នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍ធំៗបំផុតរបស់ប្រទេសចិនមួយចំនួន កំពុងរៀបចំផែនការបង្កើនជើងហោះហើរអន្តរជាតិបន្ថែមទៀត ដែលជាសញ្ញាមួយបង្ហាញថារដ្ឋាភិបាលចិនជ្រាបដឹងពីភាពឯកោ ដែលកំពុងតែកើនឡើងរបស់ប្រទេសនេះ ខណៈដែលប្រទេសចិននៅតែបន្តវិធានការបិទខ្ទប់ និងការធ្វើតេស្តទ្រង់ទ្រាយធំក្រោមគោលនយោបាយគ្មានជំងឺកូវីដរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗ។
ក្រុមហ៊ុនអាកាសចរណ៍ចិន ឆាយណា អ៊ីស្ទើន (China Eastern) ដែលរងការរឹតបន្តឹងយ៉ាងខ្លាំងដោយវិធានការបិទខ្ទប់ប្រឆាំងនឹងកូវីដ១៩នៅទីក្រុងសៀងហៃនោះ នឹងដំណើរការជើងហោះហើរអន្តរជាតិដល់ចំនួន ១០៨ ជើងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែតុលានៅលើផ្លូវហោះហើរចំនួន ៤២ រួមទាំង ផ្លូវធ្វើហោះហើរទៅកាន់ទីក្រុងតូក្យូ សេអ៊ូល និងឌូបៃផងដែរ ពោលគឺកើនឡើងពីចំនួន ៥៤ ជើងហោះហើរ និងកើនឡើងពីផ្លូវហោះហើរចំនួន ២៥ ផ្លូវដែលកំពុងប្រតិបត្តិការបច្ចុប្បន្ន។ នេះបើយោងតាមការប្រកាសនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ក្រុមហ៊ុន China Eastern។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតរបស់ប្រទេសចិនគិតតាមបរិមាណអ្នកដំណើរនោះ ក៏នឹងបន្តសេវាកម្មរបស់ខ្លួនទៅកាន់ទីក្រុងតូក្យូ ហ្សាការតា ឌូបៃ ម៉ានីល និងបាងកកនៅក្នុងចំណោមគោលដៅផ្សេងទៀតនៅចុងខែនេះផងដែរ។
រីឯ ក្រុមហ៊ុនអាកាសចរណ៍ Air Chinaវិញ បានបន្តសេវាកម្មរបស់ខ្លួនឡើងវិញ នៅចុងខែកញ្ញាពីទីក្រុងនានារបស់ចិនឆ្ពោះទៅកាន់ទីក្រុងម៉ានីល ហ្សាការតា តូក្យូ អាថែន វ៉ាន់ខូវើ និងឡូសអេនជឺលេស។ ដូចគ្នានោះដែរក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ Weibo កាលពីថ្ងៃទី១៥ ខែតុលាថា ក្រុមហ៊ុននេះនឹងបន្ថែមជើងហោះហើរប្រចាំសប្តាហ៍ទីពីររវាងទីក្រុងឆុងឈីង (Chongqing) និងទីក្រុងរ៉ូម (Rome) ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកាតទៅ។
ទោះជា វិធានការគ្មានកូវីដ១៩ ដ៏តឹងតែងបានបង្កឲ្យមានការខូចខាតដល់ប្រទេសចិនក៏ដោយ ក៏លោកប្រធានាធិបតី ស៊ី ជីនពីង នៅតែនិយាយការពារយ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយនេះ ហើយលោកក៏មិនបានកំណត់ពេលវេលាសម្រាប់ប្រទេសចិនក្នុងការធ្វើដូចប្រទេសផ្សេងទៀត ក្នុងការរស់នៅជាមួយកូវីដ១៩នោះដែរ ដ្បិតថា លោកបានសាទរយុទ្ធសាស្ត្ររបស់លោកក្នុងការជួយស្រោចស្រង់ជីវិតប្រជាជនចិន។ ទោះជាយ៉ាងណា រលករុញច្រានប្រឆាំងនឹងវិធានការដ៏តឹងរ៉ឹងនេះ ហាក់ដូចជាកំពុងកើនឡើងជាពិសេសនៅតាមទីក្រុងធំៗនៅពេលដែលអាជ្ញាធរបន្តដាក់វិធានការបិទខ្ទប់ និងការធ្វើតេស្តជាកាតព្វកិច្ចលើមនុស្សរាប់លាននាក់។
កាលពីខែមិថុនាប្រទេសចិនបានកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័កនៅសណ្ឋាគារសម្រាប់អ្នកដំណើរពីក្រៅប្រទេសទៅដល់ចិនមកនៅត្រឹមតែ៧ថ្ងៃវិញ ហើយនិយតករអាកាសចរណ៍បាននិយាយនៅខែបន្ទាប់មកទៀតថា ជើងហោះហើរអន្តរជាតិគួរតែត្រូវបានបន្តឡើងវិញក្នុងលក្ខណៈសុវត្ថិភាព និងសណ្តាប់ធ្នាប់។
ផលប៉ះពាល់នៃការអនុវត្តគោលនយោបាយគ្មានកូវីដរបស់បុរសខ្លាំង ស៊ី ជីនពីង ក៏បានកំពុងបង្ហាញឲ្យឃើញពីភាពអសកម្មកាន់តែខ្លាំងក្នុងវិស័យសេដ្ឋកិច្ច ដោយមូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនទំនងជានឹងថយមកនៅត្រឹម ៣,២% នៅឆ្នាំនេះ ដែលទាបជាងគោលដៅកំណត់ ៥,៥% របស់រដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្រោយពីមានដំណឹងអំពីការបង្កើនជើងហោះហើរទៅអន្តរជាតិនេះ ផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern បានកើនឡើងដល់ទៅ ៣,៦% នៅក្នុងទីក្រុងហុងកុងនៅថ្ងៃទី ១៨ តុលានេះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ China Eastern បានកើនឡើងដល់ទៅ ៥,៦% ហើយក្រុមហ៊ុន Air China បានកើនឡើង ៥,១%។ អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងបានកើនឡើង ៣,១%ផងដែរ។
បើតាមអ្នកផ្តល់ទិន្នន័យ VariFlight ជើងហោះហើរទាំងក្នុងនិងក្រៅប្រទេសចិននៅពេលនេះមានប្រហែល ៩៥% គឺស្ថិតនៅក្រោមកម្រិតកាលពីមុនពេលកូវីដ១៩នៅឡើយ៕