Alynana Media Cambodia
Icon Collap
clinic narit

បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាបញ្ហាប្រឈមរបស់កសិករ ដែលប្រកបរបរកសិកម្ម

Admin Alynana | Oct 19, 2022
បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាបញ្ហាប្រឈមរបស់កសិករ ដែលប្រកបរបរកសិកម្ម
Clinic narith

បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាបញ្ហាប្រឈមរបស់កសិករ ដែលប្រកបរបរកសិកម្ម និងបានជំរុញឲ្យកសិករត្រូវចំណាយខ្ពស់លើថ្លៃដើមផលិត ក៏ប៉ុន្តែតម្លៃទីផ្សារកសិផលមួយចំនួនបែរជាធ្លាក់ចុះ នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ។ អ្នកជំនាញផ្នែកជីថ្នាំកសិកម្ម អះអាងថា តម្រូវការប្រើប្រាស់ជី និងថ្នាំកសិកម្ម របស់កសិករហាក់មានការថយចុះច្រើនគួរឲ្យកត់សម្គាល់ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែកសិករត្រូវកាត់បន្ថយការចំណាយច្រើនលើថ្លៃដើមផលិត។

បើតាមរបាយការណ៍​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បង្ហាញថា ការនាំចូលជីកសិកម្មរបស់កម្ពុជានៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានទំហំទឹកប្រាស់ប្រមាណ ២រយលានដុល្លារ ធ្លាក់ចុះប្រមាណជិត ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហួរ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំ​កសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ថា តម្រូវការប្រើប្រាស់ជី និងថ្នាំកសិកម្ម របស់ប្រជាកសិករ នៅរយៈពេលប៉ុន្មានខែ​ចុងក្រោយនេះ ហាក់មានការថយចុះខ្លាំងគួរឲ្យ​កត់សម្គាល់ ដោយសារតែកសិផលរបស់កសិករដែលទទួលបាន មិនសូវមានទីផ្សារល្អប្រសើរនៅឡើយ ធ្វើឲ្យពួកគាត់បាត់បង់កម្លាំងចិត្តបន្តធ្វើកសិកម្មបន្តទៀត និងធ្វើឲ្យពួកគាត់ត្រូវកាត់បន្ថយការចំណាយច្រើនលើថ្លៃដើមផលិត ពិសេសការប្រើប្រាស់ជីនេះតែម្ដង។ លោក ហួរ ធីនាង បានបន្តថា ដោយសារតែតម្រូវការបញ្ជាទិញរបស់កសិករថយចុះខ្លាំង ដូចនេះហើយ ការនាំចូល ជី និងថ្នាំកសិកម្ម របស់ក្រុមហ៊ុនលោក ក៏មានការកាត់បន្ថយទៅតាមនោះដែរ ជាក់ស្តែង ក្រុមហ៊ុន​អង្គរហ្គ្រីន មានការកាត់បន្ថយការនាំចូលជីថ្នាំកសិកម្ម​រហូតដល់ប្រមាណ ៥០% ឯណោះ គួបផ្សំនឹងនៅមានការសល់ ជី និងថ្នាំកសិកម្មច្រើន ដែលបានស្តុកទុកកាលពីដើមឆ្នាំផងដែរ។ តម្លៃជីកសិកម្មមានការកើនឡើងជាបន្តបន្ទាប់​ចាប់តាំងពីមានការផ្ទុះសង្គ្រាម​កើតឡើង​នៅប្រទេសអ៊ុយក្រែនមក ប៉ុន្ដែបើតាមលោក ហួរ ធីនាង តម្លៃជី និងថ្នាំកសិកម្ម នៅប៉ុន្មានខុងក្រោយនេះ ​មានតម្លៃហាក់នៅថេរ ពោលគឺមិនមានការឡើងចុះច្រើនគួរឲ្យកត់សម្គាល់នោះទេ។

ជាមួយគ្នានេះដែរ បើតាម លោក វន ដេវីដ កសិករដាំម្រេច​ម្នាក់នៅខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា តម្លៃជី និងថ្នាំកសិកម្ម​នាពេលបច្ចុប្បន្ននៅតែមានតម្លៃខ្ពស់ ហើយតម្លៃជី និងថ្នាំកសិកម្មឡើងថ្លៃនេះដែរ គឺនៅតែជាបញ្ហាប្រឈមមួយសម្រាប់រូបលោក និងប្រជាកសិករដទៃទៀត ស្របពេលដែលទីផ្សារកសិផលដែលទទួលបាន អាចលក់ចេញបាន​ក្នុងតម្លៃទាបប៉ុណ្ណោះ ដែលមិនសមស្របទៅនឹងថ្លៃដើមដែលបានចំណាយ ជាក់ស្តែងទាំងតម្លៃជី ប្រេងឥន្ទនៈ និងកម្លាំងពលកម្មជាដើម សុទ្ធតែមានការឡើងថ្លៃ។

លោក វន ដេវីដ បានបញ្ជាក់បន្ថែមថា នៅពេលដែលតម្លៃជី និងថ្នាំកសិកម្មមានតម្លៃខ្ពស់បែបនេះ ក្នុងចម្ការម្រេចរបស់លោក ក៏បានកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំកសិកម្មមួយចំនួនផងដែរ ដើម្បីកាត់បន្ថយនូវការចំណាយថ្លៃដើមច្រើន។ លោក វន ដេវីដ អះអាងថា គឺលោកប្រើប្រាស់តែទៅលើអ្វីដែលចាំបាច់ប៉ុណ្ណោះ ហើយអ្វីដែលអាចកាត់បន្ថយបានគឺកាត់បន្ថយតែម្តង ដូចជាពីមុនទូទៅ ត្រូវការបាញ់ជីនិងថ្នាំបំប៉ន ប្រមាណ ៣ទៅ៤ដង កាត់បន្ថយមកនៅត្រឹមតែ ២ដងប៉ុណ្ណោះ ប៉ុន្តែ គេមិនអាចមិនប្រើប្រាស់ជី និងថ្នាំកសិកម្មទាំងស្រុងនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ទិន្នផល។

សូមបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការនាំចូលជីកសិកម្មរបស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ២រយលានដុល្លារ ធ្លាក់ចុះជិត ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា៕