ាឡេស៊ីនឹងលុបចោលការហាមឃាត់លើការនាំចេញសត្វមាន់រស់ចាប់ពីសប្តាហ៍នេះតទៅហើយ ក្រោយរឹតត្បិតអស់៤ខែ
Clinic narith

ទីភ្នាក់ងារស្បៀងអាហាររបស់សិង្ហបុរីកាលពីចុងសប្តាហ៍មុនបានប្រកាសថា អាជ្ញាធរប្រទេសម៉ាឡេស៊ីនឹងលុបចោលការហាមឃាត់លើការនាំចេញសត្វមាន់រស់ចាប់ពីថ្ងៃទី១១ខែតុលានេះតទៅហើយ ក្រោយផ្អាកការនាំចេញអស់ពេល៤ខែ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់សិង្ហបុរី Channel New Asia។

អំឡុងការផ្អាកនាំចេញសាច់មាន់របស់រដ្ឋាភិបាលក្រុងកូឡាឡាំពួ នេះធ្វើឱ្យសិង្ហបុរីឈឺក្បាលវិលមុខមិនស្ទើរឡើយ ដោយសារតែសិង្ហបុរីជាអ្នកទិញសសាច់មាន់ដ៏ធំពីម៉ាឡេស៊ី ខណៈសាច់ប្រភេទនេះជាទីពេញនិយមខ្លាំងណាស់នៅក្នុងប្រទេសរបស់ខ្លួន។

ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី បាននិយាយថា៖ ខ្លួនបានទទួលការជូនដំណឹងជាផ្លូវការ ពីនាយកដ្ឋានសេវាកម្មបសុសត្វរបស់ប្រទេសម៉ាឡេស៊ីស្តីពីការដកបម្រាមនេះ។ ទីភ្នាក់ងារស្បៀងសិង្ហបុរី ស្វាគមន៍ចំពោះការសម្រេចិត្តនេះ ហើយអះអាងថានឹងបន្តធ្វើការជាមួយភាគីម៉ាឡេស៊ី និងជម្រាបជូនព័ត៌មានលម្អិតនៅពេលក្រោយទៀត។

គួររំឭកថា ចាប់តាំងពីថ្ងៃទី០១ខែមិថុនាមក ប្រទេសម៉ាឡេស៊ីបានហាមឃាត់ការនាំចេញមាន់ចំនួន៣លាន៦សែនលានក្បាលក្នុងមួយខែៗ ដើម្បីសម្រួលដល់ការកើនឡើងនូវតម្លៃម្ហូបអាហារ និងដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់។ វិធានការនេះ បានធ្វើឱ្យហាងលក់ផលិតផល និងម្ហូបអាហារដែលធ្វើពីសាច់មាន់មួយចំនួននៅប្រទេសសិង្ហបុរីប្រឈមនឹងការខ្វះខាតសាច់មាន់ដើម្បីផ្គត់ផ្គង់អតិថិជនរបស់ពួកគេ។ អំឡុងពេលមានការបិទខ្ទប់ពីម៉ាឡេស៊ី ប្រទេសសិង្ហបុរីបានស្វែងការផ្គត់ផ្គង់សាច់មាន់ច្រើនជាងមុនពីប្រទេសឥណ្ឌូនេស៊ីក្បែរខាង និងប្រទេសថៃផងដែរ។

គួរជម្រាបថា ម៉ាឡេស៊ីជាប្រទេសនាំចេញសាច់សត្វបក្សីធំមួយដែរក្នុងទីផ្សារសកល ដោយក្នុងនោះកាលពីឆ្នាំ២០២០ ម៉ាឡេស៊ីនាំចេញសាច់បក្សីមានទំហំសរុបជិត ២០លានដុល្លារធ្វើឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្លាយជាប្រទេសនាំចេញផលិតផលសត្វបក្សីធំជាងគេទី៤៩ លើពិភពលោក។

ទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួនរួមមានប្រទេសថៃ សិង្ហបុរី ជប៉ុន ហុងកុង និងប្រ៊ុយណេ។ សិង្ហបុរីបាននាំចូលសាច់មាន់ប្រមាណ ៣៤%ពីប្រទេសម៉ាឡេស៊ី ដែលស្ទើរតែទាំងអស់នៃការនាំចូល គឺជាសត្វមាន់រស់តែម្តង ខណៈនៅសេសសល់ជាប្រភេទមាន់ដែលត្រូវបានសម្លាប់រួច និងសាច់បង្កក។

សូមជម្រាបថា ទោះបីម៉ាឡេស៊ីបើកឱ្យមានការនាំចេញសាច់មាន់ប្រក្រតីឡើងវិញក្តី ប៉ុន្តែប្រទេសសិង្ហបុរីនឹងបន្តប្រឈមមុខដល់ការរំខានការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួនដដែល នាពេលអនាគតដោយសារតែកត្តាខាងក្រៅប្រទេស។ ទីភ្នាក់ងារស្បៀងអាហាររបស់សិង្ហបុរី អះអាងថា ពួកគេនឹងស្វែងរកប្រភពផ្គត់ផ្គង់បន្ថែម ដោយលែងពឹងផ្អែកលើប្រភពតែមួយ ហើយបន្តជំរុញឱ្យពលរដ្ឋសាកល្បងផ្លាស់ប្តូរគ្រឿងផ្សំ ឬមុខម្ហូបពីសាច់មាន់មក ជម្រើសផ្សេងទៀតក្នុងករណីជួបការខ្វះខាត៕