(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងចុះហត្ថលេខា លើកលែងទោសចំពោះបុគ្គលណាក៏ដោយ ដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិ បីជំនាន់ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមនេះឲ្យខាងតែបាន។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនា បំផ្លិតបំផ្លាញសុខសន្តិភាព។
សម្តេចបន្តថា ពេលនេះប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពហើយនៅមានអ្នកអង្គុយចាំជេរ និងរិះគន់រហូតថា ការដឹកនាំរបស់សម្តេច អស់រយៈពេលជាង៤០ឆ្នាំមកនេះ ធ្វើឲ្យពលរដ្ឋក្រលំបាក គ្មានភាពរីកចម្រើន និងគ្មានអភិវឌ្ឍន៍អ្វីទាល់តែសោះ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា ប្រសិនបើគណបក្សនយោបាយណាក៏ដោយ ដែលហ៊ានភ្ជាប់ខ្លួននឹងទណ្ឌិតសម រង្ស៊ី ដែលជាជនក្បត់ជាតិ បីជំនាន់នេះ សម្តេចនឹងប្តឹងទៅតុលាការឲ្យរំលាយគណបក្សនោះចោលភ្លាម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះប្រទេសកម្ពុជាកំពុង មានសុខសន្តិភាព ហើយសេក្តីសុខរបស់ប្រជាពលរដ្ឋនេះគឺសំខាន់ខ្លាំងណាស់ ដូច្នេះមនុស្សម្នាក់ចង់មកបំផ្លាញ គឺមិនអាចទៅរួចនោះឡើយ ដូច្នេះត្រូវតែកំចាត់ចោលភ្លាមៗតែម្តង៕