មេដឹកនាំវៀតណាម បានបង្ហាញទំនុកចិត្តចំពោះកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះថា នឹងកើនឡើងលើសការរំពឹងទុក ហើយជាកម្រិតកំណើនលឿនជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវៀតណាមក៏អាចនឹងបន្តរក្សាតំណែងនេះដល់ឆ្នាំក្រោយទៀតផងដែរ ខណៈដែលប្រទេសមួយនេះ បានងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការដំណើរការសេដ្ឋកិច្ចយ៉ាងល្អប្រសើរ។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post។
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងក្នុងកិច្ចប្រជុំសភាមួយថា ផលិតផលក្នុងស្រុកសរុប GDP នឹងកើនឡើងដល់ ៨% ក្នុងឆ្នាំ២០២២ ពោលគឺខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាល ដែលកំណត់ត្រឹមពី ៦ ដល់ ៦,៥%ទៅទៀត។
សម្រាប់ឆ្នាំ២០២៣ រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,៥%។ បើទោះវាទាបជាងឆ្នាំនេះក៏ដោយ ប៉ុន្តែលោក Pham Minh Chinh បានហៅការកំណត់គោលដៅនេះថា គឺសមហេតុសមផល នោះក៏ដោយសារតែសេដ្ឋកិច្ចវៀតណាម នឹងត្រូវប្រឈមផលវិបាកជាច្រើនដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចសាកល ដូចជា អតិផរណា ការកើនឡើងតម្លៃប្រេងសាំង និងវត្ថុធាតុដើម ព្រមទាំងទីផ្សារនាំចេញរបស់វៀតណាមនៅតូចចង្អៀត។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះអះអាងថា នៅចុងឆ្នាំនេះ និងឆ្នាំក្រោយ រដ្ឋាភិបាលលោកនឹងបន្តផ្តល់អាទិភាពលើការរក្សាលំនឹងអតិផរណា ខណៈឆ្នាំ២០២៣ អត្រាអតិផរណានឹងកើនឡើងដល់ ៤,៥% បើប្រៀបធៀបនឹងឆ្នាំនេះមាន ៤%។
កាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា OECD បានបង្ហាញការព្យាកររបស់ខ្លួនថា កំណើនសេដ្ឋកិច្ចវៀតណាម នឹងឡើងដល់រង្វង់ ៦% នៅឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ ដោយសារតែប្រទេសមួយនេះ អាចគេចផុតពីវិបត្តិដែលបណ្តាលមកពីកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express News។
អង្គការ OECD បានចាត់ទុកថា វៀតណាមជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសតិចតួចនៅលើពិភពលោក ដែលអាចគ្រប់គ្រងកូវីដ-១៩បានល្អប្រសើរ។ អង្គការនេះក៏បានកត់សម្គាល់ដែរថា បើទោះបីជា អតិផរណាសាកល កំពុងកើនឡើងដោយសារតែការឡើងថ្លៃស្បៀងអាហារ និងថាមពលក្តី ក៏វៀតណាមនៅតែអាចគ្រប់គ្រង ពោលគឺអត្រាអតិផរណាវៀតណាម មានកម្រិតទាបជាងគេនៃបណ្តាប្រទេសជាសមាជិក OECDផ្សេងទៀត។
អង្គការដដែលនេះបង្ហាញឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំនៃការផ្ទុះកូវីដ-១៩ដ៏ខ្លាំងគឺឆ្នាំ២០២០ និង ២០២១ សេដ្ឋកិច្ចវៀតណាមនៅតែបន្តកើនឡើងជាង ២,៩% និងជិត ២,៦%។ យ៉ាងណាមិញ ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២២នេះ សេដ្ឋកិច្ចវៀតណាមបានងើបឡើងវិញលឿនជាងការរំពឹងទុកគឺខ្ទង់ ២,៤% ដោយសារតែកំណើនក្នុងឧស្សាហកម្មផលិត និងសេវាកម្ម៕