Alynana Media Cambodia
Icon Collap
clinic narit

ចាប់តាំងពី​ខែ​កញ្ញាមកតម្លៃ​ទំនិញ​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត

Admin Alynana | Oct 15, 2022
ចាប់តាំងពី​ខែ​កញ្ញាមកតម្លៃ​ទំនិញ​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត
Clinic narith

តម្លៃ​ទំនិញ​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែ​កញ្ញា បាន​កើនឡើង​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត ចាប់តាំងពី​ខែ​មេសា ឆ្នាំ​ ២០២០​។ ការកើនឡើង​នៃ​អតិផរណា​នេះ មាន​មួយ​ចំណែក​ធំ​បណ្តាល​មកពី​ការ​ឡើងថ្លៃ​ម្ហូបអាហារ​។ សន្ទស្សន៍​តម្លៃ​ទំនិញ​នា​ពេលនេះ បង្ហាញ​ពី​វិសាលភាព​នៃ​គោលនយោបាយ​ចាំបាច់​បន្ថែម ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ ដោយសារ​វិធានការ​រឹតត្បិត​កូវីដ​ ១៩ និង​ការធ្លាក់ចុះ​នៃ​វិស័យ​អចលនទ្រព្យ​។

សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​ (CPI) ឬ​អតិផរណា នៅក្នុង​ខែកញ្ញា​បាន​កើនឡើង ២,៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន និង​បាន​កើនឡើង​ពី ២,៥ ​ភាគរយ​ក្នុង​ខែសីហា​។ នេះ​បើតាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) នៅ​ថ្ងៃ​សុក្រ ទី​ ១៤ ខែ​តុលា ដែល​ទិន្នន័យ​នេះ​គឺ​ដូចគ្នា​នឹង​ការ​ព្យាករ​តាមរយៈ​ការស្ទង់មតិ​របស់​សារព័ត៌មាន Reuters​។

អតិផរណា​បាន​កើនឡើង​ដោយសារ​តម្លៃ​ម្ហូបអាហារ​បាន​កើនឡើង​ប្រមាណ ៨,៨ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​បាន​កើនឡើង​ពី ៦,១ ​ភាគរយ​ក្នុង​ខែ​សីហា​។ ចំពោះ​តម្លៃ​សាច់ជ្រូក​បាន​ហក់​ឡើង ៣៦ ​ភាគរយ ពី​តួលេខ ២២,៤ ​ភាគរយ​កាលពី​ខែ​សីហា​។ ចំណែក​ឯ​តម្លៃ​បន្លែ​វិញ​បាន​កើនឡើង​ ១២,១ ​ភាគរយ បន្ទាប់ពី​ការកើនឡើង ៦ ​ភាគរយ​កាលពី​ខែ​សីហា​។

ចំណែក​អតិផរណា​ស្នូល​ដែល​មិន​រាប់បញ្ចូល​តម្លៃ​អាហារ និង​ថាមពល​ដែល​កំពុង​ប្រែប្រួល គឺ​មាន​តែ ០,៦ ​ភាគរយ​ដែល​ធៀប​នឹង​ខែ​សីហា​មាន ០,៨ ​ភាគរយ​។ សន្ទស្សន៍​តម្លៃ​អ្នក​ផលិត (PPI) បាន​កើនឡើង​ក្នុង​ល្បឿន​យឺត​បំផុត​ចាប់តាំងពី​ខែ​មករា ឆ្នាំ​ ២០២១ ពោលគឺ​កើនឡើង ០,៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ខែ​សីហា​វា​មាន​កំណើន ២,៣ ​ភាគរយ​។

អ្នកជំនាញ​រំពឹងទុក​ថា​អត្រា​អតិផរណា​អ្នក​ផលិត​នឹង​ថយចុះ​វិញ​ច្រើន ដោយសារតែ​ការថយចុះ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​។

 

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក មាន​សន្ទុះ​តិចតួច​ក្នុង​ខែ​មិថុនា ហើយ​បាន​ជួប​ការលំបាក​ក្នុងការ​ទាញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ ដោយសារ​មាន​វិធានការ​រឹតត្បិត​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បូករួម​នឹង​ការធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ និង​ការនាំចេញ​។

គិត​ត្រឹម​ថ្ងៃទី​ ១០ ខែ​តុលា ទីក្រុង​ចំនួន ៣៦ ​នៅក្នុង​ប្រទេស​ចិន ដែលមាន​ប្រជាជន​ប្រមាណ​ជិត ១៤ ​ភាគរយ​នៃ​ប្រជាជន​សរុប និង​មាន GDP ស្មើនឹង ១៩,៧ ​ភាគរយ បាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​កូវីដ​ ១៩ ឬក៏​ការ​រឹតបន្តឹង​មួយ​ចំនួន ដើម្បី​បន្ថយ​ការឆ្លង​ជំងឺ​នេះ​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF កាលពី​ថ្ងៃ​អង្គារ ទី​ ១១ ខែ​តុលា បាន​កាត់បន្ថយ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ចិន​នា​ឆ្នាំ​ ២០២២ មក​ត្រឹមតែ ៣,២​ ភាគរយ​ប៉ុណ្ណោះ ខណៈ​នៅ​ឆ្នាំ​ ២០២៣ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករ​ថា ចិន​នឹងមាន​កំណើន​សេដ្ឋកិច្ច ៤,៤ ​ភាគរយ​៕