(កៀវ)៖ សហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដោយចាត់ទុកថាការវាយប្រហារដោយយន្ដហោះដ្រូនអត្តឃាតរបស់រុស្ស៉ី គឺជាឧក្រិដ្ឋកម្មសង្រ្គាម តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងមូស្គូ បើកការវាយប្រហារយន្ដហោះដ្រូនអត្តឃាតលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ផ្ដាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ ក្នុងអគារអាផាតធឺមិនមួយ ក្នុងទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ ព្យែរ (Karine Jean-Pierre) បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់រុស្ស៉ី ហើយដែលការវាយប្រហារបែបនេះកំពុងបន្តបង្ហាញពី ភាពឃោរឃៅរបស់លោក ពូទីន។ យើងនឹងបន្តឈរនៅជាមួយប្រជាជនអ៊ុយក្រែន...ហើយយើងនឹងបន្តដាក់ទណ្ឌកម្មលើរុស្ស៉ី និងឱ្យពួកគេទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្រ្គាម»។
គួរបញ្ជាក់ថា នេះគឺជាការវាយប្រហាររបស់រុស្ស៉ីជាលើកទី២ហើយ លើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងទីក្រុងកៀវក្នុងរយៈពេលមួយ សប្ដាហ៍ ដោយកាលពីថ្ងៃចន្ទសប្ដាហ៍មុន រុស្ស៉ីបានបាញ់ស្រោចមីស៊ីលលើអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោច១៩នាក់។ គួរឱ្យកត់សម្គាល់ការវាយប្រហារ ទាំង២លើកនេះធ្វើឡើងនៅពេលព្រឹកដើមសប្ដាហ៍ថ្ងៃចន្ទ ពោលគឺចំពេលប្រជាជនអ៊ុយក្រែននាំគ្នាចេញទៅធ្វើការ និងទៅសាលារៀន៕