Alynana Media Cambodia
Icon Collap
clinic narit

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតជាង ៦ពាន់នាក់

Admin Alynana | Oct 17, 2022
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតជាង ៦ពាន់នាក់
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយការជម្នះការលំបាក និងឧបសគ្គជាច្រើន។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន៖ និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ របាយការណ៍បានបង្ហាញថា និស្សិតជ័យលាភីនេះសុទ្ធតែមានការងារធ្វើ និងប្រមាណ ១០ភាគរយនៃនិស្សិតថ្នាក់បរិញ្ញាបត្រមានអាជីវកម្មខ្លួនឯង។

សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមួយ ដែលមានអាយុចំណាស់ ហើយបានចូលរួមអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រង មានចំនួនសរុប ៥៦,៣២៦នាក់ នារី ២៥,២៨០នាក់ ត្រូវជា ៤៤.៨ភាគរយ។ អតីតនិស្សិតទាំងនោះ បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ, វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់, មានឧត្តមភាព, សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។

លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា បច្ចុប្បន្ន សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលសនិស្សិតសរុប ១៣,៥២០នាក់ នារី ៨,៤៧៩ នាក់ត្រូវជា ៦២.៧ ភាគរយ លើមុខជំនាញចំនួន២៣ ចែកចេញជា៣កម្រិត រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

លោកបណ្ឌិតសភារចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងផងដែរថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស សាកលវិទ្យាល័យជាតិគ្រប់គ្រង បាននិងកំពុង ពិនិត្យវាយតម្លៃនូវសមិទ្ធផលការងារដែលសម្រេចបាន និងចំណុចកែលម្អ ដើម្បីកសាងផែនការយុទ្ធសាស្រ្តជំហានទី៣ (២០២៤-២០២៨) ដោយផ្តោត៖ (១) ពង្រឹង និងពង្រីកគុណភាព បណ្តុះបណ្តាលស្របតាមនិន្នាការថ្មីនៃទីផ្សារពលកម្មឧស្សាហកម្ម៤.០, (២) លើកកម្ពស់សកម្មភាពស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ, (៣) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ ក្នុងកិច្ចការបណ្តុះបណ្តាល, និង(៤)លើកកម្ពស់អភិបាលកិច្ចល្អ។

ជាមួយគ្នានេះសាកលវិទ្យាល័យ ក៏បានកែសម្រួលកម្មវិធីបណ្តុះបណ្តាល ឱ្យឆ្លើយតបពេញលេញតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងបានអភិវឌ្ឍកម្មវិធីសិក្សាជំនាញថ្មីៗបន្ថែម សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឱ្យមាន សញ្ញាបត្រទ្វេ (Dual program) ជាមួយសាកលវិទ្យាល័យដៃគូ ដែលសិក្សាជាភាសាអង់គ្លេស។

ជាពិសេសនាពេលថ្មីៗនេះ សាកលវិទ្យាល័យទើបតែអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល និងបំពាក់ សម្ភារៈរូបវន្តប្រកបដោយបច្ចេកវិទ្យាទំនើប ជាទម្រង់ Digital Platform ដើម្បីបម្រើដល់ការបំពេញការងាររបស់បុគ្គលិក, ការសិក្សាស្រាវជ្រាវ, ការបង្រៀន និងការរៀនរបស់សាស្រ្តាចារ្យ និងនិស្សិត សំដៅឆ្លើយតបការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទឧស្សាហកម្ម៤.០ និងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ជាមោទនភាពរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាមុខមាត់របស់កម្ពុជា ដោយសាកលវិទ្យាល័យត្រូវបានគណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក (The Word’s University with Real Impact Ranking) បានសម្រេចផ្តល់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យមានលំដាប់ខ្ពស់ ក្នុងចំណោមសាកលវិទ្យាល័យល្បីៗ លើពិភពលោក ក្នុងកម្មវិធីសិក្សា នារយៈពេល២ឆ្នាំជាប់ៗគ្នានេះ គឺឆ្នាំ២០២១ និងឆ្នាំ២០២២ ក្នុងនោះរួមមាន៖ ១) កម្មវិធីបណ្តុះសហគ្រិនភាព, ២) កម្មវិធីបណ្ដុះតម្លៃសីលធម៌សង្គម, ៣) កម្មវិធីគ្រប់គ្រងពេលមានវិបត្តិ, ៤) កម្មវិធីសិក្សាសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលបដិវត្តឧស្សាហកម្ម៤.០, និង៥)កម្មវិធីផ្លាស់ប្តូរការសិក្សានិស្សិត ដែលបាន និងកំពុងផ្តល់នូវគុណវិស័យ និងនវានុវត្តន៍ខ្ពស់ យ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស។
ដោយឡែកសាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយសាកលវិទ្យាល័យដៃគូជាច្រើន ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យ លើការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យកំពុងពង្រីកសាខាថ្មីមួយបន្ថែមទៀត នៅលើទីតាំងវាលស្បូវ ទំហំ ០៦ហិកតា ដែលបានទទួលពីក្រសួងអប់រំ យុវជន និងកីឡា។ ទីតាំងនេះគ្រោងនឹងបើកទទួលនិស្សិតចុះឈ្មោះសិក្សាជំនាញសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល និងជំនាញថ្មីៗបន្ថែមទៀត នៅឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខនេះ ដោយសារ ជំនាញសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ត្រូវបានបង្កើតឡើងស្របគ្នាទៅនឹងនិន្នាការនៃបដិវត្តឧស្សាហកម្ម៤.០ ក្នុងឆ្នាំ២០១៩ និងមកដល់បច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍ពីយុវជន និងនិស្សិតជាច្រើន៕