Alynana Media Cambodia
Icon Collap
clinic narit

ប្រតិបត្តិការនៃការប្រើប្រាស់ប្រាក់យន់ឌីជីថលរបស់ប្រទេសចិនបានកើនលើសពី ១០០ ពាន់លានយន់ ឬប្រហែល ១៤ពាន់លានដុល្លារអាមេរិក

Admin Alynana | Oct 14, 2022
ប្រតិបត្តិការនៃការប្រើប្រាស់ប្រាក់យន់ឌីជីថលរបស់ប្រទេសចិនបានកើនលើសពី ១០០ ពាន់លានយន់ ឬប្រហែល ១៤ពាន់លានដុល្លារអាមេរិក
Clinic narith

ប្រតិបត្តិការនៃការប្រើប្រាស់ប្រាក់យន់ឌីជីថលរបស់ប្រទេសចិនបានកើនលើសពី ១០០ ពាន់លានយន់ ឬប្រហែល ១៤ពាន់លានដុល្លារអាមេរិក បើគិតគិតត្រឹមថ្ងៃទី៣១ ខែសីហាខណៈដែលប្រទេសនេះបន្តដំណើរការរូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាលនេះ ជាបន្តទៀត។ នេះបើតាមធនាគារកណ្តាលរបស់ប្រទេសចិនដែលបានចេញផ្សាយទីភ្នាក់ងាររ៉យទ័រនៅថ្ងៃនេះ។

ធនាគាររបស់ប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលរបស់ចិននោះ បាននិយាយថា ការចំណាយតាមប្រព័ន្ធឌីជីថលនេះគឺមានការប្រើប្រាស់ក្នុងប្រតិបត្តិការចំនួន ៣៦០ លានដងនៅក្នុងតំបន់សាកល្បងក្នុងខេត្តនិងក្រុងចំនួន ១៥ ហើយធនាគារកណ្ដាលចិនបានបន្ថែមថា ពាណិជ្ជករជាង ៥លាន៦សែននាក់ ឥឡូវនេះអាចទទួលយកការទូទាត់របស់ពួកគេជាមួយប្រាក់យន់ឌីជីថលនេះផងដែរ។

ចិនគឺជាប្រទេសនាំមុខគេនៅក្នុងការប្រណាំងប្រជែងជាសកលដើម្បីអភិវឌ្ឍរូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាល បើទោះជាវាកំពុងស្ថិតក្នុងដំណាក់កាលដំបូងយ៉ាងណាក៏ដោយ។ ធនាគារកណ្ដាលរបស់ចិន នេះបានគូសបញ្ជាក់ថា ប្រតិបត្តិការដោយប្រើប្រាក់យន់អេឡិចត្រូនិក (e-CNY) មានមកដល់ប្រមាណ១៤ពាន់លានដុល្លារគិតត្រឹមខែសីហាកន្លងទៅនេះ គឺបានបានកើនឡើងពីកម្រិតចំនួនជាង ១២ពាន់លានដុល្លារគិតនៅចុងឆ្នាំ២០២១។

ធនាគារ PBOC បានបន្ថែមថា តំបន់សាកល្បងទាំងនេះបានផ្តល់ការឧបត្ថម្ភធនជាប្រាក់យន់អេឡិចត្រូនិកជិត ៣០ ជុំនៅក្នុងឆ្នាំ២០២២ រួមទាំងការផ្ដល់ជូនប្រាក់ចំនួនជាង ៤លាន៥ សែនដុល្លារដែលជាសាច់ប្រាក់ឌីជីថលឥតគិតថ្លៃ នៅក្នុងទីក្រុងសៀងហៃកាលពីខែឧសភាផងដែរដើម្បីជំរុញការប្រើប្រាស់ប្រាក់យន់ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងលើកកម្ពស់ការកាត់បន្ថយជាតិកាបូននៅពេលធ្វើដំណើរផងដែរ។

ធនាគារកណ្តាលរបស់ចិននេះក៏បានចូលរួមនៅក្នុងការសាកល្បងឆ្លងដែនពហុរូបិយបណ្ណឌីជីថលនៃធនាគារកណ្តាល (mCBDC) ដែលបានបង្កើតឡើងដោយធនាគារនៃការទូទាត់អន្តរជាតិ និងបានធ្វើការសាកល្បង ដើម្បីភ្ជាប់ជាមួយប្រព័ន្ធទូទាត់ឌីជីថលក្នុងស្រុករបស់ទីក្រុងហុងកុងផងដែរ។

កន្លងមក ប្រទេសអាស៊ានមួយចំនួនដូចជា ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏មានការទូទាត់ប្រាក់ឌីជីលនេះ ជាមួយនឹងប្រទេសចិនដែរ។

បើតាមធនាគារកណ្ដាលចិន រហូតមកដល់ពេលនេះ ប្រពន្ធប្រាក់យន់ឌីជីល នេះត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការទូទាត់ថ្លៃលក់រាយក្នុងស្រុក ប៉ុន្តែវានឹងត្រូវបានផ្សព្វផ្សាយបន្តបន្ទាប់ទៀតសម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្មសាជីវកម្ម និងផ្ទាល់ខ្លួនក៏ដូចជានៅក្នុងផ្នែកហិរញ្ញវត្ថុ ពន្ធដារ និងកិច្ចការរដ្ឋាភិបាលផងដែរ។

ធនាគារនេះក៏បានប្តេជ្ញាចិត្តដែរថានឹងតភ្ជាប់ប្រព័ន្ធរូបិយបណ្ណឌីជីថលនេះ ទៅនឹងប្រព័ន្ធទូទាត់ឌីជីថលចាស់វស្សានៅក្នុងប្រទេសចិន ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alipay របស់អាលីបាបា និងក្រុមហ៊ុន WeChat Pay របស់ Tencent ជាដើម ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់និងពាណិជ្ជករនៅក្នុងពេលអនាគត៕