(ខេត្តព្រះសីហនុ)៖ ឯកឧត្តម សុខ គាង រដ្ឋលេខាធិកាក្រសួងបរិស្ថានទទួលបន្ទុកការងារបរិស្ថានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងការបេីកវគ្គបណ្តុះបណ្តាល ស្តីពីសុវតិ្តភាពចរាចរណ៍ និងបដិសណ្ឋារកិច្ច ជូនអ្នកប្រកបរបររ៉ូម៉កកង់បី ដែលបាន ប្រព្រឹត្តទៅនៅក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ឋ និងបងប្អូនជាអ្នកប្រកបរ៉ូម៉កកង់បីជាច្រើនរូប ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដោយផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងកត្តាមនុស្ស កត្តាច្បាប់ និងសីលធម៌ ក្នុងន័យជំរុញការពង្រឹងមនិសិការ វិជ្ជាជីវៈ ភាពជាពលរដ្ឋ និងការគោរពច្បាប់ ដោយ តម្កល់ស្មារតីលេីកកម្ពស់តម្លៃវប្បធម៌ជាតិ កិត្យានុភាពជាតិតាមរយៈតួនាទី និងមុខរបរជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនសំដៅរួមគ្នាប្រែក្លាយខេត្ត ព្រះសីហនុឪ្យទៅជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់របស់ជាតិជាពិសេសការកសាងខេត្តព្រះសីហនុ ឪ្យទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។ឯកឧត្ដម ចង់ឃើញអ្នកប្រកបមុខរបរកង់បីទាំងអស់ដេីរតួជាពលរដ្ឋល្អ ជាអ្នកផ្តល់សេវាល្អ និងជាឃោសនិកឆ្នេីម ដែលជួយលេីកមុខលេីកមាត់ខេត្តព្រះសីហនុ តាមរយ:ការគោរពច្បាប់ចរាចរណ៍ សីលធម៌វិជ្ជាជីវ: និងការកម្ពស់តម្លៃវប្បធម៌ជាតិ ។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមជាវាគ្មិនកិត្តិយសពីតំណាងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ មកចែករំលែកចំណេះដឹង និថការអនុវត្តច្បាប់លើប្រធានបទ ១-ក្រមសីលធម៌នៃការបើកបរ និងច្បាប់ចរាចរណ៍ ២-បដិសណ្ឋារកិច្ចល្អ និង៣-អនាម័យបរិស្ថាន។